ទីបំផុត! លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី

0
883

ភ្នំពេញ៖ នៅទីបំផុតលោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។

ការចាប់ឃាត់ខ្លួន​លោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងពាក្យបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រ (Page Facebook របស់ខ្លួនថា «គំនិតគួរពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ខំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។ ២- លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំនាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើ ចេតិយម្តេច លោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា ?»។

មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និង ចេតនាទុច្ចរិតពិតប្រាកដធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី៕

Facebook Comments