ក្រសួងយុត្ដិធម៌៖ ទណ្ឌិត១៣៤នាក់ នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយ​ទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

0
1429

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌មានលើកឡើងថា ទណ្ឌិតចំនួន១៣៤នាក់ នឹងត្រូវបាន​លើក​​លែង និងបន្ធូរបន្ថយទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាង​មុខ​នេះ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៩នេះថា សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គណៈកម្មាធិ​ការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការ​អនុគ្រោះទោសដល់ទណ្ឌិតសរុប១៣៤នាក់ ក្នុងនោះស្ត្រី២៨នាក់ ក្នុងចំណោមបញ្ជីទណ្ឌិត​ស្នើសុំសរុប៤៦០នាក់ ស្ត្រី៤៩នាក់ ដើម្បីលើកលែង និងបន្ធូរបន្ថយទោស។ ឯកឧត្ដម​បាន​បន្ដថា ក្នុងចំណោមទណ្ឌិតទាំងអស់នោះ នឹងត្រូវស្នើបន្ថយទោស៦ខែ ចំនួន៥៧នាក់ ស្រី៦​នាក់ ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ ស្រី២នាក់ ស្នើបន្ថយទោស១២ខែ ចំនួន​៤០នាក់ ស្រី​១៧នាក់។ ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ ស្រី២នាក់ និងស្នើលើក​លែងទោសចំនួន១៦នាក់ ស្រី១នាក់។

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែមេសាកន្លងមកនេះ លោក សុច សុផាន់ណារ៉ា អគ្គ នាយករងនៃអគ្គនាយកដ្ឋានអយ្យការ នៃក្រសួងយុត្តិធម៌បានប្រាប់ក្រុមអ្នកសារព័ត៌​មានថា គណៈកម្មាធិការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែងលែង និង​បន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះគឺមានទណ្ឌិតចំនួន៤៦០នាក់ ក្នុងនោះ មាន​ស្ត្រី៤៩នាក់ មកពីពន្ធនាគារអប់រំកែប្រែខេត្ត រាជធានីចំនួន ១៨ និងមណ្ឌលអប់រំកែ​ប្រែ​ទាំង​បួន​បានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ជាមួយគ្នានេះ ក្នុង​ចំណោម​ទណ្ឌិតទាំងអស់នោះ គឺមានស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារសរុប២.៤៤១នាក់ ក្នុង​នោះស្ត្រីដែលមានមានផ្ទៃពោះចំនួន៤៤នាក់ ស្ត្រីមានកូនតាមម្តាយ១២៦នាក់។ លោក ក៏បាន​លើកឡើងទៀតថា សម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាមគោលការណ៍​របស់រាជ​រដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរនោះទេគឺធ្វើជានិរន្តរ៕

Facebook Comments