អត្ថាធិប្បាយៈ ទប់ស្កាត់ និងកាត់បន្ថយបទឧក្រិដ្ឋគ្រឿងញៀន ឲ្យស្ថិតនៅក្នុងកម្រិតអប្បបរមា

0
105

បច្ចុប្បន្ននេះ សង្គមជាតិកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានពង្រឹង ធ្វើឲ្យប្រជាជនកាន់តែមានស្ថេរភាព និងសុវត្ថិភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងក្នុងជីវភាពរស់នៅ ។ ក៏ប៉ុន្តែនៅមានបញ្ហាសំខាន់មួយ ដែលបង្កការព្រួយបារម្ភនោះគឺ បទឧក្រិដ្ឋគ្រឿងញៀន ដែលបាននិងកំពុងកើតមានទាំងនៅទីប្រជុំជន និងជនបទ ហើយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បង្ក្រាប ទប់ស្កាត់ តាមវិធានការជាច្រើន ។ គ្រឿងញៀននៅតែជាប្រធានបទក្តៅគគុក ក្នុងសង្គមជាតិកម្ពុជា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាទីបំផុត ។

គ្រឿងញៀនបង្កផលវិបាកធ្ងន់ធ្ងរណាស់ មិនត្រឹមតែសម្រាប់អ្នកប្រើប្រាស់វាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ក ផលប៉ះពាល់ជាអវិជ្ជមានទៅដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ ជាការខាតបង់ក្នុងទំហំមួយ ដែលមិនអាចសន្និដ្ឋានជាមុនបាន មិនអាចប៉ះប៉ូវបាន ហើយកាន់តែធ្ងន់ធ្ងរបំផុតនោះ គឺវាឈានទៅដល់ការបំផ្លាញសង្គមជាតិយើងទាំងមូលតែម្តង ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញភារកិច្ចយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩-២០២០ និងឆ្នាំខាងមុខ ដើម្បីកាត់បន្ថយជាអតិបរមា និងឈានទៅលុបបំបាត់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេស ។ សមត្ថកិច្ចរបស់យើងក៏បានដាក់ចេញវិធានការ ម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងក្លឹបកម្សាន្ត ផ្ទះសំណាក់នានា ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចែកចាយសារធាតុញៀន ។ រាជរដ្ឋាភិបាលថែមទាំងបានណែនាំ និងដាក់វិធានការឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវតែស្អាតស្អំ ដោយមិនត្រូវជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលជាបទឧក្រិដ្ឋនេះឡើយ ហើយត្រូវចូលរួមទាំងអស់គ្នា អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

នៅក្នុងឆ្នាំ២០១៨កន្លងមក មានគ្រឿងញៀនជាងកន្លះតោនត្រូវបង្រ្កាប និងរឹបអូសបានក្នុងពេលដែលបទល្មើសនេះ កំពុងតែបន្តកើតមានក្នុងរាជធានី និងរាលដាលដល់បណ្តាខេត្តមួយចំនួន ។ ដោយឡែក ក្នុងរយៈពេលជិត ៤ខែ ដើមឆ្នាំ២០១៩នេះ មានការបង្រ្កាបទៅលើបទល្មើសពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនធំៗមួយចំនួនទៀត ដូចជា នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់កណ្តាលរាជធានីភ្នំពេញ ក្លឹបកម្សាន្តមួយនៅខេត្ត សៀមរាប និងការបង្ក្រាបទីតាំងផលិតថ្នាំញៀនដ៏ធំមួយកន្លែងនៅភ្នំពេញ ដោយបានដកហូតថ្នាំញៀនប្រមាណ ២០០គីឡូ ក្រាម គឺជាសារធាតុញៀនថ្មី ប្រភេទ ពីរ៉ូវ៉ាឡេរ៉ូន រួមទាំងសារធាតុគីមីផ្សំជាង ៥០០គីឡូក្រាម ម៉ាស៊ីនផលិត ម៉ាស៊ីនគ្រីបជាគ្រាប់ និងម៉ាស៊ីនផ្សេងៗដែលពាក់ព័ន្ធមួយចំនួន ។ ក្រុមមេខ្លោង និងបក្ខពួក ដែលសុទ្ធតែជាជនបរទេស ពេលនេះ សមត្ថកិច្ចកម្ពុជាកំពុងស្នើឲ្យប៉ូលីសអន្តរជាតិអាំងទែរប៉ូល តាមចាប់ខ្លួនជនសង្ស័យទាំងនេះយកមកផ្តន្ទាទោសនៅកម្ពុជា ។

យើងត្រូវទទួលស្គាល់ថា ការលុបបំបាត់ចោលការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនមិនមែនជារឿងងាយស្រួលទេ យើងមិនអាចលុបបំបាត់វាឲ្យអស់ ក្នុងពេលដ៏ខ្លីបានឡើយ ហើយមិនត្រូវទម្លាក់បន្ទុកទៅឲ្យស្ថាប័នណាមួយទទួលខុសត្រូវតែម្នាក់ឯងបានឡើយ ប៉ុន្តែនេះជាការរួមចំណែកទាំងអស់គ្នា ។ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ផ្តល់អាទិភាពដល់ការអប់រំ ផ្សព្វផ្សាយដើម្បីបង្ការ ទប់ស្កាត់ការចរាចរណ៍ ការលក់ដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនក្នុងសង្គមជាតិរបស់យើង ។ នៅពេលនេះមានការផ្តួចផ្តើមគំនិត និងការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលតម្រូវឲ្យគ្រឹះស្ថានសិក្សាចាប់ពីកម្រិតអនុវិទ្យាល័យ រហូតមកដល់សាកលវិទ្យាល័យ ត្រូវមានបន្ទុកពិសេសមួយ ដើម្បីអប់រំផ្សព្វផ្សាយដល់សិស្សនិស្សិតឲ្យបង្ការទប់ស្កាត់ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន ។ ពីពេលនេះតទៅមុខ ក្នុងដំណើររីកលូតលាស់យ៉ាងលឿននៃសង្គមជាតិ យើងត្រូវការធនធានមនុស្ស ដែលមានគុណភាពពិតប្រាកដ ដូច្នេះបើយើងបណ្តែតបណ្តោយឲ្យស្រទាប់យុវជនរងគ្រោះថ្នាក់ដោយសារគ្រឿងញៀន នោះយើងមិនមានធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឡើយ ។ ដោយឡែក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីពេលថ្មីៗនេះ ក៏បានជំរុញឲ្យនាយទាហាន និងនិស្សិតនាយទាហានសកម្មចំនួន ១២០០នាក់ ដែលចូលសិក្សាសាលានាយទាហានសកម្មត្មាតពង ក្នុងខេត្តកំពង់ស្ពឺ ត្រូវធ្វើជាជនបង្គោលសម្រាប់ស្ថាប័នសហគមន៍ និងគ្រួសារមួយដែលមានការទទួលខុស ត្រូវក្នុងការទប់ស្កាត់ ការរីករាលដាលនៃបញ្ហាគ្រឿងញៀន ត្រូវតែចូលរួមលុបបំបាត់គ្រឿងញៀន ដោយចាត់ទុកថា គ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា និងត្រូវចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងដើម្បីសុវត្ថិភាពសង្គមជាតិយើង ។

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការកត់សម្គាល់ថា ដើម្បីលុបបំបាត់បញ្ហានេះយើងត្រូវតែមានការអនុវត្តឲ្យបានតឹងរ៉ឹងតាំងពីថ្នាក់ជាតិ ដល់ ថ្នាក់ក្រោមជាតិ ហើយមន្ត្រីអនុវត្តទាំងអស់ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀននេះ ។ ទោះបីជារយៈពេលចុងក្រោយ អាជ្ញាធរបានធ្វើការបង្ក្រាបករណីធំៗបានជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែវិធានការសំខាន់ គឺត្រូវទប់ស្កាត់ចរាចចរ និងប្រើប្រាស់គ្រឿងញៀននៅតាមព្រំដែនជាមុន ។ ដោយឡែក ការចែកចាយគ្រឿងញៀននៅតាមទីជនបទ ភូមិ ឃុំ ក៏គ្មានការថយចុះឡើយ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ស៊ើបអង្កេតស្វែងរកម្ចាស់ និងអ្នកនៅពីក្រោយខ្នងនៃការនាំចូលគ្រឿងញៀននេះបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានការថយចុះ ដើម្បីសុវត្ថិភាពដល់ប្រជាជន និងសង្គមជាតិខ្មែរទាំងមូល ។ នៅពេលដែលគ្រឿងញៀនរីករាលដាលដល់ទីជនបទ អាជ្ញាធររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការប្តេជ្ញាចិត្តលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ៕

កញ្ញា ថ្មដា ៖

Facebook Comments
Loading...