លោក ត្រាំមិនប្រញាប់ទេ នៅក្នុងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

0
26

បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែមីនាថា លោកមិនប្រញាប់ប្រញាល់ពេកទេ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយបានទទូចថា កិច្ចព្រមព្រៀងមួយ ត្រូវតែរួមបញ្ចូលការការពារកម្មសិទ្ធិបញ្ញា ដែលជាចំណុចសំខាន់មួយរវាងភាគីទាំងពីរ ។

លោក ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំកំពូលមួយ នៅឯមណ្ឌលកំសាន្ត Mar-a-Lago របស់ប្រធានាធិបតី នៅរដ្ឋ Florida នៅចុងខែនេះ ប៉ុន្តែពុំមានកាលបរិច្ឆេទណាមួយត្រូវបានកំណត់ ហើយក៏គ្មានកិច្ចពិភាក្សា ដោយផ្ទាល់រវាងក្រុមពាណិជ្ជកម្មទាំងពីរ ក្នុងរយៈពេលជាងពីរសប្តាហ៍ឡើយ ។

លោកប្រធានាធិបតី បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅសេតវិមានថា មានឱកាសដ៏ល្អមួយដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើង ។ ប៉ុន្តែលោកបានទទួលស្គាល់ថាលោក ស៊ី អាចប្រុងប្រយ័ត្នក្នុងការចូលរួមកិច្ចប្រជុំកំពូលមួយ ដែលគ្មានកិច្ចព្រមព្រៀងនៅក្នុងដៃ ក្រោយពីលោក ត្រាំ បញ្ចប់កិច្ចចរចាដាច់ដោយឡែកមួយ នៅក្នុងប្រទេសវៀតណាម ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាព ។

ប្រធានាធិបតី ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេលយូរ អាចត្រូវបានបញ្ចប់មុនកិច្ចប្រជុំប្រធានាធិបតី ឬ បញ្ចប់ដោយផ្ទាល់ជាមួយសមភាគីរបស់លោក ។ យើងអាចមានកិច្ចព្រមព្រៀង ហើយចុះហត្ថលេខា ឬយើងអាចទទួលបានកិច្ចព្រមព្រៀងមួយ ដែលជិតបញ្ចប់ ហើយចរចាចំណុចមួយចំនួន ។

លោក ត្រាំ បានសម្រេចចិត្តកាលពីខែមុន ដោយមិនឱ្យបង្កើនពន្ធលើទំនិញរបស់ចិន នៅដើមខែមីនា ដោយផ្តល់នូវភាពជោគជ័យដល់ការចរចា ។ ប៉ុន្តែឧបសគ្គនៅតែមាន ហើយកម្មសិទ្ធិបញ្ញាគឺជាផ្នែកមួយ ។ ក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ក្រុងប៉េកាំងថា បានបង្ខំឱ្យក្រុមហ៊ុនអាមេរិក ចែករំលែកកម្មសិទ្ធិបញ្ញា និងផ្ទេរបច្ចេកវិទ្យារបស់ខ្លួន ទៅឱ្យដៃគូក្នុងស្រុកដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសចិន ។ ទីក្រុងប៉េកាំងបដិសេធថា ខ្លួនមិនចូលរួមក្នុងការអនុវត្តបែបនេះទេ ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា៖ “ខ្ញុំគិតថាអ្វីៗនឹងមានដំណើរការយ៉ាងល្អ ខ្ញុំមិនប្រញាប់ទេ ខ្ញុំចង់អោយកិច្ចព្រមព្រៀងនេះមានភាពត្រឹមត្រូវ” ។ វាត្រូវតែជាកិច្ចព្រមព្រៀងមួយដ៏ល្អសម្រាប់យើង ហើយបើមិនដូច្នោះទេ យើងនឹងមិនធ្វើកិច្ចព្រមព្រៀងនោះទេ”។

Facebook Comments
Loading...