ព្រះវិហារ​ប្រវត្តិសាស្ត្រ​អាយុ ៨៥០​ឆ្នាំ ​នៅ​ប៉ារីស ​ត្រូវ​ភ្លើង​ឆេះខូចខាត​យ៉ាង​ដំណំ

0
109

អន្តរជាតិ៖ អគ្គិភ័យ​បានឆាប​ឆេះ ព្រះវិហារ​ប្រវត្តិ​សាស្ត្រ ឡា កាតេដ្រាល់ ដឺ ណូត្រ ដាម (La cathédrale de Notre-Dame)ជាកន្លែង​ដ៏​ល្បីល្បាញ​មួយ​ នៅ​កណ្តាល​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ​ដែល​មាន​អាយុ​​ប្រមាណ​ ៨៥០ឆ្នាំ​នេះ ត្រូវ​ភ្លើង​ឆេះ​ផ្នែក​ដំបូល ​ប៉ុន្តែ​រចនាសម្ពន្ធ​របស់ព្រះ​វិហារ រួម​ទាំង​ប៉ម២ ដែល​មាន​ព្យួរ​ជួង ត្រូវ​បាន​ជួយ​សង្គ្រោះទាន់ពេល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​បារាំង​ ។

អគ្គិភ័យ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង៦ និង៣០នាទី​កាលពីថ្ងៃទី​១៥ ខែ​មេសា ​(ម៉ោង​នៅ​ប្រទេស​បារាំង) ​ភ្លើង​បាន​ឆាប​ឆេះ​ផ្នែក​ដំបូល​របស់ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​បង្អូចកញ្ចក់ និង​ផ្នែក​រចនា​សម្ពន្ធមួយ​ចំនួន ​ធ្វើ​ពី​ឈើ​ត្រូវ​រង​ការ​បំផ្លាញ​ និង​ធ្វើ​ឲ្យ​ដួល​រលំ​ផ្នែក​ដំបូល ។ រូបភាព​វីដេអូ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ​បង្ហាញ​ឲ្យ​ឃើញ​ភ្លើងឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ​ផ្នែក​ខាង​លើ​នៃព្រះ​វិហារ​ ប៉ុន្តែ​ប៉ម​២​ទៀត ដែល​ស្ថិត​នៅ​លើ​តួវិហារ​តែ​មួយ​ មិន​រង​ផល​ប៉ះពាល់​នោះ​ទេ ​។ កម្លាំង​ពន្លត់​អគ្គិភ័យ​ប្រមាណ​៥០០នាក់​ បាន​ជួយ​​ការពារ​មិន​ឲ្យ​ប៉ម​ទាំង​ពីរ​នេះ​ដួល​រលំ ​។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពន្លត់​អគ្គិភ័យ រចនា​សម្ពន្ធ​ទាំង​មូល​របស់​អគារ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា ​។ មនុស្ស​រាប់ពាន់​នាក់​បាន​ឈរ​នៅ​លើ​ផ្លូវ​ជុំវិញព្រះ​វិហារ យ៉ាង​ស្ងៀមស្ងាត់​សម្លឹង​មើល​ព្រះវិហារ ដែល​បាន​ឆាប​ឆេះ​ដោយ​ភ្លើង ហើយ​មនុស្ស​មួយ​ចំនួន​ បាន​បន់​ស្រន់​កុំ​ឲ្យ​ភ្លើងឆេះ​​រាលដាល​ដល់​ប៉ម​២​ទៀត ​។ ចំណែក​ឯព្រះ​វិហារ​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​បាន​បន្លឺ​សំឡេង​ជួង​របស់​ខ្លួន បន្ទាប់​ពី​ផ្សែង​ខ្មួលខ្មាញ់​បាន​ហោះ​ទៅ​លើ​អាកាស ។

លោក​ប្រធានា​ធិបតី​បារាំង បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ហេតុការណ៍​នេះ បាន​លុប​ចោល​ការ​ថ្លែង​របស់​លោក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ជា​ការ​ថ្លែង​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​បារាំង ដែល​បាន​កើត​ឡើង​រាប់​ខែ​មក​ហើយ ​។ នៅ​​កន្លែង​កើត​ហេតុ ​លោក ​ម៉ាក្រុង បាន​និយាយ​ថា ព្រះ​វិហារ​នេះ ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ពលរដ្ឋ​បារាំង​គ្រប់​គ្នា រួម​ទាំង​មនុស្ស ដែល​មិន​ធ្លាប់​មក​ដល់​កន្លែង​នេះ​ផង​ដែរ ​។ លោក​បន្ត​ថា រដ្ឋាភិបាល​របស់​លោក​នឹង​កសាង​ព្រះវិហារ ណូត្រ ដាម ឡើង​វិញ​ជា​មួយ​ពលរដ្ឋ​បារាំង​ទាំង​អស់​គ្នា​ ។

People watch as fire fighters douse flames of the burning Notre Dame Cathedral in Paris, France April 15, 2019. REUTERS/Charles Platiau

ចំណែក​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​វិញ បាន​បង្ហោះ​សារ​នៅ​តាម​បណ្តាញ​Twitterថា​ វាជា​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់ ដែល​ឃើញ​ព្រះវិហារ​នេះ ​ត្រូវ​ភ្លើង​ឆេះ ហើយ​លោក​បន្ថែម​ថា ​អាជ្ញាធរ​បារាំង​គួរ​ពន្លត់​ភ្លើង​នេះ​ឲ្យបានឆាប់​ ។ ព្រះវិហារ​ ណូត្រ ដាម មាន​ទីតាំង​នៅ​កណ្តាល​ក្រុង​ប៉ារីស ត្រូវ​បាន​សាងសង់​បញ្ចប់​ទាំង​ស្រុង​នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី​១២ ដោយ​ប្រើប្រាស់​ពេល​វេលា​ប្រមាណ ​២០០ឆ្នាំ ​។

អំឡុង​បដិវត្ត​ក្នុង​ប្រទេស​បារាំង​ នា​សតវត្សរ៍​ទី១៨ ព្រះវិហារ​នេះ ​ត្រូវ​បាន​វាយ​កំទេច​ក្នុង​អំពើហិង្សា ​ប្រឆាំង​នឹង​ពួក​កាតូលិក ​។ បើក្រឡេក​ទៅ​មើល​ត្រឹម​សតវត្សរ៍​ទី២០ ដែល​ពោរ​ពេញ​ដោយ​សង្រ្គាម​ធំៗ ក៏​ព្រះវិហារ​មួយ​នេះ ​នៅ​តែ​បន្ត​ឈរ​យ៉ាង​ត្រដែត​កណ្តាល​ក្រុង​ប៉ារីស ​។ នៅ​ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ​១៩៤៤ សំឡេង​ជួង​នៃព្រះ​វិហារ​នេះ​ បាន​បន្លឺ​ឡើង​ជា​ប្រវត្តិ​សាស្ត្រ ដើម្បី​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​របស់​អាឡឺម៉ង់ ​ពី​ប្រទេស​បារាំង​ក្នុង​សង្រ្គាម​លោក​លើក​ទី២​ ។​ (RFP ថ្ងៃទី១៨ ខែមេសា)

Facebook Comments