លោក ទន់ ចាន់ធី ឡើងកាន់ដំណែងប្រធានសាខាគយ និងរដ្ឋាករថ្មី ខេត្តត្បូងឃ្មុំ ជំនួសលោក នូ សុីថា ដែលត្រូវកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ

0
713

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះនៅសាលាខេត្តត្បូងឃ្មុំ ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករថ្មីខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុកជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក ទន់ ចាន់ធី ពីអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង មកជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុថ្មី ជំនួសលោក នូ សុីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំចាស់ ត្រូវបានផ្លាស់ទៅជាប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តមានជ័យវិញ។

លោក នូ សុីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំចាស់ បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រយៈពេលកន្លងមក ដែលជាដែនសមត្ថកិច្ចលោកគ្រប់គ្រងបានលទ្ធផលល្អប្រសើរ។

លោក ទន់ ចាន់ធី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិឲ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រមសីលធម៌ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។
ជាពិសេស គោរពអនុវត្ត នូវភារកិច្ចសំខាន់ៗទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឲ្យបានគ្រប់ និងលើសផែនការ បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិឲ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកដែលមកឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំការងារឲ្យបានល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

ឯកឧត្តម អគ្គនាយករងបានផ្តាំផ្ញើដល់លោក ទន់ ចាន់ធី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តតាម អភិក្រម៤ប្រការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងគោរពអភិក្រមរបស់រាជរដ្ឋាភិបាល៥ប្រការ។

ឯកឧត្តម ក៍បានបញ្ជាក់ផងដែរ ខេត្តត្បូងឃ្មុំ ជាខេត្តចុងក្រោយ គឺជាខេត្តទី៥ ដែលបានប្រកាសផ្លាស់ប្តូរ និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្ត ក្នុងនោះមាន ខេត្តបាត់ដំបង បន្ទាញមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានស្នើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីសាខាគយក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវគោរពក្រមសីលធម៌ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាការចូលរួមសហការឲ្យបានល្អសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អ ពិសេសតាមបន្ទាត់ព្រំដែន ប្រទេសជិតខាង អោយកាន់តែល្អប្រសើរ ទាំងការផ្លាស់ប្តូរទំនិញចេញចូល និងកិច្ចសហប្រតិបត្តិការនានា ធ្វើយ៉ាងណាអោយកម្រិតជីវភាព ប្រជាពលរដ្ឋបានល្អប្រសើរ នេះជាចំនុចសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានបំផុតនោះ ក្រោមការដឹកនាំដ៍ល្អ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

Facebook Comments
Loading...