ឆ្មាំព្រៃ ខ្សែភាពយន្តដែលជួយលើកស្ទួយកិច្ចការពារធនធានធម្មជាតិ

868

ឆ្មាំព្រៃ គឺជាខ្សែភាពយន្តឯកសារ ដែលបង្ហាញ អំពីជីវិតរបស់សមាគមព្រះសង្ឃ ដែលបានចូលរួមស្ម័គ្រចិត្ត ដើរតួនាទី ជាអ្នកការពារព្រៃឈើ ធម្មជាតិរួមទាំងសត្វព្រៃ ត្រី និងធនធានជាច្រើនទៀត។ ព្រៃនោះគឺត្រូវបានស្គាល់ថាជា សហគមន៍«ព្រៃសង្ឃរុក្ខវ័ន»ដែលមានទីតាំងនៅស្រុកអន្លង់វែង ជាកន្លែងតស៊ូចុងក្រោយ បំផុតរបស់កងកម្លាំងខ្មែរក្រហម។

ព្រះតេជគុណ ប៊ុន សាលួត គឺជាប្រធានគណៈកម្មការសហគមន៍ព្រៃសង្ឃរុក្ខវ័ន និងជាតួអង្គ នៃខ្សែភាពយន្ត បានបង្កើតព្រៃសហគមន៍ ជាមួយនិងអតីតយោធាខ្មែរក្រហម និងមិត្តភក្តិដទៃទៀត បន្ទាប់ពីព្រះតេជគុណ បានបង្ហាញអំពីក្តីសុបិនក្នុងការពារបរិស្ថាន។ ព្រៃនេះធ្លាប់ជាសមរភូមិប្រយុទ្ធគ្នារវាងខ្មែរក្រហម និង រាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការចុះកិច្ចព្រៀមព្រៀងសន្តិភាពនៅអន្លង់វែងចុងឆ្នាំ១៩៩៨។ មិត្តភក្តិព្រះអង្គបានជម្រុញទ្រង់ឲ្យធ្វើសកម្មភាពទៅលើការការពារ និងការថែរក្សាព្រៃឈើ ដោយសារតែធនធានធម្មជាតិដ៏សម្បូរបែបទាំងនោះស្ថិតក្រោមការគម្រាមគំហែងព្រះអង្គក៏បានប្តេជ្ញាជីវិត ការពារ និងថែរក្សាព្រៃឈើ។