លោក ដូណាល់ ត្រាំ សម្រេចបញ្ឈប់ការហោះហើរបណ្តោះអាសន្នយន្ដហោះ Boeing 737 MAX

0
63

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើរទាំងអស់របស់​យន្ដហោះ Boeing 737 Max​ 8-9 បន្ទាប់ពីមានសោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 Max 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ។

ថ្លែងចេញពីសេតវិមានកាលពីថ្ងៃពុធ ទី១៣ ខែមីនា លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តខាងលើធ្វើឡើងដោយសារ តែព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអាមេរិក និងប្រជាជននៃបណ្ដាប្រទេសដទៃ ។

លោក ត្រាំ បានលើកឡើងថា៖ «សុវត្ថិភាពប្រជាជនអាមេរិក និងអ្នករាល់គ្នា គឺជាក្ដីបារម្ភរបស់យើង ដូច្នេះហើយ រាល់យន្ដហោះ Max 8 និង Max 9 នឹងត្រូវបានផ្អាកប្រតិបត្តិការហោះហើរជាបណ្ដោះអាសន្ន» ។ ទន្ទឹមគ្នានោះ ប្រធានាធិបតីអាមេរិក ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា ក្រុមហ៊ុន Boeing អាចនឹងឆ្លើយតបបានចំពោះ បញ្ហាពាក់ព័ន្ធនឹងមូលហេតុធ្លាក់យន្ដហោះនៅ អេត្យូពី ។

គួរបញ្ជាក់ថា សោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 Max 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ បានផ្ដាច់ជីវិតមនុស្ស១៥៧ នាក់ ហើយវាគឺជាលើកទី២ បន្ទាប់ពីយន្ដហោះប្រភេទនេះ បានធ្លាក់នៅឥណ្ឌូនេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ សម្លាប់ជីវិតមនុស្ស១៨៩នាក់ ។ មកទល់នឹងពេលនេះ មានប្រទេសច្រើនជាង៥០ រួមមានទាំង កាណាដា និងសហរដ្ឋអាមេរិកផងដែរ បានផ្អាករាល់ប្រតិបត្តិការរបស់យន្ដហោះ Boeing 737 Max នៅក្នុងដែនអាកាសរបស់ខ្លួន ។

Facebook Comments
Loading...