មេដឹកនាំកីឡា៖កីឡាករ-កីឡាការិនីម្នាក់មានសិទ្ធិជ្រើសរើសប្រភេទកីឡាតែ១មុខគត់ដើម្បីលេង

0
82

ភ្នំពេញ៖ លោកអ៊ុក សិទ្ធិជាតិជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ឲ្យដឹងថា កីឡាករ-កីឡាការិនីគ្រប់ប្រភេទទាំងអស់ក្នុងមួយម្នាក់អនុញ្ញាតឲ្យលេងតែមួយប្រភេទកីឡាហើយបើប្រភេទកីឡាតែមួយអាចលេងបាន២ឬ៣វិញ្ញាសាតាមលក្ខខណ្ឌបច្ចេកទេសកំណត់។

លោកបានបន្តថា សហព័ន្ធកីឡាជាតិត្រូវអនុវត្តឲ្យបាននូវគោលការ “កីឡាករម្នាក់ជំនាញពិសេសមួយ” ក្នុងនោះសហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រូវរៀបចំតម្រង់ទិសជំនាញដោយកីឡាករ ឬកីឡាការិនីម្នាក់ត្រូវជ្រើសរើសប្រភេទកីឡាតែ១មុខ វិញ្ញាសាតែមួយគត់ ។

កីឡាករ-កីឡាការិនីម្នាក់ៗត្រូវកំណត់ដុសខាត់ សម្រួច ឯកទេសជំនាញ នៃទេពកោសល្យបច្ចេកទេសណា១ ឬក្នុងតួនាទីបច្ចេកទេសប្រចាំក្រុមឲ្យបានគត់មុត។ការសម្រួចឯកទេសបែបនេះគឺដើម្បីក្ដីសង្ឃឹមនៃការដណ្ដើមមេដាយ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

ដោយឡែកលោកថោង ខុនប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាក៏បានមានប្រសាសន៍ដែរថាដើម្បីអភិវឌ្ឍកីឡាកម្រឹតខ្ពស់ឲ្យមានប្រសិទ្ធភាពនោះគឺត្រូវឈរលើទ្រឹស្ដីវិទ្យាសាស្ដ្រកីឡាដែលទាមទារឲ្យតែមានសកម្មភាពជាប្រចាំក្នុងការហាត់ហ្វឹកហ្វឺន និងចូលរួមប្រកួតឲ្យបានច្រើន ។

ក្នុងការហាត់ហ្វឹកហ្វឺនគឺ ត្រូវមានមូលដ្ឋានហ្វឹកហាត់លើគុណភាពកម្លាំងកាយបច្ចេកទេសស្មារតីដោយមានសាល ឧបករណ៍សម្ភារៈ បង្កើនគុណភាពកម្លាំង កាយគ្រប់គ្រាន់ គ្រូបង្វឹកមានគុណភាព មានបទពិសោធន៍ខ្ពស់ មានគ្រូជំនាញចិត្តសាស្ដ្រ ធ្វើលំហាត់ចិត្តសាស្ដ្របានត្រឹមត្រូវ មានពេទ្យព្យាបាលទាន់ពេលវេលា មាន អាហារូបត្ថម្ភគ្រប់គ្រាន់ ការស្នាក់នៅសមរម្យ និងមានវិន័យម៉ត់ចត់ល្អ។

លោកថោងខុនបានលើកឡើងថាកន្លងមកមានកីឡាករកីឡាការិនីខ្លះហ្វឹកហាត់និងចូលរួមប្រកួត២ឬ៣ប្រភេទកីឡា ផ្សេងៗគ្នា ។ ម្យ៉ាងទៀតកីឡាករ-កីឡាការិនីខ្លះចាប់យកវិញ្ញាសាច្រើន ច្របូកច្របល់គ្នាពេលខ្លះត្រូវផ្លាស់ ប្ដូរវិញ្ញាសាហ្វឹកហាត់ជាច្រើនដង ឬប្ដូរមុខងារក្នុងក្រុមច្រើនដងដែល ធ្វើបែបនេះ មិនអាចរក្សាបាននូវនិរន្ដភាពជំនាញ និងពន្លឿនគុណផលកីឡាបាននោះឡើយ ។

Facebook Comments
Loading...