ប្រជាពលរដ្ឋក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ជាង៩០០គ្រួសារ កំពុងខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង

0
541

ប្រជាពលរដ្ឋជាង៩០០គ្រួសារ រស់នៅក្នុងភូមិចំនួន៣ នៃឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប តែងតែជួបការលំបាកក្នុងរដូវប្រាំង ដោយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋក្នុងឃុំមួយនេះ។

លោក ងិ សុគា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោគចាន់ បាននិយាយថារូបលោក ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិដទៃទៀត ត្រូវទៅដឹកទឹកពីកន្លែងឆ្ងាយៗ ហើយត្រូវប្រឹងយួរប៊ីដុងដាក់ទឹកចំណុះ៣០លីត្រពីក្នុងស្រះឡើងមកផ្នែកខាងលើមាត់ស្រះ និងដោយសារប្រឹងដងទឹកខ្លាំងពេក បានធ្វើឲ្យលោកឈឺដើមទ្រូង មិនអាចចុះទៅដងទឹកពីក្នុងស្រះបានទៀតទេ ។

ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ចំរើន ធិ រស់នៅភូមិឱទ័យ បានឲ្យដឹងដែរថា ក្នុងភូមិរបស់អ្នកស្រី ក៏មានការខ្វះខាតទឹកប្រើប្រាស់ដែរ ហើយពេលត្រូវការប្រើទឹកម្តងៗ ត្រូវទៅដងនៅកន្លែងឆ្ងាយៗ ឬទិញទឹកពីគេ ហើយក្នុងភូមិសាស្រ្តនេះ ជាកន្លែងដែលខ្វះប្រភពទឹកក្រោមដី បើទោះជាពួកគាត់ចង់បុកអណ្តូងស្នប់ក៏ពុំមានលទ្ធភាពដែរ ព្រោះការបុកអណ្តូងស្នប់មួយត្រូវចំណាយថវិកាមិនក្រោម១.០០០ដុល្លានោះទេ ដូច្នេះអ្នកស្រី សំណូមពរដល់អាជ្ញាធរស្រុក ឬសប្បុរសជន សូមជួយបុកអណ្តូង ដើម្បីឲ្យពួកគាត់មានទឹកប្រើប្រាស់សម្រាប់ឆ្នាំក្រោយទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ភូ សំអាត អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា នៅក្នុងរដូវប្រាំងនេះ អាជ្ញាធរតែងតែចុះទៅស្រង់ស្ថិតិ អំពីស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋជាប្រចាំ ហើយចំពោះស្ថានភាពនៅឃុំល្វាក្រាំងនេះ ពលរដ្ឋនៅមានសេសសល់ទឹកអាចប្រើប្រាស់បាន ហើយការសុំឲ្យអាជ្ញាធរជួយបុកអណ្តូងនោះ អាជ្ញាធរមិនទាន់បានឃើញមានលិខិតស្នាមរបស់ប្រជាពលរដ្ឋស្នើសុំនៅឡើយទេ ប៉ុន្តែប្រសិនបើមានជំនួយជាអណ្តូងទឹកនោះ អាជ្ញាធរស្រុក នឹងចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីផ្តល់ជូនពួកគាត់ភ្លាម ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទទួលរងនូវឥទិ្ធពលបាតុភូតអែលនីណូ(ដោយប្រយោល) ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែងអាចឡើងកំដៅរហូតដល់៤២អង្សាសេ ។ ការខ្វះខាតទឹកប្រើប្រាស់គឺជាបញ្ហាចម្បងរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ ។ ប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមមន្រ្តីជំនាញទឹកស្អាត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះធ្វើការជួសជុល និងផ្លុំស្តារអណ្តូងស្នប់អាហ្វីដេស ដែលខូចខាតក្នុងភូមិនីមួយៗ នៃស្រុកបន្ទាយស្រី រួមមានឃុំព្រះដាក់ និងឃុំខ្នារសណ្តាយ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ បានមួយចំនួនហើយ ៗក៏កំពុងបន្តទៅឃុំ ស្រុកផ្សេងទៀត ៕

Facebook Comments