អ៊ីរ៉ង់ ​គំរាម​ដក​ខ្លួន ​ចេញ​ពី​សន្ធិសញ្ញា ​មិនសាយភាយ​អាវុធនុយក្លេអ៊ែរ

0
79

អន្តរជាតិ៖ អ៊ីរ៉ង់​តាម​រយៈ​ប្រមុខ​ការទូត​លោក ​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ ទី២៨ ខែមេសា​ថា អ៊ីរ៉ង់​អាច​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​ ដែល​អាមេរិក​បាន​ដាក់​លើ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់ ។ ​

លោក​ ហ្សារីហ្វ បាននិយាយថា វិធានការ​នេះ​ជា​ជម្រើស​មួយ​ ក្នុង​ចំណោម​ជម្រើស​ផ្សេង​ទៀត ​ដែល​អ៊ីរ៉ង់​មាន​ក្នុង​ដៃ ។ ដោយឡែក មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ឧត្តមសេនីយ ​ម៉ូហាម៉ាដ បាកឺរី ​បាន​ព្រមាន​អាមេរិក​កុំ​ឲ្យ​លូកដៃចូល​ក្នុង​ច្រក​សមុទ្រ Ormuz និង​ថាបើ​អ៊ីរ៉ង់​មិន​អាច​ដឹកប្រេង​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ Ormuz ​បាន​ទេនោះ ក៏​គ្មាន​ប្រទេសណា​មួយ​អាច​ធ្វើ​បាន​ដែរ ។

អ៊ីរ៉ង់​ធ្លាប់​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​ សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ចុះ​ហត្ថលេខាកាលពី​ឆ្នាំ២០១៥ ។ តែ​ការ​គំរាម​ដក​ជា​ថ្មីនៅ​ពេល​នេះ គឺ​មក​ពី​ទីក្រុង ​តេហេរ៉ង់ មិន​អាច​ទ្រាំទ្រ​បាន​នឹង​គំនាប​កាន់​តែ​ខ្លាំង​ ពីទីក្រុង​វ៉ាស៊ីតោន ។

បន្ទាប់​ពី​បាន​សម្រេច​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ​ទៅ​ក្នុង​បញ្ជីខ្មៅ ​នៃ​ក្រុម​អង្គការ​ភេរវកម្មនិយម​កាល​ពី​ថ្ងៃទី៨ ខែមេសា​មក សេតវិមាន​បាន​បញ្ជាក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៤ ខែមេសា​ថា ក្រុម​ប្រទេស​ទាំង ៨ ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ នឹង​លែង​មាន​សិទ្ធិ​ទិញ​ចាប់​ពី​ថ្ងៃ​ទី២ ខែឧសភា​តទៅ ។

ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក ​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ ទី២៨ ខែមេសា​ថា អ៊ីរ៉ង់​កំពុង​ពិនិត្យមើល​លើ​វិធានការ​ផ្សេង​ទៀត ​ដើម្បី​ឆ្លើយ​តប​នឹង​អាមេរិក​វិញ ហើយ​ការ​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ​គ្រាន់​តែជា​ជម្រើស​មួយ​នៅ​ក្នុង​វិធានការ​ទាំង​នោះ ។ គួរ​បញ្ជាក់​ថា ​ក្នុង​ថ្ងៃ​ដែល​រដ្ឋបាល​អាមេរិក​សម្រេច​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​អង្គការ​ភេរវកម្មនិយម ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ​អ៊ីរ៉ង់ ​ក៏បាន​ប្រកាស​ចាត់​ទុក​ កម្លាំងទ័ព​អាមេរិក​ប្រចាំ​នៅ​តំបន់​មជ្ឈិមបូព៌ា ​អាហ្រ្វិក និង​នៅ​អាស៊ីកណ្តាល ​ថាជា​ក្រុម​ភេរវជន​វិញ​ដែរ ។ ដោយឡែក​នៅ​ថ្ងៃ​អាទិត្យ ទី២៧ ខែមេសា​ដដែល មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ ម៉ូហាម៉ាដ បាកឺរី ​បាន​សម្គាល់​ឃើញ​ពី​ឥរិយាបទ​មិន​ផ្លាស់ប្តូរ​របស់​កងទ័ព​អាមេរិក​នៅ​ក្នុង​តំបន់ ។ ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ ​បាន​ព្រមាន​ត្រង់ៗ​ថា នាវាសង្រ្គាម​អាមេរិក​ដែល​បើក​ឆ្លងកាត់​ដែនទឹក​នៅ​ឈូងសមុទ្រពែក្ស និង​ច្រកសមុទ្រ Ormuz ត្រូវ​តែ​ជូន​ដំណឹង​ដល់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ​ដែល​ជា​អ្នក​ធានា​សន្តិសុខ​នៅ​ទី​នោះ ។

គួរ​រម្លឹក​ថា ប្រមុខ​ការទូត​អ៊ីរ៉ង់ ​ធ្លាប់​បាន​ព្រមាន​អាមេរិក​ពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​អាមេរិក​ព្យាយាម​រារាំង​មិន​ឲ្យ​អ៊ីរ៉ង់​ប្រើ​ច្រកសមុទ្រ Ormuz នោះ ។ (AFP ថ្ងៃទី២៩ ខែមេសា)

Facebook Comments