កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា និងចិន

0
566

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នារយៈពេលប្រមាណជា ២៥នាទី។ ក្នុងជំនួបនេះ បានជជែកលើការងារជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។

បន្ទាប់ពីជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦រួមមាន៖

ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។

ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។ ចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើម «ខ្សែក្រ វ៉ាត់ និងផ្លូវ»។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក លីវ លានកី ប្រធានធនាគារចិន។

ទី៥៖ ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន។ ចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។

ទី៦៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិឌ្ឍអន្តរជាតិ របស់ប្រទេសចិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងធនាគាររបស់ចិន ក៏បានចុះហត្ថលេខាចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគាររបស់ចិន ជាមួយនឹងវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ឯកសារកិច្ចព្រមព្រៀងសំខាន់ៗទាំង៣នោះ ត្រូវចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ , លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា៕


Facebook Comments