ប្រធានាធិបតីមហាយក្សចិន ផ្តល់លុយជិត ៩០លានដុល្លារ ជួយពង្រឹងវិស័យការពារជាតិកម្ពុជា (Video inside)

0
635

(ប៉េកាំង, ចិន)៖ ប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៦០០លានយន់ ស្មើនឹងប្រមាណជិត ៩០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យការពារជាតិកម្ពុជាឱ្យកាន់តែប្រសើរ។

មុននឹងបញ្ចប់ដំណើរបេសកកម្មនៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីចិន។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន បានលើកយកបញ្ហាជាច្រើនពាក់ព័ន្ធការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការពង្រឹងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធវិស័យការពារជាតិនេះ លោក កៅ គឹមហួន បានឱ្យដឹងថា លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រ និងគាំពារវិស័យការពារជាតិរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីការពារនូវបូរណភាព និងអធិបតេយ្យរបស់កម្ពុជា។

ដោយឡែកបញ្ហាធ្វើពាណិជ្ជរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីចិន បន្តជួយគាំទ្រដល់រោងចក្រសហគ្រាសរបស់ចិនប្រមាណ៧០០ ដែលកំពុងរកស៊ីនៅកម្ពុជាឱ្យបន្តរកស៊ីនៅកម្ពុជាបន្ថែមទៀត ហើយក៏បានស្នើឱ្យជំរុញអ្នកវិនិយោគថ្មីរបស់ចិនបន្ថែមទៀតចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអ៊ឺរ៉ុបគ្រោងនឹងដកពីប្រទេសកម្ពុជា។

Facebook Comments