ជំនួបកំពូលអឺរ៉ុប-ចិន រៀបចំឡើង នៅក្នុងបរិយាកាស មិនទុកចិត្តគ្នា

0
80

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង បានធ្វើដំណើរទៅចូលរួម នៅក្នុងជំនួបកំពូលអឺរ៉ុប ចិន លើកទី ២១ ដែលត្រូវបើកធ្វើនៅថ្ងៃអង្គារនេះ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក ។ ភាពតានតឹងពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងសហភាពអឺរ៉ុប ធ្វើឲ្យគេបារម្ភថា ជំនួបកំពូលចិន អឺរ៉ុបនៅសប្តាហ៍នេះនឹងមិនអាចចេញជាកិច្ចព្រមព្រៀង ឬសេចក្តីថ្លែងការណ៍រួម ចិន-អឺរ៉ុប នោះទេ ។

ជំនួបកំពូលចិន អឺរ៉ុប នៅទីក្រុងព្រុចស៊ែល បើកធ្វើឡើងនៅក្នុងបរិយាកាសមិនជឿទុកចិត្តគ្នា ជាពិសេសពីខាងសហភាពអឺរ៉ុប ដែលបានចោទប្រកាន់ចិនថា កំពុងព្យាយាមធ្វើនយោបាយ បំបែកបំបាក់ ប្រទេសសមាជិកសហភាពអឺរ៉ុប ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលលោកបានសរសេរផ្ទាល់ដៃ និងចុះផ្សាយនៅក្នុងកាសែតអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង បាននិយាយថា ចិន គាំទ្រដំណើរការសមាហរណកម្មអឺរ៉ុប ក្នុងក្តីសង្ឃឹមចង់បានអឺរ៉ុបរួមគ្នាមួយ និងការរីកចម្រើន ។ សម្រាប់ភាគីអឺរ៉ុប អត្ថបទចុះផ្សាយរបស់នាយករដ្ឋមន្រ្តីចិន មានត្រឹមតែបបូរមាត់ប៉ុណ្ណោះព្រោះថា ការពិតជាក់ស្តែង ទីក្រុងប៉េកាំង មិនបានធ្វើតាមការសន្យារបស់ខ្លួនឡើយ ។កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន អឺរ៉ុប នៅតែជាប់គាំង ដោយសារតែជំហរមិនចុះសម្រុងគ្នា រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ។ ភាពតានតឹងពាណិជ្ជកម្មកើតមានឡើង នៅពេលភាគីអឺរ៉ុប ចោទប្រកាន់ចិនថា គ្មានចេតនាចង់ផ្លាស់ប្តូរនយោបាយដូចជា រឿងលូកដៃជួយឧបត្ថម្ភធនដល់ក្រុមហ៊ុនរដ្ឋ និងរឹតត្បិតទីផ្សារមិនឲ្យក្រុមហ៊ុនបរទេស អាចចូលទៅវិនិយោគដោយទូលំទូលាយជាដើម ។

នៅក្នុងផែនការ ១០ចំណុច ដែលនិយាយពីទំនាក់ទំនងជាមួយប៉េកាំង គណៈកម្មការអឺរ៉ុបបានចាត់ទុកចិន ជាប្រទេសដៃគូ ប៉ុន្តែជាមួយគ្នានោះ ក៏ជាប្រទេសគូប្រជែងដ៏ខ្លាំងមួយ ។ប្រទេសធំៗនៅអឺរ៉ុប ដូចជាបារាំង និងអាល្លឺម៉ង់ជាដើម បានបំពងសំលេងរិះគន់ចិនកាន់តែខ្លាំង ជាពិសេសនៅក្រោយអ៊ីតាលី និងលុចហ្សំបួរ សមាជិករបស់សហភាពអឺរ៉ុប បានសម្រេចជាឯកតោភាគី ចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង វិញ មិនចង់បានកិច្ចព្រមព្រៀងនៃគម្រោងផ្លូវសូត្រចិន នៅអឺរ៉ុប ធ្វើឡើងជាទ្វេភាគីរវាងចិន និងប្រទេសសមាជិកមួយៗ របស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែចង់បានកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបទាំងមូល ជាមួយចិន ដើម្បីធានាថា ប្រយោជន៍នឹងបានទៅទាំងសងខាង ។ នៅពេលដែលជំនួបកំពូលចិន អឺរ៉ុប នៅទីក្រុងព្រុចស៊ែលទំនងនឹងផ្តល់លទ្ធផលជាផ្លែផ្កា នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង នឹងមានសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងជំនួបកំពូលជាមួយប្រទេសអឺរ៉ុបកណ្តាល និងខាងកើត នៅសប្តាហ៍នេះ ។

សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូលចិន និងក្រុមប្រទេសនៅតំបន់អឺរ៉ុបកណ្តាល និងខាងកើត នៅប្រទេសហុងគ្រីកាលពីឆ្នាំ២០១៧ ចិនបានសម្រេចផ្តល់ជំនួយឥតសំណង ៣ពាន់លានអឺរ៉ូ សម្រាប់គម្រោង ដែលជាចំណែកមួយនៃនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់លោកប្រធានាធិបតី ស៊ី ជីនពីង ។ (ស៊ីនហួរ ថ្ងៃទី១១ ខែមេសា)

Facebook Comments