អត្ថាធិប្បាយ: កម្ពុជាកំពុងត្រៀមខ្លួន ដើម្បីចូលក្នុងសេដ្ឋកិច្ចឌីជីថល

0
232

ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហ៍កម្មទី 4.0 និងសេដ្ឋកិច្ចឌីជីថល ដែលជាទីផ្សារមួយផ្តោតជាសំខាន់លើបច្ចេកវិទ្យាឌីជីថល ហើយដែលអ្នកជំនាញបាននិយាយថា ដើម្បីឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ចូលរួមការអភិវឌ្ឍប្រទេស ជាពិសេសក្នុងទីផ្សារសេដ្ឋកិច្ចឌីជីថលនេះ យុវជនខ្មែរត្រូវតែពង្រឹងសមត្ថភាពជំនាញដោយខ្លួនឯង ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ដើម្បីទាញយកផលប្រយោជន៍ពីសេដ្ឋកិច្ចថ្មីមួយនេះនាពេលអនាគត ។

យុវជនកម្ពុជាភាគច្រើននៅតែយល់ច្រលំថា ទាល់តែធ្វើការក្នុងវិស័យពត៌មានវិទ្យា IT ទើបពួកគេទៅរៀនមុខវិជ្ជាឌីជីថល ។ ឥឡូវនេះ សម័យឧស្សាហ៍កម្មទី 4.0 និងសេដ្ឋកិច្ចឌីជីថល វិស័យឧស្សាហ៍កម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម និយាយរួមគ្រប់វិស័យទាំងអស់ រួមទាំងវិស័យរដ្ឋបាល សុទ្ធតែប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពការងារ ។ ថ្មីៗនេះមានសន្និសិទថ្នាក់ជាតិមួយ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហ៍កម្មទី 4.0» ត្រូវបានប្រារព្ធឡើងនៅភ្នំពេញក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេជោបានលើកឡើងពីផលប្រយោជន៍ និងផលប៉ះពាល់ផ្សេងៗ ដែលកើតមានក្នុងការអភិវឌ្ឍឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនេះ ។ សម្តេចបានលើកឡើងថា «សេដ្ឋកិច្ចឌីជីថល វាមានគុណសម្បត្តិរបស់វា ប៉ុន្តែយើងមិនត្រូវភ្លេចគុណវិបត្តិដែលជាបញ្ហាប្រឈមនៅក្នុងយុគសម័យថ្មី ដែលអ្វីៗត្រូវជំនួសដោយគ្រឿងយន្ត ដែលប៉ះពាល់ដល់បញ្ហាការងារធ្វើ» ។ ឧស្សាហ៍កម្មទី 4.0 គឺជានិន្នាការស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរទិន្នន័យនៅក្នុងបច្ចេកវិទ្យាផលិតកម្ម ឬការផ្លាស់ប្តូររបៀបផលិត ដោយពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាជាកម្លាំងចលករ ឌីជីថលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅមុខលឿនជាងមុន ។ ប៉ុន្តែមានហានិភ័យខ្ពស់នៅក្នុងរយៈពេលមួយ ដែលយ៉ាងតិចពីរទសវត្សន៍ខាងមុខនោះគឺ ហានិភ័យនៅក្នុងការបាត់បង់ការងារ ប៉ុន្តែឱកាសការងារថ្មីៗក៏បានកើតឡើងដែរ ។ បច្ចុប្បន្នក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជា បានពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំងឡើងៗ ដើម្បីសម្រួលដល់អាជីវកម្មរបស់ខ្លួន ។ ប្រទេសកម្ពុជាកំពុងដើរនៅលើផ្លូវត្រឹមត្រូវហើយ ដោយបានចាប់យកឧស្សាហ៍កម្មទី 4.0 ទាន់ពេលនៅក្នុងសេដ្ឋកិច្ចឌីជីថល ប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងបន្ថែមក្នុងការពង្រឹងជំនាញបច្ចេកវិទ្យារបស់យុវជន ពង្រឹងជំនាញឌីជីថលនៅតាមសាលារៀន វិទ្យាល័យ និងសាកលវិទ្យាល័យ ។

របាយការណ៍ទស្សនៈវិស័យការងារនៅកម្ពុជាឆ្នាំ២០១៨ បង្ហាញថា ឱកាសការងារបានកើនឡើងខ្លាំង គឺទាក់ទងនឹងពត៌មានវិទ្យា កុំព្យូទ័រក្នុងវិស័យវិស្វកម្ម ។ ការពង្រីកចំណេះដឹង ជំនាញផ្នែកពត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល សម្រាប់ទីផ្សារសេដ្ឋកិច្ចឌីជីថល ជាបញ្ហាសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានលឿនទៅមុខ ហើយយើងមិនអាចនិយាយថា កម្ពុជាដើរពីក្រោយគេទៀតទេ ពីព្រោះយុគសម័យឧស្សាហ៍កម្មទី 4.0 និងសេដ្ឋកិច្ចឌីជីថលទើបតែចាប់ផ្តើមឡើង ។

ជាមួយនឹងការត្រៀមខ្លួន ដើម្បីចូលទៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលនឹងជួយជំរុញការអភិវឌ្ឍកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងអភិវឌ្ឍកំណែទម្រង់ជាកញ្ចប់ ដែលមានភាពមុតស្រួច ។ នៅថ្ងៃទី២៩ ខែមីនា នៅក្នុងវេទិកានៃរាជរដ្ឋាភិបាល និងឯកជន សម្តចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ចំនួន ១៧ចំណុច ដែលកំណែទម្រង់នេះ អាចធ្វើឲ្យរាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ហើយអាចឲ្យកម្ពុជាឈរដោយខ្លួនឯងបាន ។ វិធានការទាំងនោះ រួមមាន គឺការកាត់ន្ថយការចំណាយរបស់ក្រុមហ៊ុនឯកជន ដែលកំពុងរកស៊ីនៅកម្ពុជា ក្នុងនោះរួមមាន ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូវចេញពីតាមច្រកព្រំដែន និងការលុបចោលនូវភ្នាក់ងារកម្ពុជា នាវាចរណ៍ហៅកាត់ថា កំសាបការកាត់បន្ថយថ្លៃលើកដាក់ទំនិញនៅកំពង់ផែ ការកាត់បន្ថយថ្លៃដឹកជញ្ជូន ការកាត់បន្ថយថ្លៃស្កេនការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃអគ្គិសនី ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ការកាត់បន្ថយការចុះធ្វើអធិការកិច្ចនៃស្ថាប័នចម្រុះឲ្យមកនៅក្រោមស្ថាប័នតែមួយ រួមទាំងការលើកលែង និងកាត់បន្ថយការចំណាយលើសេវាកម្មផ្សេងៗទៀតជាដើម ការដកត្រឡប់មកវិញនូវការដឹកជញ្ជូនតាមផ្លូវដែកមកឲ្យរដ្ឋគ្រប់គ្រងជាបណ្តោះអាសន្ន និងស្វែងរកក្រុមហ៊ុនថ្មីមកជំនួស ដើម្បីជំរុញឲ្យការដឹកជញ្ជូនតាមផ្លូវដែកប្រើប្រាស់អស់លទ្ធភាព និងសក្តានុពលដែលមាន ។ ការដាក់ចេញកញ្ចប់វិធានការកែទម្រង់នាពេលនេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងគោលដៅធានាចីរភាពកំណើនប្រកបដោយបរិយាប័ន្ន មានភាពធុនសម្រាប់រយៈពេលវែង និងបង្កើតការងារប្រកបដោយគុណភាពឲ្យកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនកម្ពុជា ។

ជាការពិតណាស់ ក្នុងពេលដែលវិស័យបច្ចេកវិទ្យាកំពុងតែមានការវិវត្តយ៉ាងលឿន ហើយដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើនរឹងមាំ ក្នុងចំណោមបណ្តាប្រទេសចម្រើនជឿនលឿនដទៃទៀត យុវជនកម្ពុជាគ្រប់រូបគួរតែបង្កើនការសិក្សា និងពង្រឹងជំនាញ ចំណេះដឹងឌីជីថលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ដើម្បីតាមឲ្យទាន់ និងឲ្យបានមុនគេឧស្សាហ៍កម្មទី 4.0 និងទីផ្សារសេដ្ឋកិច្ចឌីជីថលសម័យថ្មីនេះ ៕

កញ្ញា ថ្ម ដា

Facebook Comments