ខឹងប្តីដើរផឹកស៊ីយូរពេក ត្រឡប់មកផ្ទះកើតជាជម្លោះប្រពន្ធយកកាំបិតចាក់ប្តីភ្លាមៗ

0
657

ខេត្តត្បូងឃ្មុំ ៖ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ខណៈបុរសជាប្តីទៅផឹកស៊ីជាមួយមិត្ត លុះយូរពេកប្រពន្ធក៏ទៅតាម ប៉ុន្តែប្តីឱ្យមកផ្ទះមុនខ្លួនទៅតាមក្រោយ ប៉ុន្តែចាំបាត់ៗ លុះប្តីត្រឡប់មកក៏ក្លាយជាជម្លោះពាក្យសម្តីប្រវាយប្រតប់ជាមួយប្រពន្ធ ខណៈប្រពន្ធមានកាន់កាំបិតក៏ជ្រុលដៃចាក់ប្តីធ្លាយពោះវៀនចេញមកក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រហែល៧យប់ ថ្ងៃទី១៤ មេសា ២០១៩ ស្ថិតនៅភូមិជ័យនិគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

បុរសរងគ្រោះនេះ ឈ្មោះ ណាន ទូច អាយុ២៨ឆ្នាំ រស់នៅភូមិជ័យនិគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បានរងគ្រោះថ្នាក់រហូតដល់ធ្លាយពោះវៀនចេញមកក្រៅ ចំណែកជាប្រពន្ធវិញត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការនគរបាលស្រុកពញាក្រែកសួរនាំ។ បុរសជាប្តីបានចេញពីផ្ទះទៅផឹកស៊ីនៅផ្ទះរបស់មិត្តភក្តិក្នុងភូមិ ដោយបាត់យូរពេកប្រពន្ធទូរស័ព្ទនិយាយជាមួយប្តីឲ្យឆាប់ត្រឡប់មកផ្ទះវិញ ហើយចេះតែចាំបាត់ៗមិនឃើញនោះទេ ក៏ជិះម៉ូតូទៅតាម ហើយប្តីបានឲ្យប្រពន្ធមកមុន ចំណែកប្តីមកតាមក្រោយ។

ស្របពេលដែលមកផ្ទះវិញ បុរសជាប្តីស្រវឹងស្រា និងបាននិយាយចុះឡើងក៏បង្កជម្លោះ រហូតដល់ឈានប្រើអំពើហិង្សា ក្នុងពេលនោះប្តីបានចូលទៅប្រវាយប្រតប់ជាមួយប្រពន្ធដោយក្នុងដៃរបស់ប្រពន្ធមានកាំបិតចុងស្រួចមួយក្នុងដៃ ក៏បានវាសមកត្រូវពោះប្តី បណ្តាលឲ្យហូរឈាម ។ ហើយប្តីបានប្រឹងព្យាយាមដើរទៅពេទ្យខ្លួនឯង តែដើរទៅបានបន្តិចក៏ពោះវៀនធ្លាយបានចេញទ្រេលពីក្នុងពោះ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលហៅរថយន្តមកសង្គ្រោះមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ ។ ចំណែកប្រពន្ធវិញត្រូវកម្លាំងប៉ុស្ត៏ឃាត់ខ្លួនបញ្ជូនមកកាន់អធិការនគរបាលស្រុកពញាក្រែក ដើម្បីចាត់ការបន្តតាមបញ្ជារបស់លោកអធិការនគរបាលស្រុក ។

បុរសជាប្តីក្រោយពីបានគ្រួពេទ្យសង្គ្រោះហើយ នៅរសៀលថ្ងៃទី១៥ មេសា អាចនិយាយបានវិញ ហើយក៏សូមអង្វរឲ្យសមត្ថកិច្ចកុំចាប់ប្រពន្ធរបស់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រោះមិនមានអ្នកណាមើលកូនតូចៗ២នាក់ទេ ប្រសិនណាបើប្រពន្ធមានទោស។ ក្រោយមកជំនាញព្រហ្មទណ្ឌស្រុក និងសុំគោលការណ៏ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តចុះមកដល់មន្ទីរពេទ្យដើម្បីធ្វើកំណត់ហេតុបំភ្លឺរបស់អ្នករងគ្រោះ រួចរាយការណ៏ជូនលោកព្រះរាជអាជ្ញា ពីករណីហិង្សាក្នុងគ្រួសារនេះ៕

Facebook Comments
Loading...