តំបន់រមណីយដ្ឋានអង្គរបានដំឡើងផ្ទាំងស្លាកឈ្មោះប្រាសាទ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការទស្សានា

0
1151

សៀមរាប៖ តំបន់រមណីយដ្ឋានអង្គរបានដំឡើងផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន១១៨ផ្ទាំង ដើម្បីជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងការទស្សនាតំបន់អង្គរពេលដែលគ្មានមគ្គុទ្ទេសក៍ ។

ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ មានព័ត៌មានសំខាន់ៗដូចជា៖ ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ ស្លាកអាជ្ញាធរជាតិអប្សរា ស្លាកអង្គការយូណេស្កូ ស្លាកបេតិកភណ្ឌពិភពលោក និងស្លាកអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ថ្លែងថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំង១១៨នេះ មានបីទំហំផ្សេងគ្នា គឺធំ មធ្យម និងតូច ដែលនឹងត្រូវយកទៅដាក់នៅតាមប្រាសាទ តែមិនបានដំឡើងគ្រប់ប្រាសាទទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះនៅជ្រៅក្នុងព្រៃមិនមានទីតាំងដាក់បាន ហើយក្នុងមួយប្រាសាទអាចមានមួយ ពីរ ឬបួនទៅតាមទំហំប្រាសាទ។

លោក បន្តទៀតថា ចំពោះទីតាំងដែលដំឡើងស្លាកឈ្មោះប្រាសាទវិញ ក្រុមការងារបានគិតទៅលើចំណុច៣គឺ នៅក្បែរច្រកចូលទស្សនាប្រាសាទ ទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ទិដ្ឋភាពប្រាសាទទាំងមូល ដូចករណីនៅប្រាសាទអង្គរវត្តស្រាប់។

គួរជម្រាបថា ការដំឡើងផ្ទាំងស្លាកឈ្មោះប្រាសាទនេះ អាចធ្វើឱ្យអ្នកស្គាល់ឈ្មោះប្រាសាទបានច្រើនដោយខ្លួនឯង និងទទួលបាននូវព័ត៌មានមួយចំនួនដែលធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយ និងច្បាស់លាស់ថែមទៀតផង ៕

Facebook Comments