យ៉ាងតិចមនុស្ស 17 នាក់ស្លាប់ និងរាប់ពាន់នាក់ ផ្លាស់ទីលំនៅ បន្ទាប់ពីទឹកជំនន់នៅឥណ្ឌូនេស៊ី

0
104

អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 17 នាក់បានស្លាប់ និង 9 នាក់ទៀត បាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីនៅលើកោះ ស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល 12.000នាក់ ត្រូវបានជម្លៀស ខណៈដែលអគាររាប់រយ ស្ពាន និងផ្លូវថ្នល់រាប់រយ ត្រូវបានរងការខូចខាត ប៉ះពាល់ដល់ស្រុក ឬខណ្ឌចំនួន 9 នៅទូទាំងខេត្ត Bengkulu ។ ទឹកបានថយចុះនៅកន្លែងខ្លះ ប៉ុន្តែក្រុមមន្ត្រីបានព្រមានពីទំហំនៃការខូចខាត ដែលមិនទាន់ដឹងនៅឡើយ ហើយតំបន់មួយចំនួន ត្រូវបានកាត់ផ្តាច់ ។ អ្នកនាំពាក្យលោក Sutopo Purwo Nugroho បាននិយាយថា៖ “ផលប៉ះពាល់នៃគ្រោះមហន្តរាយនេះ អាចនឹងកើនឡើង” ដោយបន្ថែមថា មនុស្សជាច្រើនបានរងរបួសនៅក្នុងគ្រោះទឹកជំនន់ ។ គាត់បាននិយាយថា “ការបាក់ដី និងទឹកជំនន់អាចកើតឡើងម្តងទៀត ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង” ។

ផ្ទះបាយសាធារណៈ និងជម្រកជម្លៀសត្រូវបានគេបង្កើតឡើង ដើម្បីបំពេញតម្រូវការមនុស្សប្រហែល 13.000នាក់ ដែលរងគ្រោះដោយសារទឹកជំនន់ ខណៈក្រុមរុករកនិងក្រុមជួយសង្គ្រោះ ព្យាយាមចូលទៅកាន់តំបន់ ដែលរងការវាយប្រហារ ដោយប្រើទូកកៅស៊ូ ។ លោក Nugroho បានថ្លែងថា៖ «ការចែកចាយជំនួយត្រូវបានរារាំង ដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ដោយទឹកជំនន់ និងការរអិលបាក់ដី»។ (AFP ថ្ងៃទី២៩ ខែមេសា)

Facebook Comments