ប្រមុខរាជរដ្ឋាភិបាលជំរុញប្រជាពលរដ្ឋចូលរួមស្រឡាញ់ទឹកទន្លេ និងស្រឡាញ់ធនធានធម្មជាតិ

0
355

ភ្នំពេញ៖ ថ្លែងក្នុងពីធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» នៅល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា និងស្រឡាញ់ ទឹកទន្លេ បឹងបួរ ហើយត្រូវទាញយកផលប្រយោជន៍ពីទឹកទន្លេ និងបឹងបួរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអតីតកាលត្រីនៅក្នុងទន្លេច្រើន ប៉ុន្ដែប្រជាពលរដ្ឋតិច ហើយឥលូវប្រជាពលរដ្ឋច្រើន តែត្រីក្នុងទន្លេតិច ដែលត្រូវឲ្យប្រជាពលរដ្ឋចូលរួមស្រលាញ់ទន្លេ និងស្រលាញ់ធនធានធម្មជាតិ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាបុណ្យទន្លេទី៥ នេះ ត្រូវបានធ្វើឡើងលើកទី១ តាមដងទន្លេសាប ដែលជាទន្លេមួយដ៏ធំរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បន្ដរំលឹកឡើងវិញថា គោលបំណងនៃការរៀបចំបុណ្យទន្លេ សំដៅបំផុសស្មារតីដើម្បីឲ្យប្រជាពលរដ្ឋស្រលាញ់ទន្លេ ដែលបម្រើដល់វិស័យជាច្រើនជូនប្រជាជនកម្ពុជា ហើយបុណ្យគឺមានគោលបំណងជាក់លាក់ណាស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្លេរបស់យើងមិនមានត្រីតទៅទៀតនោះទេ ប្រសិនបើប្រជាពលរដ្ឋប្រើប្រាស់មិនចំគោលដៅ។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងថា នៅឆ្នាំ ២០២០ បេក្ខភាពខេត្តដែលត្រូវទទួលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេ ត្រូវតែជាខេត្តដែលមានការអភិវឌ្ឍ និងអភិរក្ស។

សូមបញ្ជាក់ថាប្រទេសកម្ពុជា មានខេត្តជាច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយទន្លេទាំងអស់នេះបាន ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ ខេត្តនីមួយៗត្រូវបន្តយកចិត្តទុកដាក់ និងថែរក្សាចំពោះទន្លេ ជាពិសេសខេត្តណាដែលមានទន្លេ ឬបឹងបួរ ក្នុងខេត្តនោះ គឺត្រូវតែចូលរួមថែរក្សា ការពារ ដូចជាមានករណីបាក់ច្រាំងទន្លេជាដើម ត្រូវមានវិធានការទប់ស្កាត់កុំឱ្យបាក់បន្ត ដើម្បីកុំឱ្យមានការរាលដាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ពីធីបុណ្យទន្លេ លើកទី៥ រៀបចំឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេ៖ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» រយៈពេល០៣ថ្ងៃ ចាប់ពី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ។ ព្រឹត្តការណ៍បុណ្យទន្លេប្រចាំឆ្នាំនេះ បានរៀបចំឱ្យមានការតាំងពិព័រណ៍ សិក្ខាសាលា ការប្រឡងប្រជែង ការអប់រំបរិស្ថាន ការដាំដើមឈើ ការអភិវឌ្ឍទីក្រុងស្អាត ទាក់ទាញទេសចរណ៍ ការសំដែងសិល្បះ ការប្រគំតន្រ្តី និងការប្រកួតកីឡាផ្សេងៗជាច្រើន។

Facebook Comments
Loading...