ប្រទេសច្រើនទៀតហាមមិនឱ្យយន្តហោះ Boeing 737 MAX 8 ហោះហើរ នៅពេលមានការកើនឡើងការព្រួយបារម្ភពីសុវត្ថិភាព

0
33

បរទេស៖ ប្រទេសច្រើនថែមទៀតបានចូលរួមនៅក្នុងជួរដែលហាមមិនឱ្យយន្តហោះ Boeing 737 MAX 8 ហោះហើរនៅពេលមានការកើនឡើងការព្រួយបារម្ភពីសុវត្ថិភាពបន្ទាប់ពីការធ្លាក់លើកទី២ នូវម៉ូដែលយន្តហោះដូចគ្នានេះ ក្នុងពេលមិនដល់ ៥ ខែនោះ ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រកាសនៅលើវេបសាយរបស់ខ្លួនថា បន្ទាប់ពីការវាយតម្លៃព័ត៌មាន ដែលមានជាប់ទាក់ទងនឹងប្រតិបត្តិការយន្តហោះ 737 MAX « ដើម្បីធានាសុវត្ថិភាពការហោះហើរ » នោះប្រទេសវៀតណាម បានសម្រេចបិទដែនអាកាសរបស់ខ្លួនសម្រាប់យន្តហោះ 737 MAX ចាប់តាំងពីម៉ោង១០​ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធនេះ ។
អាជ្ញាធរសាធារណៈសម្រាប់អាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេះ បាននិយាយពីថ្ងៃអង្គារថា ប្រទេសអូម៉ង់កំពុងផ្អាកជាបណ្តោះអាសន្នប្រតិបត្តិការរបស់យន្តហោះ Boeing 737 MAX ចូលនិងចេញពីព្រលានយន្តហោះអូម៉ង់ទាំងអស់រហូតដល់មានការជូនដំណឹងថែមទៀត ។

ដោយសារការហាមមិនឱ្យហោះហើរនេះ ក្រុមហ៊ុនយន្តហោះជាតិ Oman Air បាននិយាយនៅលើវេបសាយរបស់ខ្លួនថា ខ្លួននឹងលុបចោលជើងហោះហើរមួយចំនួនពីថ្ងៃទី១២​ ដល់ថ្ងៃទី១៩ ខែមីនានេះ ។

ទីភ្នាក់ងារព័ត៌មាន Emirates បាននិយាយពីថ្ងៃអង្គារថា ប្រទេសអេមីរ៉េតអារ៉ាប់រួម (​UAE ) ទីផ្សារយ៉ាងសំខាន់មួយទៀតសម្រាប់យន្តហោះនេះ នៅលើឧបទ្វីបអារ៉ាប់ក៏បានហាមផងដែរមិនឱ្យមានប្រតិបត្តិការយន្តហោះ Boeing 737 MAX 8 ម៉ូដែលទាំងអស់ដើម្បីធានាសុវត្ថិភាព ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលរបស់​ UAE ព្រមទាំងសាធារណជន ។

បណ្តាប្រទេសដែលបានបញ្ជាមិនឱ្យមានការហោះហើរដូចគ្នានេះ រួមមានប្រទេសឥណ្ឌា , ប៉ូឡូញ , នូវែលសេឡង់ , ហ្វីជី , អ៊ីតាលី , តួកគី , បារាំង , អាល្លឺម៉ង់ , អង់គ្លេស , ម៉ាឡេស៊ី , អូស្ត្រាលី , សិង្ហបូរី និងចិន ក្នុងចំណោមប្រទេសដទៃទៀត ។
កាលពីក្នុងខែតុលា ឆ្នាំ ២០១៨ យន្តហោះ Lion Air មួយគ្រឿងដែលក៏ជាយន្តហោះ 737 MAX 8 ផងដែរនោះ បានធ្លាក់ចូលក្នុងសមុទ្រនៅឯនាយរដ្ឋធានីហ្សាការតា របស់ឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្សទាំង១៨៩ នាក់ដែលជិះនៅលើយន្តហោះនេះ ៕

Facebook Comments
Loading...