ឯកឧត្តម យន្ត មីន បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីចាត់វិធានការចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យ

0
675

ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីចាត់វិធានការចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុងស្រុកទាំង៤ លាំងកងរាជអាវុធហត្ថ ខេត្តនិងស្នងការនគរបាលខេត្តព្រះសីហនុ។

គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាន់ល្ងាចនេះគឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយនិងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមពលរដ្ឋមួយចំនួនដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃដែលនៅទំនេរនិងដីសាធារណៈរបស់រដ្ឋផងដែរ។

សូមជម្រាបជូនថារយៈពេលប្រមាណជាងមួយសប្តាហ៍ចុងក្រោយនេះក្រុមពលរដ្ឋមកពីខេត្តផ្សេងៗទាំងហ្វូងៗបានធ្វើការប្រមូលផ្ដុំគ្នា ចូលទៅទន្ទ្រានកាន់កាប់វាស់វែងដីចែកគ្នានៅស្ទើរគ្រប់ស្រុក-ក្រុង ទៅតាមចំណែករៀងៗខ្លួន។

បន្ទាប់ពីក្រុមអាជ្ញាធរតាមមូលដ្ឋានបានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ពិនិត្យឃើញថាក្រុមប្រជាពលរដ្ឋទាំងនេះគឺបានចល័តមកពីតំបន់ ឬខេត្តផ្សេងៗតាមការចលនាអូសទាញរបស់មេខ្លោងលាក់មុខនៅពីក្រោយខ្នងដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃរួមជាមួយនឹងដីរបស់រដ្ឋក្រោមហេតុផលថាមានភាពក្រីក្រគ្មានដីគ្មានផ្ទះនៅ ។

ករណីនេះអាជ្ញាធរធ្វើការសន្និដ្ឋានថាគឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យក្រោមល្បិច ឈ្នះបានដីចាញ់បានលុយប៉ុណ្ណោះ។

ជាវិធានការចំពោះមុខនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រគល់ភារៈកិច្ចជូនគណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំងអស់ ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំងដែលក្រុមគាត់ចូលទន្ទ្រានកាន់កាប់នោះដើម្បីអោយពួកគាត់បានយល់ដឹងព្រមទាំងកំណត់អត្តសញ្ញាណពួកគាត់អោយបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់និងចាកចេញពីទីតាំងទន្ទ្រានដើម្បីចៀសវាងមានបញ្ហានៅពេលអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បាន ដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ត្រូវធ្វើការស្រាវជ្រាវតាមដានរកមុខសញ្ញាមេខ្យល់ទាំងអស់នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានលើកលែង។

ឯកឧត្តម យន្ត មីន បានបញ្ជាក់បន្ថែមថា ៖ ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។

ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុក៏បានផ្ញើសារអំពាវនាវដោយទទូចដល់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យទាំងអស់នោះ សូមនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេនិងដីសាធារណៈរបស់រដ្ឋដើម្បីកុំអោយមានបញ្ហាប្រឈម៕

Facebook Comments
Loading...