ថ្លើមធំណាស់ហ៊ានដាក់កុងត្រូលជជុះថ្ងៃបុណ្យចូលឆ្នាំ

0
528

កំពង់ចាម៖ លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យសមត្ថកិច្ចវៃខ្នោះមនុស្ស៦នាក់ ពាក់ព័ន្ធការដាក់កុងត្រូលជជុះស្ទាក់យានយន្តទារប្រាក់លើផ្លូវរបៀងក្នុងព្រៃចម្ការចូលតំបន់រមណីយដ្ឋានទឹកឆាស្រុកចំការ ខេត្តកំពង់ចាម ។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជាក់ថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ក្រោយពីទទួលបានដំណឹងថា មានមនុស្សមួយក្រុមបានដាក់កុងត្រូលជជុះកំហែងយកប្រាក់ពីប្រជាពលរដ្ឋ ដោតល្មើសនឹង បទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម រួចមក , ឯកឧត្តម គួច ចំរើន បានបញ្ជាឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យ។

នៅក្នុងការចុះត្រួតពិនិត្យនគរបាលខេត្តរួមជាមួយអធិការដ្ឋាននគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនបុរសឈ្មោះ កែវ ឌឿន អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការ
លើ ដើម្បីយកទៅធ្វើការសួរ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងពេលកងកម្លាំងនគរបាលបើករថយន្តដឹកឈ្មោះ កែវ ឌឿនចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន២គ្រឿងបានមកកាក់ផ្លូវរថយន្តនគរបាល ពីមុខ និងពីក្រោយមិនអោយទៅមុខបាន ហើយក្រុមនោះបានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចមិនឱ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរ។

ក្នុងស្ថានភាពដូចខាងលើលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានសម្រេចឱ្យនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀតរួមមាន ៖

១-ឈ្មោះ ស្រុី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឈ្មោះ ស្រុី វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ
៣-ឈ្មោះ ស្រុី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ
៤-ឈ្មោះ ស្រុី គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ
៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ

ជនទាំង៥នាក់នេះមានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបច្ចុប្បន្ននេះជនសង្ស័យទាំង៦នាក់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

Facebook Comments
Loading...