អត្ថាធិប្បាយ៖ នៅលើឆាកអន្តរជាតិ កម្ពុជាកំពុងស្ថិតនៅក្នុងទីតាំងដ៏រឹងមាំ

0
207

ភ្នំពេញ៖ វាមិនមែនជារឿងថ្មីទេ ហើយក៏មិនចម្លែកដែរ នៅពេលដែលលោក សម រង្ស៊ី តែងតែញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាម្តងហើយម្តងទៀត ។ សម រង្ស៊ី ធ្លាប់និយាយដោយមិនញញើតមាត់ថា ខ្លួនចង់ឃើញសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា ។ ក្នុងពេលដែលក្រុមមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការក្រៅប្រទេសរបស់សហភាពអឺរ៉ុប និងអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលគ្រោងឡើងនៅថ្ងៃទី១៩-២០ ខែមីនា ដើម្បីពិនិត្យ និងតាមដានសម្រាប់នីតិវិធីដក EBA ពីកម្ពុជានោះ ស្រាប់តែ សម រង្ស៊ី បានសរសេរលិខិតទៅកាន់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស ដោយទាមទារឲ្យមានការដោះលែង កឹម សុខា ការផ្តល់សិទ្ធនយោបាយឡើងវិញ ដល់អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ១១៨នាក់ ការធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដែលសុទ្ធសឹងជាការទាមទារ ដែលផ្ទុយពីច្បាប់របស់កម្ពុជា ជាការទាមទារមានតម្លៃស្មើនឹងការសុំឲ្យបរទេសលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ទាំងងងឹតងងល់បំផុត ។ នេះគឺជាចរឹត និងជាសារជាតិរបស់ពួកក្បត់ជាតិ ។ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពួកនេះគ្មានទីតាំងសម្រាប់ឈរជើងទេ ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ពួកនេះគ្រាន់តែជាមេរោគដ៏ចង្រៃឧត្បាតប៉ុណ្ណោះ ។

រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវតាមច្បាប់ តែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសបង្កើនមិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ ទាំងក្នុង ក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការរក្សា ឯក រាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ផ្ទុយពីពួកក្បត់ជាតិមួយក្តាប់តូចនេះ ដែលតែងតែដើរនិយាយមួលបង្កាច់ និងសំអុយកេរ្តិ៍ឈ្មោះកម្ពុជា សុំឲ្យបរទេសផ្តាច់ ជំនួយពីកម្ពុជា សុំឲ្យបរទេសដាក់ការកាបសង្កត់កម្ពុជា និងបំផ្លិចបំផ្លាញរូបភាពកម្ពុជានៅលើឆាកអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងខ្លាំងនៅលើសមរភូមិការទូត ដើម្បីលើកស្ទួយកិតិ្តយស និងកិត្យានុភាពកម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់នៅលើពិភពលោក ។

ជាក់ស្តែង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ក្រោយពេលដែលរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាបានប្រសូតឡើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបើកយុទ្ធនាការលើសមរភូមិការទូត ដោយមិនត្រឹមតែទទួលបានជោគជ័យក្នុងការលើកស្ទួយកិត្តិយសកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានវាយសំពងយ៉ាងដំណំទៅលើឧបាយកលថោកទាបរបស់ពពួកជនក្បត់ជាតិ ដែលប៉ុនប៉ងអូសទាញសហគមន៍អន្តរជាតិ មិនឲ្យទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់នេះទៀតផង ។

ដូចយើងបានឃើញ ស្រាប់ហើយថា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាផ្តល់ការទុកចិត្តបន្តតំណែងជានាយករដ្ឋមន្ត្រី ប្រមុខដឹកនាំនៃប្រទេសនានានៅលើពិភពលោក បានសម្តែងការអបអរ និងកោតសរសើរភាពឈ្លាសវៃក្នុងការដឹកនាំរបស់សម្តេច ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន ប្រកបដោយនិរន្តរភាព និងបានអះអាងអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើគ្រប់វិស័យជាមួយកម្ពុជាបន្ត ទៀត ។ ថ្ងៃទី១០-១២ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ ថ្ងៃទី១២-១៣ ខែកញ្ញា បានអញ្ជើញទៅកាន់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ដែលធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មទី៤» ។ ថ្ងៃទី៦-១០ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នៅទីក្រុងតូក្យូ ដែលនៅទីនោះសម្តេចតេជោបានគូសបញ្ជាក់ច្បាស់ណាស់ថា កុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ ។ «យើងត្រូវការពារជាតិ ការពារឯករាជ្យ ទោះក្នុងតម្លៃណាក៏ដោយត្រូវការពារប្រជាជនកុំឲ្យស្លាប់សារជាថ្មី» ។ ថ្ងៃទី១១ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកានៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល» ដែលជំនួបកំពូលនេះត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ថ្ងៃទី១៨-១៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២» ដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» ដែលនៅទីនោះ សម្តេចតេជោបានថ្លែងយ៉ាងច្បាស់ថា៖ «សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពី ទសវត្ស៧០ កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង ១ទសវត្ស ពិសេសគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យនៅសហភាពអឺរ៉ុបសម្រាប់កម្ពុជា» ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ នៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ បណ្តាមេដឹកនាំនៃប្រទេសអាស៊ីអឺរ៉ុបទាំងអស់បានឯកភាពគ្នាក្នុងការផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ។ ថ្ងៃទី២០-២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី ។ ថ្ងៃទី២២-២៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីបើកវេទិកាវិនិយោគពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (The 2018 World Investment Forum (WIF) ដែលរៀបចំដោយ UNCTAD ដែលមានប្រមុខដឹកនាំ និងវិនិយោគគិន ព្រមទាំងតំណាងក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោកចូលរួមជាង ៦០០០នាក់ ។ ថ្ងៃទី១៣-១៥ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតនៅប្រទេសសឹង្ហបុរី ដែលធ្វើឡើងក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ព្រមទាំងកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ។ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ពីថ្ងៃទី៥-៦ ខែធ្នូ ដើម្បីពិភាក្សា និងដោះស្រាយអំពីបញ្ហាព្រំដែន និងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ពីថ្ងៃទី៧-៨ ខែធ្នូ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ។ ព្រមជាមួយគ្នានេះ ក៏មានដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដូចជា ទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន ភូជុង អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីសវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤-១៦ ខែមីនា ដែល នៅទីនេះ ក្រោយពីបានទៅទស្សនាអង្គរវត្តរួចមក ឯកឧត្តម មូន ជេអ៊ីន បានបង្ហាញពីអារម្មណ៍រំភើបរីករាយផុសចេញពីក្រអៅបេះដូងរបស់លោកពិតៗថា៖ «ការឈរនៅចំពោះមុខប្រាសាទអង្គរវត្ត អាចជាការគោរពដល់ប្រជាជនកម្ពុជា កាន់តែជ្រាលជ្រៅបន្ថែមទៀត…។ អង្គរវត្តគឺជាអតីតកាលរបស់ប្រទេសកម្ពុជា ហើយនៅពេលជាមួយគ្នានេះ ប្រាសាទនេះ ក៏ជាអនាគតរបស់កម្ពុជាដែរ…។ ខ្ញុំជឿជាក់ថា អព្ភូតហេតុដ៏អស្ចារ្យ នៃទន្លេមេគង្គ និងក្លាយជាការពិត…» ។

សូម្បីតែជនបរទេស ដែលបានមកដល់កម្ពុជា សុទ្ធតែបានសម្តែងការរំភើបស្ញប់ស្ញែង និងមោទនភាពជាមួយប្រជាជនកម្ពុជា ដោយបានឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជា បានឃើញស្នាមញញឹមដ៏ ស្រស់ប្រឹមប្រិយរបស់ប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ។ ចុះវាចម្លែកអី តែពួកក្បត់ជាតិ សម រង្ស៊ី មើលឃើញកម្ពុជាតែក្នុងផ្លូវងងឹត ហើយចិញ្ចឹមចិត្តចងគំនុំតែជាមួយប្រជាជនកម្ពុជា និងរកគ្រប់ឧបាយកលបំផ្លាញកម្ពុជាទៅវិញ? ៕

ដោយ៖ ហ៊ឹម មួន

Facebook Comments
Loading...