ប្រាសាទមេបុណ្យខាងលិចកំពុងត្រូវបានបន្តជួសជុលឡើងវិញ

0
546

ប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមបន្តជួសជុលឡើងវិញកាលពីដើមខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានបញ្ហាកង្វះថវិកានាពេលកន្លងមក។

ក្នុងពេលទស្សនកិច្ចនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរឡើងវិញចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ តាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ស្ថានទូតបារាំងក៏បានប្រគល់នូវរថយន្តចំនួន២គ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកប្រើប្រាស់សម្រាប់ការដ្ឋាននេះផងដែរ។

ប្រាសាទមេបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា បានចាប់ផ្តើមជួសជុលឡើងវិញចាប់ពីឆ្នាំ ២០១២ ដោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ ការដ្ឋាននេះមានភាពស្មុគស្មាញ ដោយសារវាស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលត្រូវបានលិចទឹកព័ទ្ធជុំវិញស្ទើរតែពេញមួយឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដឹកជញ្ជូនសម្ភារ ក៏ដូចជាតំឡើងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ បញ្ហានេះត្រូវបានដោះស្រាយដោយអាជ្ញាធរជាតិអប្សរា ដោយបានជួយបច្ចេកទេសទឹកនៅក្នុងការងារនេះ ដើម្បីអនុញ្ញាតឱ្យដំណើរការ១២ខែក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការដ្ឋាននៅព្រឹកថ្ងៃទី១១ កុម្ភៈ នោះដែរ ខាងអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ហង់ ពៅ ចំណែកស្ថានទូតបារាំងដឹកនាំដោយលោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) ដែលជាសហប្រធានក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច៕

Facebook Comments
Loading...