មួកសុវត្តិភាពចំនួន២០០ត្រូវបានមន្រ្តីនៃក្រសួងសាធារណៈការ និងដឹកជញ្ចូន សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើយុទ្ធនាការចែកជូនប្រជាពលរដ្ឋ

920

ខេត្តមណ្ឌលគិរី៖ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ មានការយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ព្រមទាំងកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដែលប្រព្រឹត្តទៅស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា យុទ្ធនាការចែកមួកសុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកធ្វើដំណើរបើកបរម៉ូតូនៅតាមដងផ្លូវ មិនពាក់មួកសុវត្ថិភាពនៅក្នុងក្រុងសែនមនោរម្យចំនួន២០០មួក ក្នុងនោះមួកមនុស្សចាស់មានចំនួន១៤០មួក និងមួកកូនក្មេងមានចំនួន៤០មួក ថែមទាំង ចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៥០០ក្បាល ស្ទីកឃ័រចំណាំងផ្លាតចំនួន៦០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងចំនួន៥០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន៦០០ ច្បាប់ និងផ្លិតសុវត្ថិភាពចំនួន៤០០ផ្លិត។

ក្នុងយុទ្ធនាការចុះចែកមួកសុវត្តិភាព លោក ព្រំ វន្ថា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់ ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយការពាក់មួកសុវត្តិភាពនេះដែរ គឺដើម្បីការពារដល់គ្រោះថ្នាក់ផ្សេងៗ និងការពារធូលីដីហុយចូលភ្នែកពេលកំពុងបើបរនៅតាមដងផ្លូវ ជាពិសេស កាត់បន្ថយគ្រោះថ្នាក់ ដែលកើតឡើងដោយយថាហេតុ។

ជាងនេះទៅទៀត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បប់ចរាចរណ៍ផ្លូវគោកទាំងអស់ ពេលបើកបរម៉ូតូ ត្រូវមានមួកសុវត្តិភាព មានកញ្ចក់ និងមានស្លាកលេខត្រឹមត្រូវ ហើយចូលរួមគោរពនូវស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងត្រូវកំណត់ល្បឿនបើកបរទៅតាមការកំណត់របស់ច្បាប់ចរាចរណ៍ផ្លូវគោក ដូចជានៅតាមទីប្រជុំជនម៉ូតូ ត្រូវបើកក្នុងល្បឿន៣០គីឡូម៉ែត ក្នុងមួយម៉ោង នៅក្រៅទីប្រជុំជនគឺ ៦០គីឡូម៉ែតក្នុងមួយម៉ោង ចំណែករថយន្តនៅតាមទីប្រជុំជន គឺ៤០គីឡូម៉ែតក្នុងមួយម៉ោង និងនៅក្រៅទីប្រជុំជនគឺ៨០គីឡូម៉ែតក្នុងមួយម៉ោង ជៀសវាងមានបញ្ហា ដែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតអ្នក និងអ្នកដ៏ទៃ ដូចពាក្យស្លោកបានលើកឡើងថា ថ្ងៃនេះថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕ ដោយ៖ មនោរម្យ