ឃាត់រថយន្តសត្វឥន្រ្ទី និងសត្វសំពោច បម្រុងដឹកទៅវៀតណាម

0
1307

ខេត្តក្រចេះ ៖ ពពួកសត្វព្រៃរស់ដ៏កម្រ ដូចជា សត្វឥន្រ្ទីចំនួន ២០ក្បាល សត្វសំពោចចំនួន ៨ក្បាល ត្រូវបានក្រុមសមត្ថកិច្ច រដ្ឋបាលព្រៃឈើអូរគ្រៀង ស្រាចជ្រាវស្ទាក់ចាប់បាននៅថ្ងៃទី១០ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលប្រភេទសត្វព្រៃទាំងនេះ ត្រូវបានក្រុមឈ្មួញ បានដឹកជញ្ជូនតាមរថយន្តកាមេរីឆ្លាម ចេញមកពីខត្តស្ទឹងត្រែង។

សមត្ថកិច្ចអះអាងថា អ្នកបើករថយន្តបានគេចខ្លួនក្រោយមានការតាមស្ទាក់ចាប់បានរថយន្ត។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង  បានឱ្យដឹងថា ជាមួយនិងការចាប់បង្ក្រាប បទល្មើសជួញដូរសត្វព្រៃនេះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតបានទទួលមុខសញ្ញា ទើបកម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង ដោយមានការសហការជាមួយនិងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ ទើបមុខសញ្ញានេះ ត្រូវស្ទាក់ចាប់បាន។ លោកថា ពពួកសត្វព្រៃដ៍កម្រទាំងនេះ ត្រូវបានឈ្មួញលួចធ្វើការដឹកជញ្ជូនតាមរថយន្តកាមេរីឆ្លាមមួយគ្រឿង ទំនងជាដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំដែនវៀតណាម។

លោកបានបន្តថា ក្រោយចាប់បង្ក្រាប ពពួកសត្វព្រៃទាំងនេះ ត្រូវបាននាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើដោយរងចាំប្រគល់ជូនអង្កា(វ៉ាយអេត) អភិរក្សនិងសង្គ្រោះសត្វព្រៃនៅកម្ពុជា យកទៅលែងចូលក្នុងព្រៃ នៅក្នុងតំបន់អភិរក្សដែលមានសុវត្ថិភាព៕

Facebook Comments
Loading...