បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​មានសង្ឃឹមឈ្នះ ជាលើក​ទីពីរ

0
107

អន្តរជាតិ៖ ឥណ្ឌូណេស៊ី ជាប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ ​លំដាប់​ទី៤ នៅលើ​ពិភពលោក និង​ជា​តំណាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដ៏​រឹង​មាំធំ​​លំដាប់​ទី៣របស់​ពិភពលោក បាន​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតីកាលពីថ្ងៃពុធ ​ទី១៧ ខែ​មេសា ឆ្នាំ២០១៩​ ដោយ​មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ១៩២​លាន​​នាក់ ។

បេក្ខជនប្រធានាធិបតី មាន​ពីរ​រូប​គឺ ៖ ​​លោក​ ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី​ផុត​អាណត្តិ​ទល់​នឹង​លោក ​ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ(Prabowo Subianto) អតីត​ឧត្តមសេនីយ៍​ក្នុង​របប​ផ្តាច់ការស៊ូហាតូ ។ ជា​ការ​បោះឆ្នោត​ដ៏​ធំ និង​ស្មុគស្មាញពុំ​ធ្លាប់​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ពី​មុន​មក​ទេ​ នៅ​ឥណ្ឌូណេស៊ី ។ ពលរដ្ឋ​ជាង​ ១៩០​លាន​នាក់ ត្រូវ​ចូល​រួម​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ ដែល​មាន​​បេក្ខជន​ពីរ​រូប ប្រកួត​ប្រជែង​គ្នាផង និង​ត្រូវ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន​ទៀត ។ មាន​បេក្ខជន​ដល់​ទៅ ​២៤៥០០០​នាក់ ឈរ​ឈ្មោះ​ជា​សមជិកសភា​ និង​អ្នក​តំណាង​មូលដ្ឋានឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ។ ជា​សរុប​ឥណ្ឌូណេស៊ី ​បាន​រៀប​ចំ​ការិយាល័យ​បោះឆ្នោត​ចំនួនជាង​ ៨០ម៉ឺន​ការិយាល័យដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ប្រជុំ​កោះ​តូច​ធំ​ចំនួន​ដល់​ទៅ​ ១៧០០០​កោះ លាត​សន្ធឹង​ពី​កើត​ទៅលិច ប្រវែង ៤៨០០​គីឡូម៉ែត្រ ។ មួយ​ម៉ោងមុន​ពេល​បិទ​ការិយាល័យ​បោះឆ្នោត វិទ្យាស្ថាន​ស្ថិតិ​ឥណ្ឌូណេស៊ី ចំនួន​៣ បាន​ផ្តល់​លទ្ធផល​ប៉ាន់ស្មាន​ដំបូង​ដូច​គ្នា គឺ​លោក​ ចូកូ វីដូដូ អាច​នឹង​ឈ្នះ​លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ក្នុង​កំរិត ៥៥% ​ទល់​នឹង ​៤៥% ។

លទ្ធផល​សម្រេច​ជា​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​​ខែ​ឧសភា​ ប៉ុន្តែលទ្ធផលជំហានដំបូងដែលបានប្រកាសកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកចូកូ វីដូដូ ទទួលបានសំលេងគាំទ្រ ៥៦.៧% រីឯលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ទទួលបាន ៤៣.៣% ។

គណបក្ស​ប្រឆាំង​របស់​លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែល​ដឹកនាំ​ឃោសនា​នយោបាយ ​ដោយ​ឈរលើ​ទស្សនៈ​ជាតិ​និយមខ្លាំង​​ បាន​ព្រមាន​អំពី​លទ្ធភាព ​នៃ​ការ​ប្រឆាំ​ង​នឹង​លទ្ធផលបោះ​​ឆ្នោត ​បើ​សិនជាមានការ​លួច​បន្លំ និង​សន្យា​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដូចកាលពី​ឆ្នាំ​២០១៤ ដែលលោកបាន​ប្តឹង​តវ៉ា​លទ្ធផល​ឆ្នោតទៅ​តុលាការ មិន​ព្រម​ទទួលស្គាល់​ការបរាជ័យរបស់ខ្លួន ។ (Reuters ថ្ងៃទី១៨ ខែមេសា)

Facebook Comments