បំបែកសំនុំរឿងឃាតកម្មសម្លាប់ ថៅកែរោងម៉ាស៊ីនកិនស្រូវ ដោយដុតនឹងកង់គោយន្តកន្ត្រៃ នៅស្រុកថ្មពួក

0
1073

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ថៅកែរោងម៉ាស៊ីនកិនស្រូវ ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់បងប្អូន បញ្ជូនទៅតុលាការ។

តាមប្រភពព័ត៌មាន ដែលទទួលបានករណីឃាតកម្មគិតទុកជាមុនខាងលើ បានកើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះពីម៉ោង១០ ដល់ ១២ ថ្ងៃត្រង់ ស្ថិតនៅចំណុចព្រៃអាព្រហ្ម ក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានសម្លាប់ជនរងគ្រោះឈ្មោះ ហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបបបើករោងម៉ាស៊ីនកិនស្រូវ និងបើកឡានយកស្រូវតាមផ្ទះទៅកិន។

ក្រោមការដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអោយលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង កម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាលស្រុក ធ្វើការចុះស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ទី១-ឈ្មោះ ស៊ួត សុភាក់ ហៅភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ និងទ២-ឈ្មោះ ស៊ួត សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាបងប្អូនបង្កើត រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាមួយគ្នា ដើម្បីធ្វើការសាកសួរ។

យោងតាមចម្លើយសារភាព ជនសង្ស័យទាំងពីរនាក់ ចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួនពីរកាំបិត ត្រូវចំក និងត្រូវចំដៃ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបានយកកង់មុខគោយន្តកន្ត្រៃចំនួន ០៤ និងកង់មុខត្រាក់ទ័រចំនួន ០១ ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង ពិតប្រាកដមែន។

ក្រោយការឃាត់ខ្លួន សាកសួរជនសង្ស័យទាំងពីរ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ទៅតុលាការ ៕

Facebook Comments
Loading...