លិខិតមិត្តអ្នកអាន៖ «យើងត្រូវចេះរស់ ព្រោះយើងរធ្លាប់តស៊ូដើម្បីរស់រួចមកហើយ»

0
89

(ភ្នំពេញ)៖ ជាដំបូងខ្ញំសូមលើកឡើងអំពីអ្វីទៅជា EBA? EBA គឺជាអ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ ដែលបានមកពីពាក្យថា Everything But Arm (EBA) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។

EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ។

ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះផ្តល់អទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។

ក្នុងរយៈពេលចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ វាយតម្លៃថា នៅតែរក្សាបានកំណើនរឹងមាំ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈដែលប្រទេសមួយចំនួននៅលើសកលលោកកំពុងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយបានជាសហគមន៏អឺរ៉ុប ពិចារណាគ្រោងលែងអនុគ្រោះពន្ធនាំចូលពីកម្ពុជា ដែលតម្រូវឲ្យបង់ពន្ធ ដែលមានន័យថា មិនមែនកម្ពុជាបាត់បង់ទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុបនោះទេ។ បញ្ហានេះកម្ពុជាខ្លួនឯងផ្ទាល់ក៏បានដឹង និងត្រៀមខ្លួនរួចរាល់ហើយដែរ ប្រកបដោយភាពច្បាស់លាស់។

ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈរួចមកហើយថា មូលហេតុដែលសហគមន៍អឺរ៉ុប គ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ ដែលមិនមែនជាអាវុធ (EBA) គឺដោយសារតែការកើនឡើងជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ដំណាក់កាលសេដ្ឋកិច្ចកម្ពុជា ជាដំណាក់កាល នៃការផ្ទេរ ពីការដែលគេផ្ដល់ជំនួយមកជាដកថយ ដើម្បីឲ្យយើងទទួលខុសត្រូវហើយ។ ទាក់ទងជាមួយជំនួយបរទេស ក៏ដូចគ្នា គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយ ព្រោះតែគ្រប់លក្ខខណ្ឌ ហើយគេដកថយជំនួយនោះ ដើម្បីយកទៅប្រគល់ឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង។ ភាពអនុគ្រោះទាំងឡាយ ត្រូវបានផ្ដល់ តែប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ»។

ទាក់ទងនឹងបញ្ហានេះមានសំនួរខ្លះលើកឡើងថា ប្រសិនបើគ្មានភាពអនុគ្រោះពាណិជ្ជកម្ម អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ «EBA» ពីសហគមន៍អឺរ៉ុប តើសេដ្ឋកិច្ចកម្ពុជានឹងទៅជាយ៉ាងណានាពេលបច្ចុប្បន្ន និង អនាគត?

ចម្លើយគឺកម្ពុជាមិនដួលស្លាប់នោះទេ ព្រោះកម្ពុជារឹងមាំ ហើយកានាំចូលទៅកាន់សហគមន៏អឺរ៉ុបនៅតែនាំចេញទៅកាន់ទីផ្សារនោះបានដដែលទេ គ្រាន់តែមានកាតព្វកិច្ចបង់ពន្ធ ខណៈកម្ពុជាយើងសេដ្ឋកិច្ចលូតលាស់ ដូច្នេះប្រជាជនកម្ពុជាគួរតែរីករាយជាមួយអ្វីដែលជាវឌ្ឍនភាពរបស់កម្ពុជាយើង ដែលមានថ្នាក់ដឹករបស់យើងមានភាពឈ្លាសវៃ និងមានគោលនយោបាយច្បាស់លាស់ ហើយប្រជាជនកម្ពុជាត្រូវមានជំនឿចិត្តទៅលើថ្នាក់ដឹកនាំយើង ដែលមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍខ្ពស់បែបនេះ។

ជារួមបើកម្ពុជាពុំទទួលបានភាពអនុគ្រោះពាណិជ្ជកម្មពីសហគមន៍អឺរ៉ុបនៅពេលបច្ចុប្បន្នក៏ដូចនៅពេលខាងមុខក្តីកម្ពុជាមិនស្លាប់ទេ សេដ្ឋកិច្ចកម្ពុជានៅតែទៅមុខ ដោយផ្អែកទៅលើកត្តាស្នូលធំៗមួយចំនួនដូចជា៖

១៖ តម្លៃពលកម្មរបស់កម្ពុជាទាបជាងប្រទេសដទៃទៀត បើយើងធៀបនឹងផលិតភាព ព្រមទាំងមានកម្លាំងពលកម្មច្រើនប្រកបដោយសក្តានុពល។ ក្នុងផ្នែកសេដ្ឋកិច្ចគេយកផលិតភាពមកវាស់ ឬចែកជាមួយប្រាក់ខែពលកម្ម មានន័យថា បើវិនិយោគិនចំណាយ១ដុល្លារ នៅស្រុកយើង តើគេបានផលិតភាពមកវិញប៉ុន្មាន ហើយបើចំណាយ ១ដុល្លារដូចគ្នាដែរ នៅប្រទេសផ្សេងទៀតដែលមានការអភិវឌ្ឍ តើបានផលិតភាពមកវិញប៉ុន្មាន?

ឧទាហរណ៍ប្រទេសភូមាដែលមានប្រាក់ឈ្នួលពលកម្មទាបជាងយើងមិនប្រាកដថា មានផលធៀប នៃផលិតភាពទៅនឹងប្រាក់ឈ្នួលទាបជាងយើងទេ ព្រោះយើងមានផលិតផលខ្ពស់ជាងក្នុងន័យនេះយើងអាចមានឱកាសទាញវិនិយោគិនមកច្រើនជាងប្រទេសភូមា។

២៖ កម្ពុជាមានសុខសន្តិភាពពេញលេញ។ ឥឡូវនេះ មិនមានការបង្កចលាចល និង បាតុកម្ម ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយ និងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ ជាពិសេសអតីតបក្សសង្គ្រោះជាតិ ដែលជាមេញុះញង់បោកកុហកកម្មករស្លូតត្រង់បានរលាយទៅផង ដូច្នេះបច្ចុប្បន្នកម្មករ និងថៅកែរោងចក្រក៏ដូចជាអ្នកវិនិយោគប្រកបរបរដោយភាពសុខសាន្ត។ ករណីនេះជាកត្តាល្អមួយ ដែលធ្វើឱ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន ។

៣៖ រាជរដ្ឋាភិបាលបានជំរុញការសម្របសម្រួលពាណិជ្ជកម្ម ដោយដាក់ឱ្យអនុវត្តនូវបញ្ជចេញចូលតែមួយ, ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនីតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ, កាត់បន្ថយនូវថ្លៃសេវាទាំងផ្លូវការ និងមិនផ្លូវការនានា និង កែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទ្វាអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ និងចូល។

៤៖ នៅលើការតភ្ជាប់ផ្នែកទន់ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីក និងបានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយពង្រីកផ្លូវជាតិទាំងអស់ ឱ្យទៅជាបួនគន្លង ជាពិសេសផ្លូវជាតិ ដែលតភ្ជាប់ទៅនឹងប្រទេសជិតខាង, កសាងកំពង់ផែសមុទ្រទឹកជ្រៅរហូតដល់ជម្រៅទឹក ១៤ម៉ែត្រ និងកសាងផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិ។ ការកសាងទាំងនេះនឹងសម្រេចរួលរាល់ក្នុងរយៈពេលឆាប់ៗខាងមុខ។

៥៖ ពាក់ព័ន្ធថ្លៃអគ្គិសនី រាជរដ្ឋាភិបាលបានសម្រេចថា ថ្លៃអគ្គិសនីនឹងត្រូវបញ្ចុះបន្ថែមទៀតជាបណ្តើរៗ ចាប់តាំងពីឆ្នាំ២០១៩ នេះតទៅ ក៏ដូចធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ដើម្បីលើកកម្ពស់ភាពទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មប្រើប្រាស់ម៉ាស៊ីនទំនើប និងការផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់តម្លៃក្នុងតំបន់។

៦៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

៧៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

៨៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែលមានអតិថិជនប្រមាណ ៣ពាន់លាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។

សរុបសេចក្តីមកឃើញថា ប្រសិនបើជាកម្ពុជាមិនមានការអនុគ្រោះពន្ធទៅកាន់សហគមន៍អឺរ៉ុបទេនោះ គ្រាន់តែការនាំទំនិញទៅសហគមន៏អឺរ៉ុបកម្ពុជាមានកាតព្វកិច្ចបង់ពន្ធ ។

ប្រទេសណាក៏ដោយ ប្រជាជនរូបណាក៏ដោយបើគេឲ្យអ្វីមួយមិនគិតថ្លៃ ឬសេវា គឺប្រាកដជាចង់បានហើយ ព្រោះមិនចាំបាច់ចំណាយ ក៏ប៉ុន្តែជាមួយគ្នានេះបែរជាក្រុមឧទ្ទាមក្រៅច្បាប់ដែលមាន សម រង្ស៉ី ជាទណ្ឌិតនោះ បែរជាសើចសប្បាយចង់ឲ្យកម្ពុជាចំណាយទៅលើការបង់ពន្ធនាំចេញឲ្យបរទេសទៅវិញ អ្នកណាក៏ដឹងថា សម រង្ស៉ី ជាមនុស្សបរទេសនិយមយកបរទេសជាមេកើយ ដែលបង្ហាញច្បាស់ថា ទណ្ឌិត សម រង្ស៉ី មិនដែលគិតពីខ្មែរសោះឡើយគិតចង់បានតែអំណាចដើម្បីធ្វើជាអ្នកបម្រើបរទេសតែប៉ុណ្ណោះ មានន័យថា សម រង្ស៉ី មិនមែនជាខ្មែរនោះទេ សូម្បីសម័យ ប៉ុល ពត មិនដឹង សម រង្ស៉ី នៅណាផង សម រង្ស៉ី នៅសោយសុខនៅបរទេសពីដើមរៀងមក ដែលគេហៅថា អ្នកនយោបាយជើងមិនជាប់ដី។ ខុសឆ្ងាយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតប្តូររហូតធ្លាក់ខ្លួនពិការភ្នែករហូតដល់បច្ចុប្បន្ន ហើយតែងតែយកខ្មែរជាធំ គ្មានពេលសម្រាកសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាគ្រួសារ រិះរកគ្រប់មធ្យោបាយដើម្បីជាតិ និងប្រជាជនខ្មែរ។

ព្រមជាមួយគ្នានេះរាជរដ្ឋាភិបាល នៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពប្ដូរផ្ដាច់នូវឆន្ទៈមហាជនភាគច្រើនលើសលប់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហាញនូវការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯង តាមរយៈការបោះឆ្នោតជាសាកលនៅខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ (៨៣.០២% អ្នកចេញទៅបោះឆ្នោត)។ នេះជាសក្ខីភាព នៃការសម្រេចចិត្តដ៏ត្រឹមត្រូវ ឆ្លើយតបចំពោះភាពឯករាជ្យ និងម្ចាស់ការរបស់ប្រជាជាតិ អធិបតេយ្យមួយ។

យើងជាប្រជាជនខ្មែរពិតជាមានមោទនភាពដែលរាជរដ្ឋាភិបាលបានដឹកនាំកម្ពុជាឆ្លងកាត់ការលំបាក និង ឧបសគ្គដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះក្រោមមគ្គុទេសភាពដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺកម្ពុជាទទួលបានលទ្ធផលវិជ្ជមានជាទីគាប់ចិត្ត ស្ដែងចេញពីមូលដ្ឋានគ្រឹះ នៃមគ្គីភាព ឯកភាព និង សន្ដិភាព ក្នុងទិសដៅឯករាជ្យ និងម្ចាស់ការ។

សូមជំរាបថា ដំណើរការនៃបរិបទ EBA គ្រាន់តែស្ថិតនៅក្នុងភាពអន្ដរកាល នៃការអភិវឌ្ឍប៉ុណ្ណោះ បើទោះបីវាអាចប៉ះពាល់ខ្លះៗ មកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។ ប៉ុន្តែក៏ត្រូវចាំឲ្យបានច្បាស់លាស់ដែរថា «យើងមានអធិបតេយ្យភាពរបស់យើងដូច្នេះយើងត្រូវការប្រមូលបញ្ញាញាណ ប្រមូលកម្លាំង ដើម្បីទ្រទ្រង់សាមគ្គីឲ្យបានរឹងមាំ»។

ការបន្លាចរបស់បរទេស និងអ្នកហៃអើបម្រើបរទេសយកបរទេសជាបងធំ យើងជាខ្មែរមិនត្រូវទន់ជ្រាយអោនក្បាលនោះទេ កម្ពុជាត្រូវការស្មើមុខស្មើមាត់ជាមួយបរទេស ជាមិត្តស្មោះត្រង់ជាមួយគ្នា ទើបយើងសហការគ្នា តើយើងឱនក្បាលជាមួយបរទេស? ឬមួយក៏យើងងើបឲ្យមានមោទនភាពយើងជាខ្មែរ!។

យើងជឿជាក់ថា ផលចំណេញប្រកបដោយភាពវិជ្ជមាន និងចីរភាពខ្ពស់ដែលជាទំព័រប្រវត្តិសាស្ដ្រខ្មែរថ្មីមួយទៀតរបស់ប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានឱកាសការពារ ឯករាជ្យ អធិបតេយ្យភាព និង សេរីភាព ពិតប្រាកដពី ការជ្រៀតជ្រែក និងរំខានពីក្រុមអមិត្ដជិតឆ្ងាយ។

ជាចុងក្រោយនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ធ្លាប់រងគ្រោះដោយសារបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា សូមផ្តាំទៅបរទេស បើចង់ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា សូមអស់លោកមកដកគ្រាប់យុទ្ធភ័ណ្ឌដែលបន្សល់ក្នុងដីកម្ពុជាពីសម័យសង្គ្រាមដោយសារអស់លោកអោយអស់ពីកម្ពុជាសិនទៅ៕

លោក ជា ច័ន្ទបរិបូរណ៍
រដ្ឋលេខាធិការក្រសួងព័ត៌មាន

Facebook Comments
Loading...