​លោក អ៊ែរដូហ្កាន់ ដំឡើង​សម្លេង​ខ្លាំងៗ​ដាក់​លោក ​ម៉ាក្រុង ​ក្នុង​រឿង​ប្រល័យពូជសាសន៍​

126
Loading...

ប្រទេស​តួកគី​ បាន​ដំឡើង​សម្លេង​ខ្លាំងៗ​ជា​ថ្មី​ ដាក់​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី​កាល​ពី ១០៤ឆ្នាំ​មុន ។ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​គណបក្ស ​កាលពី​ថ្ងៃ​សៅរ៍ ទី២៧ ខែមេសា ប្រធានាធិបតី​តួកគី​លោក ​អ៊ែរដូហ្កាន់ ​មិន​ញញើត​នឹង​វាយប្រហារ​ត្រង់ៗ ​លើ​សមភាគី​បារាំង​លោក ​ម៉ាក្រុង នោះទេ ។

លោក ​អ៊ែរដូហ្កាន់ ​មិន​សប្បាយចិត្ត​នឹង​លោក ​ម៉ាក្រុង ​ដែល​បាន​សម្រេច​កំណត់​យក​ថ្ងៃទី២៤ ខែមេសា ​ជា​ទិវាជាតិ​ដើម្បី​ចូលរួម​រម្លឹក ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី ។ គួរ​រម្លឹក​ថា​កាលពី ១០៤ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​ជនជាតិ​អាមេនី​ពី ១ ២០០ ០០០នាក់ ទៅ ១ ៥០០ ០០០នាក់ ​ពី​សំណាក់​រដ្ឋអំណាច​តួកគី ។ តែ​តួកគី​បាននឹង​កំពុង​បន្ត​បដិសេធ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ​មក​ដល់​សព្វថ្ងៃ ។ នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ ​ដែល​ប្រធានាធិបតី​តួកគី​លោក ​អ៊ែរដូហ្កាន់ ​បាន​វាយប្រហារ​ដោយ​សម្តី​ខ្លាំងៗ​ ដាក់​ប្រធានាធិបតី​បារាំង​លោក ​ម៉ាក្រុង ដែលបាន « បញ្ជូន​សារ​ទៅ​កាន់​ប្រជាជន​អាមេនី​ចំនួន ៧០០ ០០០នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​បារាំង​ ។

លោក អ៊ែរដូហ្កាន់ ​ថែម​ទាំង​បាន​ប្រៀនប្រដៅ​លោក ​ម៉ាក្រុង ​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​គុណធម៌​ក្នុង​រឿង​នយោបាយ និង​ថាបើ​លោក ​ម៉ាក្រុង ​មិនមែន​ជា​មនុស្ស​របៀប​នេះ​ទេ នោះ​លោក ​ម៉ាក្រុង ​នឹង​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ។ លោក ​អ៊ែរដូហ្កាន់ ​បាន​បញ្ជាក់​ថា លោក​ក៏​ធ្លាប់​បាន​និយាយ​រឿង​ដដែល​នេះ​ប្រាប់​លោក ​ម៉ាក្រុង ​ដោយ​ផ្ទាល់​អស់ជា​ច្រើន​ដង​មក​ហើយ ។ ប្រតិកម្ម​ក្តៅក្រហាយ​របស់​លោក​អ៊ែរដូហ្កាន់ ​ពេល​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​លោក ​ម៉ាក្រុង​ បាន​សម្រេច​លើកទី១ ក្នុង​ឆ្នាំ២០១៩ ដោយ​កំណត់​យក​ថ្ងៃទី២៤ ខែមេសា​ ជា​ទិវាជាតិ​ដើម្បី​ចូលរួម​រម្លឹក ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី ។

ក្រៅ​ពី​បារាំង នៅ​មាន​ប្រទេស​ប្រមាណ​ចំនួន ៣០ និង​សហគម​អ្នកប្រវត្តិសាស្រ្ត​ក៏​បាន​ទទួល​ស្គាល់ និង​កំណត់​យក​ថ្ងៃ​ដូច​គ្នា​នេះ​ដែរ ។ តែ​តួកគី​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់ និង​មិន​ព្រម​ឲ្យ​ប្រើ​ពាក្យ « ប្រល័យ​ពូជសាសន៍ »។ (Reuters ថ្ងៃទី២៩ ខែមេសា)

Loading...