អត្ថាធិប្បាយ៖ កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ យើងមិនវិលថយក្រោយជាដាច់ខាត

0
132

(ភ្នំពេញ)៖ នេះជាប្រសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានគូសបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងអាវុធ (EBA)» ពីប្រទេសកម្ពុជា ។ ក្នុងនាមជាប្រមុខដឹកនាំម្នាក់ ដែលធ្លាប់បានហែលឆ្លងកាត់នូវឧបសគ្គរាប់មិនអស់ទាំងផ្អែមល្ហែម ទាំងជូរចត់ ជាមួយជោគវាសនានៃប្រជាជាតិមួយនេះ ចាប់តាំងពីឆ្នាំ១៩៧៩មក គឺពិតជាទទួលរងនូវការឈឺចាប់ច្រើនពេកហើយ។

ជាអ្នកសង្គ្រោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាអ្នកគូសវាសកសាងប្រទេសកម្ពុជា ឡើងវិញតាំងពីមានតែគំនរផេះផង់ ពីបាតដៃទទេ ពីក្នុងសភាពក្រីក្រ និងតោកយ៉ាកបំផុត បែរជាត្រូវទទួលរងនូវទណ្ឌកម្មយ៉ាងអយុត្តិធម៌ពីសហគមន៍អន្តរជាតិ។ ជាទណ្ឌកម្មដែលគេបានដាក់ទៅលើអ្នកក្រ ។ ជាទណ្ឌកម្មដែលគេបានដាក់ទៅលើជនរងគ្រោះពីរបបប្រល័យពូជសាសន៍ ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ពេលនេះយើងងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀតជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវឲ្យមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ។

ជាការពិតហើយ ការបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធ អនុគ្រោះពន្ធ EBA គឺមានរបៀបវារៈនយោបាយនៅពីខាងក្រោយ មិនយុត្តិធម៌ មិនស្មោះត្រង់ មានភាព លំអៀង ហើយចេតនាពិតប្រាកដ គឺប៉ុនប៉ងខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយពីគេបរាជ័យយ៉ាងធ្ងន់ធ្ងរខាង នយោបាយ ។ យើងមានតែការសោកស្តាយប៉ុណ្ណោះ ចំពោះអ្វីដែលសហគមន៍អឺរ៉ុបកំពុងតែ ធ្វើមកលើកម្ពុជា ពីព្រោះថា តាំងពីឆ្នាំ២០០១មក ប្រទេសកម្ពុជាបានទទួលការអនុគ្រោះពន្ធ EBA លើទំនិញនាំចេញទៅសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយពីក្នុងទឹកប្រាក់នាំចេញនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ នោះកម្ពុជានឹងត្រូវខាងបង់ថវិកាជិត ៧០០លានដុល្លារ សម្រាប់ការបង់ពន្ធ។

អ្វីដែលយើងត្រូវចោទសួរនៅពេលនេះ គឺថា តើឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាត្រូវតែដាក់លក់ ក្នុងតម្លៃ ៧០០លានដុល្លារ នោះឬ? កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកិច្ចសហការ ដ៏ស្មោះត្រង់ជាមួយបណ្តាប្រទេសទាំងអស់ ក្នុងភាពជាដៃគូដែលគោរពគ្នាទៅវិញទៅមក ប៉ុន្តែដៃគូមួយចំនួនបានឆ្លៀត កេងចំណេញយ៉ាងស្មោគគ្រោកបំផុតពីភាពស្មោះត្រង់របស់យើង។ សហគមន៍អឺរ៉ុបនិយាយអំពីគោលការណ៍ពហុបក្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធសេរីភាព ក្នុងការធ្វើនយោបាយ ។ល។ ប៉ុន្តែគោលការណ៍ពហុ បក្សរបស់សហគមន៍អឺរ៉ុប គឺត្រូវតែមានគណបក្សសង្គ្រោះជាតិ ត្រូវតែដោះលែង កឹម សុខា ដែលពេលនេះ គណបក្សមួយនេះ ត្រូវបានតុលាការរំលាយចោល ហើយ កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលា ការ ដោយសារតែអំពើក្បត់ជាតិរបស់ខ្លួន ។ គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់សហគមន៍អឺរ៉ុបវាទាល់តែមានរបស់ដែលហៅថា អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដែលដំណើរការទៅដោយគ្មានការរឹតត្បិត ។ ហេតុអ្វីបានជាគេមិនព្រមយកភ្នែកមើលអំពីស្ថានភាពពិតនៅកម្ពុជា ដែលបានបើកទូលាយលំហរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាព?

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីឆ្នាំ២០១៨ មានគណបក្ស២០ បានចូលរួមប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត។ ប្រធានគណបក្សនីមួយៗបានតស៊ូមតិគ្នា ទៅលើកម្មវិធីនយោបាយនៃគណបក្សរៀងៗខ្លួន។ ក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលរួចហើយ អ្នកចាញ់ក៏ទទួលស្គាល់ថាចាញ់ ឯអ្នកឈ្នះក៏ទទួលយកការឈ្នះ ហើយរៀបចំរាជរដ្ឋាភិបាលបន្តដឹកនាំប្រទេសទៅមុខទៀត។ ក្រោយការបោះឆ្នោត សភាពការណ៍ស្ងប់ស្ងាត់ល្អណាស់ ។ ឬមួយក៏សម្រាប់សហគមន៍អឺរ៉ុប ការបោះឆ្នោតមួយដែលត្រូវតាមស្តង់ដារប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវតែមានការបង្ហូរឈាមគ្នា ការធ្វើបាតុកម្ម ហឹង្សា បង្កឲ្យមានចលាចល ជាចលនានៃបដិវត្តន៍ពណ៌យ៉ាងជាក់ច្បាស់ ដូចកាលពីឆ្នាំ២០១៣? សម្រាប់សហគមន៍អឺរ៉ុបដដែលនេះ សិទ្ធសេរីភាពមួយដែលត្រូវតាមស្តង់ដាររបស់ខ្លួន វាចាំបាច់ត្រូវតែមាន វិទ្យុសម្លេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី កាសែតឌឹខេមបូឌាដេលី ឬវាទាល់តែមានក្រុមមនុស្សដែលមានការចាត់ តាំងជ្រកក្រោមស្លាកសហជីពទៅពន្យុះកម្មករឲ្យដុតបំផ្លាញរោងចក្រសហគ្រាស ដូចកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤?

ប្រព័ន្ធឃោសនាទាំងអស់នោះ រាជរដ្ឋាភិបាលមិនបានបិទទេ គឺពួកគេបានរើកញ្ជើចាកចេញពីកម្ពុជាដោយខ្លួនឯង ដោយសារគេមិនបានគោរពត្រឹមត្រូវតាមបញ្ញតិ្តច្បាប់របស់កម្ពុជា ពិសេសទាក់ ទិននឹងការបង់ពន្ធ ដែលសូម្បីតែបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបខ្លួនឯង ក៏មិនលើកលែងដែរ បើទោះជាអ្នកនោះគ្រាន់តែជាកីឡាករម្នាក់ ឬជាតារាសម្តែងម្នាក់ក៏ដោយ ។ រហូតមកដល់ពេលនេះ ប្រព័ន្ធឃោសនា ទាំងនោះអាចមកបើកទីស្នាក់ការរបស់ខ្លួននៅកម្ពុជា ជាធម្មតាសំខាន់ត្រូវគោរពច្បាប់របស់កម្ពុជា។ គេត្រូវតែពិនិត្យមើលឲ្យកាន់តែច្បាស់ទៀតថា បើរាជរដ្ឋាភិបាលកម្ពុជាផ្តាច់ការ ហេតុអ្វីមកដល់ពេលនេះ មានសមាគមអង្គការចំនួន២.២៨៦ អង្គការ NGO ក្នុងស្រុកចំនួន ៣.២២១ និងអង្គការ NGO បរទេសចំនួន៣៩៧ កំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ?

មិនត្រឹមតែប៉ុណ្ណឹងទេ មានប្រទេសខ្លះទៀត និងបុគ្គលខ្លះទៀត ថែមទាំងនិយាយគំរាមថា ទ្រនិចនាឡិការរបស់ខ្លួនបានចាប់ផ្តើមដើរទៅមុខ ឆ្ពោះទៅការដកបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយពួកនេះ បានក្លែមសម្តីថា ពួកគេនៅទុកឱកាសឲ្យរដ្ឋាភិបាលកម្ពុជាកែលម្អស្ថានការណ៍មុនពេលដែលការដកហូតឋានៈអនុគ្រោះពន្ធ EBA ចូលជាធរមាននៅក្នុងរយៈពេល ១៨ខែ ទៀត ។ សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូបយល់ច្បាស់ណាស់អំពីរឿងនេះ ហើយសូមផ្តល់ដំបូន្មានទៅវិញថា ទោះទ្រនិចនាឡិការបស់អ្នកវិលទៅទិសខាងណា ឬក៏វិលធ្លាក់ដាច់ចេញពីក្នុងនាឡិការបស់អ្នកក៏ដោយ ក៏សូមអញ្ជើញវិលតាមដំណើរទៅចុះ ។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំធ្វើកំណែទម្រង់សំដៅបង្កើនភាពប្រកួតប្រជែងផលិតផលកម្ពុជា និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ ។

បើពួកបណ្តាប្រទេសអឺរ៉ុបរបស់អ្នកបានឃើញកម្ពុជាកាលពីឆ្នាំ១៩៧៩ ដែលទើបងើបចេញពីទីនរកនៃរបបប្រល័យពូជសាសន៍ ហើយត្រូវពួកអ្នកដាក់ទណ្ឌកម្មដោយអគតិទៀតផងនោះ អ្នកប្រាកដជាមិនហ៊ានប្រើពាក្យទាំងនេះទេ ក្នុងស្ថានភាពកម្ពុជាបច្ចុប្បន្ន ដែលមានខឿនសេដ្ឋកិច្ចរឹងមាំ មានសុខសន្តិភាពពេញលេញ និងកំពុងការពារបានខឿនឯករាជ្យ អធិបតេយ្យជាតិ និងបូរភាពទឹកដីដ៏សុខក្សេមក្សាន្តយ៉ាងនេះ ។ ប៉ុន្តែកប្រជាជនម្ពុជាជាប្រជាជាតិមួយស្លូតបូត សុភាពរាបសារ តែសូមចាំឲ្យច្បាស់ថា មិនឱន ក្បាលទេ កម្ពុជាមួយរឹងមាំ តែមិនទន់ជ្រាយទេ យើងនៅតែចង់ធ្វើ និងបន្តធ្វើជាមិត្តល្អ ជាដៃគូល្អ ជាបងប្អូនល្អជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ហើយដែលប្រទេសទាំងនោះចង់ក៏ឃើញកម្ពុជារីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិផងខ្លួន៕

ដោយ៖ លី ទូង

Facebook Comments
Loading...