ដល់ម៉ោងចូលសវនការ !! លោក ថោង សាវ៉ាត់ ស្រែក​ទ្រហោយំ សុំត្រឡាប់ទៅកាន់មន្ទីរពេទ្យវិញ

0
790

ភ្នំពេញ៖ រឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ត្រូវ​បាន​សាលាដំបូង​រាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ បន្ត​បើកសវនាការ​ដោយ​មាន​ជនជាប់ចោទ​៦​នាក់ ក្នុង​នោះ​៥​នាក់​ត្រូវ​បាន​តម្រូវ​ឲ្យ​នាំ​មក​ឈរ​នៅ​មុខរង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​ដេញដោល និង​ម្នាក់​បាន​ស្លាប់​ក្នុង​ពេល​ឃុំខ្លួន​បណ្តោះអាសន្ន​កន្លង​មក ។

ជនជាប់ចោទ​មាន ៖ ១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន​៩៩៩ ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។ ២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជន​ដៃដល់ ។ ៣-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជន​ដៃដល់​ស្លាប់​ក្នុង​ពន្ធនាគារ ជាប់ចោទ​​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ។ ៤-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។៥-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ២៧​ឆ្នាំ និង៦-​ឈ្មោះ ឈុ​ន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

ខណៈ​អង្គ​សវនាការ​ដំណើរការ ជន​ជាប់ចោទ ថោ​ង សា​រ៉ាត់ បាន​ស្រែក​ទ្រហោយំដោយ​អះអាង​ថា​ សុខ​ភាព​​មិន​ស្រួល ។ ពេល​នោះ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះបាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួ​ពេទ្យ​ចូល​ពិនិត្យ​អាការ​ហើយ​បញ្ជាក់​ថា ថោ​ង សា​រ៉ាត់ ឡើង​សម្ពាធ​ឈាម​ខ្ពស់ ទើប​តម្រូវ​ឲ្យ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​វិញ។

គេ​សង្កេត​ឃើញ​ទៀត​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ យំ​សស្រាក់ ​ហើយ​ត្រូវ​បាន​ដាក់​លើរទេះរុញ ចុះ​តាម​ជណ្តើរ​យន្ត​ នាំ​ចូល​រថយន្ត​សង្គ្រោះ​ក្នុង​សម្លៀក​បំពាក់​ធម្មតា មិនមែន​ស្លៀក​ឈុត​អ្នកទោស​ដូច​កូនចៅ​៤​នាក់​នោះ​ទេ ។

ទោះបី​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ តម្រូវ​ឲ្យទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​យ៉ាងណា​ក្តី ក៏​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​ដំណើរការ​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​នេះ​ជា​ធម្មតា ក្រោម​ការ​សាកសួរ​ដេញដោល ជនជាប់ចោទ​ជា​អតីត​អង្គរក្ស​៤​នាក់​នោះ ព្រោះ​ជា​សវនាការ​ប្រើ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ក៏​រាប់​ការ​លើក​នីតិវិធី​ជំនុំជម្រះ​មិន​អស់​ដែរ ព្រោះ​ច្រើន​ដង​ពេក រាប់​ដង​មិន​អស់​ទេ ៕

Facebook Comments
Loading...