ឥណ្ឌា ចាប់ផ្តើមការបោះឆ្នោតសកល នៅថ្ងៃទី១១ ខែមេសានេះ

0
81

អន្តរជាតិ៖ ការបោះឆ្នោតសកល នៅក្នុងប្រទេសឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមេសានេះ ។ ការបោះឆ្នោតនេះនឹងកំណត់ថា តើលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ដែលទទួលបានជោគជ័យ យ៉ាងភ្លូកទឹកភ្លូកដីកាលពី៥ឆ្នាំមុន អាចនឹងបន្តកាន់អំណាចក្នុងអាណត្តិទី២នេះទៀត ឬយ៉ាងណា ។ ក្នុងនាមជាប្រទេសអនុវត្ត លទ្ធិប្រជាធិបតេយ្យធំបំផុតនៅក្នុងពិភពលោក អ្នកបោះឆ្នោតប្រមាណ ៩០០លាននាក់នឹងមានសិទ្ធិជ្រើសរើស សមាជិកសភាជាន់ទាបរបស់ឥណ្ឌាចំនួន ៥៤៣ រូប ។

ការបោះឆ្នោតនេះនឹងធ្វើឡើងជា ៧ ដំណាក់កាលរហូតដល់ថ្ងៃទី១៩ ខែឧសភា ហើយសន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី២៣ ខែឧសភា ។ ការបោះឆ្នោតនេះធ្វើឲ្យគណបក្ស Bharatiya Janata ដែលជាគណបក្សជាតិនិយមរបស់អ្នកកាន់សាសនាហិណ្ឌូ និងមាននិន្នាការស្ដាំនិយមរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ប្រជែងនឹងគណបក្ស Congress ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ក៏ដូចជាក្រុមគណបក្សថ្នាក់តំបន់ផ្សេងៗទៀត ដែលបានបង្កើតទៅជាសម្ពន្ធ ដើម្បីប្រជែងនឹងលោកនាយករដ្ឋមន្ត្រី ម៉ូឌី ។ រហូតមកដល់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បញ្ហាសេដ្ឋកិច្ច ដូចជាបញ្ហាអត់ការងារធ្វើ និងការខឹងសម្បារបស់កសិករ បានក្លាយជាប្រធានបទសំខាន់ នៅក្នុងរបៀបវារៈនៃការបោះឆ្នោត ។ ប៉ុន្តែបញ្ហាសន្តិសុខជាតិ និងភេរវកម្មក៏បានលេចឡើង ជាសញ្ញាសម្រាប់ធ្វើយុទ្ធនាការ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាឥណ្ឌា និងប៉ាគីស្ថានក្នុងពេលថ្មីៗនេះ ហើយបញ្ហានេះអាចនឹងជួយដល់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ដោយសារលោកយល់ថា លោកជាមេដឹកនាំដ៏រឹងមាំម្នាក់ ។

ការស្ទង់មតិនាពេលថ្មីៗបង្ហាញថា ប្រជាប្រិយភាពរបស់លោកបានកើនឡើងចាប់តាំងពីពេល ដែលលោកបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាស នៅក្នុងប្រទេសប៉ាគីស្ថាន ទៅលើជំរំយោធាមួយ បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតនៅក្នុងតំបន់កាស្មៀរ (Kashmir) ។ ការស្ទង់មតិជាច្រើន ដែលធ្វើឡើងនៅដើមឆ្នាំបានបង្ហាញថា ការប្រកួតប្រជែងនេះ អាចនឹងមានការប្រកៀកប្រកិតគ្នា ហើយគណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ដែលទទួលបរាជ័យនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋ កាលពីខែធ្នូ អាចមានការលំបាកក្នុងការឈ្នះ ខណៈដែលគណបក្សនេះ កំពុងវាយបកទៅលើការលើកឡើងដែលថា កំណើនសេដ្ឋកិច្ចមានកម្រិតតិចតួច ។

នៅក្នុងការបង្ហោះសារនៅក្នុងបណ្តាញ Twitter លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានសាទរចំពោះប្រជាធិបតេយ្យរបស់ឥណ្ឌា ដោយបានអំពាវនាវឲ្យអ្នកបោះឆ្នោតលើកដំបូង ចេញទៅបោះឆ្នោតឲ្យបានច្រើនគ្នា ហើយព្យាយាមប្រើប្រាស់សមិទ្ធផលរបស់លោកដើម្បីទាក់ទាញពួកគេ ។ លោកបាននិយាយថា៖ «យើងបានចំណាយពេល 5ឆ្នាំ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនដែលមិនសម្រេចបានអស់រយៈពេល ៧០ឆ្នាំកន្លងមក ។ ឥឡូវនេះ វាជាពេលវេលាក្នុងការបំពេញបន្ថែម លើភាពចាំបាច់នោះ និងបង្កើតប្រទេសឥណ្ឌា ដែលមានភាពរឹងមាំ រុងរឿង និងមានសុវត្ថិភាព» ។ (AFP ថ្ងៃទី១១ ខែមេសា)

Facebook Comments