អត្ថាធិប្បាយ ៖ នយោបាយកម្រោលបួនជ្រុងរបស់ទណ្ឌិត សម រង្សី រាក់កំផែល

151

ភ្នំពេញ ៖ ទណ្ឌិត សម រង្សី មានគោលដៅមួយច្បាស់លាស់ ដែលខ្លួនបានកំណត់រួចជាស្រេច គឺផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ តាមគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន តាមគ្រប់លទ្ធភាពទាំងអស់ ដែលខ្លួន អាចធ្វើទៅបាន ហើយក៏អត់ខ្វល់ខ្វាយពីអ្វីទាំងអស់ បើទោះបីជាត្រូវអូសទាញសង្គមជាតិកម្ពុជាឲ្យធ្លាក់ទៅ ក្នុងគ្រោះមហន្តរាយសារជាថ្មីក៏ដោយ ។ យើងអាចមើលឃើញច្បាស់ហើយ នយោបាយដែលទណ្ឌិត សម រង្សី អនុវត្តន៍កន្លងមក អត់ខុសពីនយោបាយខ្មែរក្រហមទេ កន្លែងខ្លះមានលក្ខណៈជ្រាលជ្រៅជ្រុលនិយមជាងខ្មែរក្រហមទៅទៀតផង ។ ដើម្បីសម្រេចមហិច្ឆតានយោបាយកំរោលបួនជ្រុងរបស់ខ្លួន សម រង្សី កំពុងបើកយុទ្ធនាការខុសច្បាប់មួយចំនួន គឺទី១-ព្រមានអ្នកវិនិយោគចិនដែលកំពុងរកស៊ីនៅកម្ពុជា និងញុះញង់ប្រជាជនកម្ពុជាឲ្យចងកំហឹងជាមួយចិន ទី២-ស្នើឲ្យសហគមន៍អន្តរជាតិពិនិត្យមើលអំពីធម្មានុរូបភាពនៃរាជរដ្ឋាភិបាលកម្ពុជា និងទី៣-បំផុសកងកម្លាំងប្រដាប់អាវុធឲ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ។

ទី១-ទណ្ឌិត សម រង្សី ក្រៅពីព្យាយាមទាំងងងើលឲ្យសហគមន៍អឺរ៉ុបដក EBA ពីកម្ពុជា បុរសនេះ ក៏បានផ្ញើសារព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា ក្នុងន័យបំភិតបំភ័យ ញុះញង់ ពន្យុះ អុចអាល ដោយគេសង្ឃឹមថា ទង្វើបែបនេះនឹងអាចឲ្យអ្នកវិនិយោគគិនរត់ចេញពីកម្ពុជា ហើយអាចខ្ទប់ដង្ហើម សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ហ៊ុន សែន បាន ។ រាជរដ្ឋាភិបាលកម្ពុជាបានលើកស្ទួយសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈការទាក់ទាញការវិនិយោគពីបរទេស ដែលក្នុងនោះរួមមានទាំងវិនិយោគិនចិនផងដែរ ។ យើងពិនិត្យមើលទៅលើទិន្នន័យនៃការវិនិយោគ និងទំហំពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសទាំងឡាយក្នុងពិភពលោក ក៏ដូចជាទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសចិន និងប្រទេសនានានៅលើពិភពលោក ទើបយើងមើលឃើញច្បាស់ថា ការឃោសនានយោបាយមួយនេះរបស់ទណ្ឌិត សម រង្សី រាក់កំផែល ដូចទឹកមួយស្លាបព្រាបាយនៅក្នុងចានទាប ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មចិន-អាស៊ាន គិតត្រឹមដំណាច់ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ ៥១៤,៣ប៊ីលានដុល្លារ កើនឡើង ១៣,៨% ក្នុងនោះចិននាំចេញទៅអាស៊ានមានទំហំទឹកប្រាក់ ២៧៩,១ប៊ីលានដុល្លារអាមេរិក កើនឡើង ៩% និងទំហំនាំចូលមាន ២៣៥,៧ប៊ីលានដុល្លារអាមេរិក កើនឡើង ២០% ។ ប្រទេសក្នុងអាស៊ាន ដែលមានទំហំពាណិជ្ជកម្មធំជាមួយចិនគឺ សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី និងថៃ ។ កម្រិតទំហំពាណិជ្ជកម្មចិន-អាស៊ាន បានកើនឡើងពី ៣៦២,៨៥ប៊ីលានដុល្លារ ដល់ ៥១៤,៨ប៊ីលានដុល្លារ ក្នុងរង្វង់ ៧ឆ្នាំ ចុងក្រោយនេះ ។ ចាប់តាំងពីឆ្នាំ២០០៩មក ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ក្នុងពេលដែលអាស៊ានជាដៃគូពាណិជ្ជកម្មធំទី៣របស់ចិន ។ ក្នុងប្រទេសអាស៊ានទាំង១០ សឹង្ហបុរីស្ថិតក្នុងបញ្ជីលំដាប់ទី១ នៃដៃគូពាណិជ្ជកម្មរបស់ចិន ដោយមានទំហំទឹកប្រាក់ពាណិជ្ជកម្មប្រមាណ ៩៩,៣ប៊ីលានដុល្លារអាមេរិក បន្ទាប់មកទៀតគឺ វៀតណាម និងថៃ ។ រីឯទំហំពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិក ក្នុងឆ្នាំ២០១៨ មាន ២០៤,១៩ប៊ីលានដុល្លារ កើនឡើង ១៩,៧% ធៀបនឹងឆ្នាំមុន ។

ដោយឡែកពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយកើនដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងក្នុងរង្វង់ប្រមាណ ២២% ។ សម្រាប់ការវិនិយោគពីចិន ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅកើនឡើងប្រមាណពី ៩០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ហើយក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ជិត ៣ប៊ីលានដុល្លារអាមេរិក ។ ប្រទេសទាំងពីរប្តេជ្ញាខិតខំជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣ ដោយក្នុងនោះចិននឹងបន្តលើកទឹកចិត្ត អ្នកវិនិយោគចិនឲ្យមកវិនិយោគនៅប្រទេសកម្ពុជាយើង ។ រាជរដ្ឋាភិបាលកម្ពុជាមិនមែនរកស៊ីតែជាមួយចិនទេ ប៉ុន្តែជាមួយគ្រប់ប្រទេសទាំងអស់លើលោកនេះ ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨កន្លងទៅ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានា មានសរុបជាទឹកប្រាក់ចំនួន ២៤.៩៨៥លានដុល្លារ កើនឡើង ៥% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ ២៣.៧៩៦លានដុល្លារ ។ តម្លៃទំនិញនាំចូលសរុបមានចំនួន ១៣.៧៧១លានដុល្លារ និងតម្លៃនាំចេញសរុបជាង ១១.២១៤លានដុល្លារ ។ ដោយឡែកការនាំចេញទំនិញកម្ពុជាតាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មមានទំហំទឹកប្រាក់ប្រមាណ ១០.៣៦០លានដុល្លារ ជាកំណើនល្អប្រសើរមួយ ខណៈការនាំចេញទំនិញកម្ពុជានៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់ ៩.៥៦០លានដុល្លារអាមេរិក ។
និយាយអំពីនយោបាយទាក់ទាញទេសចរណ៍វិញ ពិភពលោកទាំងមូលបានផ្តោតការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើការទាក់ទាញអ្នកទេសចរណ៍ចិនឲ្យមកកម្សាន្តនៅប្រទេសរបស់ខ្លួន ។ គ្រាន់តែក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិនកន្លងទៅនេះ មានប្រជាជនចិនធ្វើដំណើរទេសចរណ៍ទៅកាន់ទីក្រុងចំនួន ១០៤៨ នៃប្រទេសចំនួន ១១១ ក្នុងនោះបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាក់ទាញទេសចរណ៍ចិនបានច្រើនណាស់ ។ ដោយឡែក ជប៉ុន ថៃ ញូហ្សេឡេន អូស្ត្រាលី និងសហរដ្ឋអាមេរិក ក៏ជាប្រទេសដែលទាក់ទាញខ្លាំងចំពោះទេសចរណ៍ចិន ។ នៅឆ្នាំ២០១៨នេះ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរណ៍ ៣១លាននាក់ ក្នុងនោះគ្រាន់តែភ្ញៀវទេសចរណ៍ចិន មានទៅដល់ ៨លាននាក់ កើនឡើង ១៣,៩% ។ ដោយឡែកនៅកម្ពុជាយើង ក្នុងឆ្នាំ២០១៨កន្លងទៅមានភ្ញៀវទេសចរណ៍ចំនួន ៦,២លាននាក់ ក្នុងនោះភ្ញៀវទសចរណ៍ចិនមានប្រមាណ ២លាននាក់ កើនឡើង ៧០% បើធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ៥,៦លាននាក់ ប៉ុណ្ណោះ ក្នុងនោះទេសចរណ៍ចិន មានជាង ១,២លាននាក់ ។ តាមផែនការកម្ពុជារំពឹងថា នៅឆ្នាំ២០២០ នឹងមានភ្ញៀវទេសចរណ៍ចិន ៣លាននាក់ ដល់ឆ្នាំ២០២៥ មានចំនួន ៥លាននាក់ និងនៅឆ្នាំ២០៣០ កើនដល់ ៨លាននាក់ ។
រឿងដែលសំខាន់ មិនមែនខ្លាចពួកម៉ាហ្វីយ៉ាចិនមួយក្តាប់តូចមកអុកឡុកតាមទីប្រជុំជនដូច ដែល កើតមានកន្លងហើយនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសង្គម ។ កន្លងមកមានជនបរទេសខុសច្បាប់ ដែលរស់នៅលើទឹកដីកម្ពុជា ក្នុងនោះមានទាំងជនជាតិចិនផង ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ចូនទៅប្រទេសដើមវិញជាបន្តបន្ទាប់ ។

ទី២-ចំពោះការស្នើឲ្យសហគមន៍អន្តរជាតិពិនិត្យមើលអំពីធម្មានុរូបភាព នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ជារឿងដ៏គួរឲ្យអស់សំណើច ដែលសូម្បីតែ សម រង្សី ខ្លួនឯងក៏អាចនឹងអៀនប្រៀនខ្លះដែរ ប្រសិនបើមើលឃើញការបំភ្លឺដ៏សាមញ្ញមួយនេះ ។ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អនុវត្តន៍ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋការបោះឆ្នោតជ្រើសតាំងតំណងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តិទៅដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង ។ ក្នុងពេលដែល សម រង្សី អំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោតដោយ «ដេកផ្ទះ ឈ្នះឯង» និង «ដេកផ្ទះ ឈ្នះស្អាត» បែរជាប្រជាជនចំនួន ៨៣,០២% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុប បានទៅបោះឆ្នោត ហើយដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ។ ប្រជាជនជិត ៥លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល នាំឲ្យគណបក្សទទួលបានអាសនៈ ក្នុងរដ្ឋសភា ១២៥ លើ ១២៥ ។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភា នីតិកាលទី៦ ដែលប្រសូតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបើកសម័យប្រជុំដំបូង របស់ខ្លួន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អង្គព្រះមហាក្សត្រ បានបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាននៃរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាការជំនាញទាំងអស់នៃរដ្ឋសភា និងការផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាលទី៦ នៃរដ្ឋសភា ដោយសម្លេងគាំទ្រ ១២៥ លើ ១២៥ ។ នៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៨ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងសម្រាប់នីតិកាលទី៦ បានដំណើរការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ហើយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសនានាលើពិភពលោក បានផ្ញើសារអបអរសាទរ កោតសរសើរ និងអះអាងអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើគ្រប់វិស័យជាមួយកម្ពុជាបន្តទៀត ។ ក្នុងនោះមានទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានកោតសរសើរកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាន ធ្វើឲ្យលោកមានការភ្ញាក់ផ្អើលណាស់ ហើយប្រកាសយ៉ាងខ្ទ័រ ខ្ទារថា សហរដ្ឋអាមេរិកមានមោទនភាពដែលធ្វើជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ ។ មកសម្តេចតេជោ ហ៊ុន សែន ក៏បានដឹក នាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំធំៗក្នុងក្របខណ្ឌពិភពលោក ក្របខណ្ឌតំបន់ រាប់ទាំងការអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិទៀតផង ។

ទី៣-បំផុសកងកម្លាំងប្រដាប់អាវុធឲ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ជារឿងឃោសនាដដែលៗ អត់បានការ និងគ្មានតម្លៃ ។ បំផុសកងកម្លាំងឲ្យងើបបះបោរមិនបានសម្រច បែរជាទៅបំផុសឪពុក ម្តាយរបស់កងកម្លាំងប្រដាប់អាវុធឲ្យជួយចាក់រុកកូនចៅរបស់គាត់ ដែលជាកងកម្លាំងនោះឲ្យងើបបះបោរវិញម្តង ។ កងកម្លាំងប្រដាប់អាវុធ គឺជាកូនចៅរបស់ប្រជាជន និងជាឧបករណ៍ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចបញ្ជាកងកម្លាំងប្រដាប់អាវុធការពារសុខសន្តិភាពជូនប្រជាជន ហើយដែលប្រជាជនគឺជាម៉ែឪ ជាបងប្អូន ជាមិត្តភក្ត័របស់កងកម្លាំងប្រដាប់អាវុធ ។ រឿងអីកងកម្លាំងប្រដាប់អាវុធត្រូវងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ហើយដែលរាជរដ្ឋាភិបាល គឺជាអ្នកការពារភាពសុខសាន្តជូនប្រជាជន ដែលប្រជាជនទាំងនេះ គឺជាម៉ែឪ និងជាបងប្អូនរបស់កម្លាំងប្រដាប់អាវុធរបស់យើង ។

សូមសួរបន្តិចទៅចុះ ទណ្ឌិត សម រង្សី សូមកុំអៀនប្រៀនអី…តើលោកទើបនឹងភ្ញាក់ស្វាងពីដំណេកឬ?

ដោយៈ លី ទួង