ប្រមុខប្រដាល់គុនខ្មែរព្រមានដោយមនោសញ្ចេតនា

0
94

ភ្នំពេញ: ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការព្រមានដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធដែលបំពេញការងារមិនសុក្រិត ។

លោកព្រមានធ្ងន់ៗថាការងារផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗគឺជាបន្ទាត់វាស់ឲ្យដឹងថាតើខ្លួនមានសមត្ថភាពឬក៏គ្មាន ហើយខ្លួនបំពេញការងារដោយយុត្តិធម៌ឬមិនយុត្តិធម៌ ? លោកបញ្ជាក់ថាលោកមិនបណ្ដេញនរណាចេញពីសហព័ន្ធនោះទេតែបើមន្ត្រីរូបនោះបំពេញការងារដោយមិនប្រក្រតីនោះក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹងចាត់ការរឿងនេះ ហើយបើក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរកឃើញថាមានកំហុសហើយតែមន្ត្រីរូបនោះនៅតែមិនកែប្រែលោកនឹងចាត់ការតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យហើយ ។

លោកបន្តថា ពេលនេះលោកត្រូវតែកែទម្រង់មន្ត្រីបច្ចេកទេសឲ្យខាងតែបាន ។ការផ្ដល់ពិន្ទុមិនប្រក្រតីតើមានអ្វីនៅពីក្រោយខ្នងទើបគេធ្វើបែបនេះ ។ ការផ្ដល់ពិន្ទុមិនយុត្តិធម៌វាមិនមែនជារឿងអាម៉ាស់របស់មន្ត្រីរូបនោះតែម្នាក់ឯងទេតែជារឿងអាម៉ាស់របស់សហព័ន្ធ និងជាតិទាំងមូលនេះប្រសិនបើជាការប្រកួតជាមួយបរទេស ។

ប្រមុខប្រដាល់គុនខ្មែររូបនេះក៏ព្រមានដល់គ្រូបង្វឹកចាស់ៗដែលតាំងខ្លួនឯងជាព្រឹទ្ធាចារ្យអង្គុយចាំតែចាប់កំហុសគេនិងបន្ទោសដល់មន្ត្រីថ្មីៗគ្រូចាស់ៗត្រូវតែផ្ដល់នូវបទពិសោធន៍ដែលខ្លួនមានដល់មន្ត្រីថ្មីៗហើយមិនត្រូវតាំង ឬក្សខ្លួនថាជាព្រឹទ្ធាចារ្យឲ្យសោះ ។ត្រូវដឹងថាសព្វថ្ងៃនេះមានមន្ត្រីថ្មីៗមួយចំនួនមានសមត្ថភាពជាងមន្ត្រីចាស់ៗទៅទៀត ។

គ្រូចាស់ៗ មន្ត្រីចាស់ៗត្រូវតែបន្ថយអំណួត រីឯមន្ត្រីថ្មីៗដែលលេចចេញមកពីកីឡាករល្បីៗនោះក៏មិនត្រូវក្អេងក្អាងដែរ ។កន្លងមកមន្ត្រីខ្លះពេលសហព័ន្ធបញ្ឈរជើងរត់ទៅពឹងទូរទស្សន៍ ។ចាប់ពីពេលនេះទៅត្រូវលុបបំបាត់ចេញនូវវប្បធម៌បែបនេះបើមានកំហុសត្រូវតែទទួលការព្រមានហើយបើធ្ងន់ធ្ងរ ឬ មិនព្រមកែខ្លួននឹងត្រូវបណ្ដេញចេញពីការងាររបស់សហព័ន្ធតែម្ដង ។

សូមបញ្ជាក់ថាប្រធានសហព័ន្ធប្រដាល់គុនខ្មែរធ្វើការព្រមានបែបនេះបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរីះគន់ចំពោះការបំពេញការងារមិនប្រក្រតីរបស់អាជ្ញាកណ្ដាល ចៅក្រមកន្លងមក ។

Facebook Comments