កូរ៉េខាងជើង បំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

0
172

បរទេស៖ របាយការណ៍របស់អង្គការ សហប្រជាជាតិបានរកឃើញថា កូរ៉េខាងជើងបានបំពានទណ្ឌកម្ម របស់អង្គការសហប្រជាជាតិជាមួយនឹងការកើនឡើងនៃការនាំចូលប្រេង និងការនាំចេញធ្យូងថ្ម ។

ឯកសារដែលមានចំនួន 400ទំព័រ បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយក្រុមអ្នកជំនាញការរបស់ UN បាននិយាយអំពីកូរ៉េខាងជើងថា ក្រុងព្យុងយ៉ាងក៏បានព្យាយាមលក់អាវុធ ទៅឲ្យមជ្ឈឹមបូព៌ា និងបានលួចចូលធនាគារ នៅទូទាំងពិភពលោក ។

របាយការណ៍បានលើកឡើងបន្ទាប់ពីបរាជ័យនៃការចរចាកាលពីខែមុន រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការខ្វែងគំនិតគ្នា នៅពេលត្រូវដកទណ្ឌកម្ម ដើម្បីផ្លាស់ប្តូរជំហានឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង ។

របាយការណ៍នេះបាននិយាយថា ក្រុងព្យុងយ៉ាងបានទាត់ចោលទណ្ឌកម្ម ដោយបង្កើនការផ្ទេរទំនិញពី នាវាទៅនាវា នៅក្នុងសមុទ្រ ។ មន្រ្តីជប៉ុនបានសង្កេតឃើញថា នាវារបស់កូរ៉េខាងជើងចូលរួមក្នុងការផ្ទេរទំនិញពី នាវាទៅនាវា ។ ប្រទេសនេះ នៅតែបន្តប្រឆាំងនឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខតាមរយៈការបង្កើន ការដឹកជញ្ចូនប្រេងឥន្ធនៈ និងធ្យូងថ្មទៅលើនាវាខុសច្បាប់ ។ ការលក់ធ្យូងថ្មរបស់កូរ៉េខាងជើង បានក្លាយជាការនាំចេញ ដ៏មានតម្លៃបំផុតរបស់ប្រទេសនេះ ។ ការដាក់ទណ្ឌកម្មរបស់ UN ជាការពិន័យទីក្រុងព្យុងយ៉ាងដែលបានសាកល្បងមីស៊ីល និងនុយក្លេអ៊ែរឆ្នាំ 2017 ។ របាយការណ៍ UN ក៏បានចោទប្រកាន់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង នៅទូទាំងពិភពលោកថា បានសម្របសម្រួល និងផ្តល់ការផ្ទេរទំនិញប្រេងពី នាវាទៅនាវាខុសច្បាប់ និងការបង្កើនចំនួននាវាដឹកទំនិញទៅកាន់កប៉ាល់ ។

របាយការណ៍បានបន្ថែមទៀតថា កូរ៉េខាងជើង បានប៉ុនប៉ងផ្គត់ផ្គង់អាវុធធុនតូចអាវុធធុនស្រាល និងបរិក្ខាយោធាដទៃទៀត ដល់ពួកឧទ្ទាមហ៊ូពី នៅប្រទេសយេម៉ែន ក៏ដូចជាប្រទេសលីប៊ី និងស៊ូដង់តាមរយៈអន្តរការីបរទេស ។ លោក គឹមសុង ជាបេសកជនរបស់កូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយកាលពីថ្ងៃចន្ទជូនអគ្គលេខាធិការលោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ លុបចោលការដាក់ទណ្ឌកម្ម ។ បញ្ហាទណ្ឌកម្មបានក្លាយជាចំណុចសំខាន់ ក្នុងការចរចាររវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រីយ៉ុងហូ បាននិយាយថា កូរ៉េខាងជើងបានស្នើសុំឱ្យដកចេញនូវទណ្ឌកម្ម 5 ក្នុងចំណោមទណ្ឌកម្មទាំង 11 ដែលដាក់ដោយអង្គការសហប្រជាជាតិ ដែលជាការរារាំងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង ។ (World News ថ្ងៃទី១៣ ខែមីនា)

Facebook Comments
Loading...