សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ

0
703

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។

ក្នុងជំជួបនោះ លោក Nobert BARTHLE បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីអំពីការដឹកនាំប្រតិភូចំរុះដែលមានសមាជិកសភាផង និងមានសមាជិករដ្ឋាភិបាលផង មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីគម្រោងទាំងឡាយដែលសហព័ន្ធអាល្លឺម៉ង់បានធ្វើនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីបានជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តិការនៅលើគម្រោងជាច្រើនបន្ថែមទៀត ដោយអនុវត្តទៅតាមការណែនាំពីលោកស្រីអធិការបតី Angela Merkel ដែលកន្លងមកលោកស្រីតែងតែគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ។

លោក Nobert BARTHLE បានជម្រាបជូនសម្តេចតេជោថា លោកបានកត់សម្គាល់ពីការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយសង្កេតឃើញមានការវិនិយោគជាច្រើន នៅក្នុងនោះលោកក៏មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើនពីអាល្លឺម៉ង់អោយមកកម្ពុជាផងដែរ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយកមន្រ្តី គឺបាននាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដែលបានធ្វើអោយសេដ្ឋកិច្ចរឹងមាំ មានស្ថិរភាព និងសន្តិភាព ដែលនេះជាស្នាដៃដ៏ធំធេងរបស់ សម្ដេចតេជោ។ លើសពីនេះទៅទៀតលោកក៏បានជម្រាបជូនសម្ដេចតេជោថាកន្លងមកគឺមានអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើនបានចាប់អារម្មណ៍ មកវិនិយោគនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងផ្ញើការសួរសុខទុក្ខជូនចំពោះលោកជំទាវអធិការបតីអាល្លឺម៉ង់ ដែលបានផ្ញើលិខិតអបអរសាទរចំពោះសម្ដេច ដែលបានជាប់ឆ្នោតជានាយកមន្រ្តីកន្លងមកនេះ។ សម្តេចតេជោបានមានប្រសាសន៍ និងអរគុណចំពោះការវាយតម្លៃដោយស្មោះត្រង់ចំពោះការវិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសម្តេចតេជោបានបញ្ជាក់ថា ទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៩ គឺសម្តេចបានជួបមនុស្សតែ៧០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ ភ្នំពេញមានមនុស្សជាច្រើនបានកំពុងរស់នៅយ៉ាងសុខសប្បាយ និងមានការអភិវឌ្ឍយ៉ាងច្រើន។

សម្តេតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៏ថា ការអភិវឌ្ឍនេះទទួលបានត្រឹមក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលនាំអោយប្រទេសទទួលបាននូវសុខសន្តិភាព ហើយការអភិវឌ្ឍន៍នេះ ក៏មានការចូលរួមពីបណ្តាប្រទេសនានា ក្នុងនោះក៏មានអាល្លឺម៉ង់ផងដែរ។

សម្តេចតេជោក៏បានមានប្រសាសន៍ថា ទោះបីជាពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយ ហើយក្នុងនោះកម្ពុជាបានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនោះរួមមាន ការអភិវឌ្ឍធនធានមនុស្ស បញ្ហាទឹកស្រោចស្រប់ បញ្ហាទូរគមនាគមន៍ គមនាគមន៍ និងបញ្ហាអគ្គិសនីផងដែរ។

លោក Nobert BARTHLE បានបញ្ជាក់សារជាថ្មីជូន សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសអាល្លឺម៉ង់គឺគាំទ្រ និងបន្តសហការជាមួយ សម្ដេចតេជោជានិច្ច ជាពិសេសនៅជាមួយសម្ដេចតេជោក្នុងការជួយដល់កម្ពុជា ដូចជាការជួយលើវិស័យកសិកម្ម អគ្គិសនីការប្រើប្រាស់ផ្ទាំងសូឡា ប្រព័ន្ធស្រោចស្រពទឹក និងជំរុញការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។ លោកបានមានប្រសាសន៍ថា យើងនឹងដើរជាមួយគ្នា និងបន្តសហការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត៕

Facebook Comments
Loading...