កូរ៉េខាងត្បូងសន្យាធ្វើកិច្ចការងារដើម្បីបន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង

0
81

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសថា ប្រទេសរបស់លោកនឹងខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍មួយជាមួយអ្នកជំនួយការរបស់លោកនៅក្នុងទីក្រុងសេអ៊ូល ថ្នាក់ដឹកនាំកូរ៉េខាងត្បូងរូបនេះបាននិយាយថា ប្រសិនបើកូរ៉េខាងជើងបើកចំហសេដ្ឋកិច្ចរបស់ខ្លួន បណ្តាប្រទេសជិតខាង អង្គការអន្តរជាតិ និងមូលនិធិពិភពលោកនឹងចូលរួមក្នុងដំណើរការនេះ។

លោកបាននិយាយបន្ថែមទៀតថា ក្នុងអំឡុងពេលនៃដំណើរការនេះ កូរ៉េខាងត្បូងមិនគួរបោះបង់ តួនាទីរបស់ខ្លួនដែលជាអ្នកត្រួសត្រាយផ្លូវនោះទេ ប៉ុន្តែនឹងធ្វើជាម្ចាស់នៃវាសនារបស់ខ្លួននៅក្នុងឧបទ្វីបកូរ៉េ។

ការប្រកាសរបស់លោក Moon បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីលោកបានផ្តល់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលជាផ្នែកមួយនៃវិធានការនានាដែលសហរដ្ឋ អាមេរិកអាចនឹងផ្តល់ឱ្យកូរ៉េខាងជើងក្នុងការដោះដូរចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

នៅក្នុងកិច្ចអភិវឌ្ឍន៍ចុងក្រោយបង្អស់ គណៈកម្មាធិការសន្ដិសុខអង្គការសហប្រជាជាតិស្តីពីកូរ៉េខាងជើងបានអនុញ្ញាតឱ្យអង្គការអន្ដរជាតិចំនួនបី ដើម្បីដឹកជញ្ជូនទំនិញទៅកាន់កូរ៉េខាងជើងសម្រាប់កម្មវិធីជំនួយមនុស្សធម៌ ដែលរួមមានអង្គការសុខភាពពិភពលោក (WHO) អង្គការ ព្រួយបារម្ភពិភពលោករបស់ អៀរឡង់ និងអង្គការ Welthungerhilfe របស់អាល្លឺម៉ង់។

អង្គការទាំងនោះបានបង្ហាញផែនការនាំយកទំនិញទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានអនុម័តជាបន្តបន្ទាប់។ ទំនិញទាំងនេះរួមមានទាំងឧបករណ៍លាងសម្អាត និងការធ្វើតេស្តវិទ្យុសកម្ម ព្រមទាំងឧបករណ៍ទូរគមនាគមន៍ពីអង្គការសុខភាពពិភពលោកដើម្បីប្រើនៅក្នុងការិយាល័យរបស់ពួកគេ ក៏ដូចជាចំណីអាហារ និងឧបករណ៍ផលិតផលរបស់អង្គការ Welthungerhilfe ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គណៈកម្មាធិការនេះនឹងមិនប្រកាសអំពីបញ្ជីជាក់លាក់នៃមុខទំនិញ និងតម្លៃរបស់ទំនិញទាំងនោះដែរ៕

Facebook Comments