តុលាការ បដិសេធ សំណើ សុំ នៅ ក្រៅ ឃុំ របស់ យុវតីដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យនិស្សិតស្រីម្នាក់ស្លាប់

0
1270

ភ្នំពេញ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បាន បដិសេធ ពាក្យ ស្នើសុំ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន របស់ នាង យិន ឃុន ម៉ី ហៅ ម៉ាណា ដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យនិស្សិតស្រីម្នាក់ស្លាប់ ដោយ បន្ត ឃុំ ខ្លួន ក្នុង ពន្ធនាគារ ដដែល ។ នេះ បើតាម ប្រភព ព័ត៌មាន ពី មន្ត្រី តុលាការនៅថ្ងៃទី១១ខែមេសាឆ្នាំ២០១៩ ។
តាម នីតិវិធី នាង យិន ម៉ាណា អាច សុំ បន្ត ទៀត ទៅ សាលាឧទ្ធរណ៍ ។

នាង យិន ឃុនម៉ី ហៅ ម៉ាណា ដែលបើករថយន្តយ៉ាងសាហាវបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានបញ្ជូនពីពន្ធនាគារ ប៉េហ្ស៊ី ទៅដេកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីព្យាបាលជំងឺសួត បណ្តាលឲ្យថប់ដង្ហើម ។

តាមប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថានៅរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ អនុរក្សពន្ធនាគារបានបញ្ជូននាង យិន ឃុនម៉ី ហៅ ម៉ាណាទៅឃុំខ្លួនទៅពន្ធនាគារប៉េហ្ស៊ីវិញ។

សូម បញ្ជាក់ ថា លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គមតេឡេក្រាម ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក” ។

យោងតាមមាត្រា ៨៥កថាខណ្ឌទី២ នៃច្បាប់ចរាចរណ៍ផ្លូវគោកឃើញថានាង យិន ឃុនម៉ី ហៅ ម៉ាណាត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀលក្នុងករណីដែលនាងបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ ចំពោះជនបង្ករូបនេះ ។ ប៉ុន្តែក្រោយមក ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារអាមេរិករួចដកពាក្យបណ្តឹងវិញ។ ប៉ុន្តែតុលាការនៅបន្តតាមនីតិវិធីដដែលដោយសារនៅជាប់បណ្តឹងអាជ្ញា។

នារី យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្តទំនើប RANGE ROVER ផ្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័មរួចបើករថយន្តគេចខ្លួនបាត់ ។

ជុំវិញបញ្ហានេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងក្លា ទើបជនបង្កព្រមចូលខ្លួនសារភាពដោយខ្លួនឯង ៕

Facebook Comments
Loading...