ក្លឹបអេសស៊ី(SC)សៀមរាបត្រូវបានបង្រ្កាបពាក់ព័ន្ធគ្រឿងញៀន

0
493

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ក្នុងទីតាំងក្លឹប ខារ៉ាអូខេមួយកន្លែង យីហោអេសស៊ី «SC» ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះឃាត់ខ្លូនមនុស្ស ៣០នាក់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និងនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេ នីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។

ជាក់ស្ដែងការបង្ក្រាបនៅយប់មិញនេះ ក្រោមការបញ្ជាពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងស្ថិតក្រោមការសម្របសម្រួលពី លោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។

ការបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេ SC នេះកម្លាំងជំនាញ ឃាត់ខ្លួនបានមនុស្ស៣០នាក់ (ស្រី០៧នាក់) ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី៕

Facebook Comments
Loading...