មូលហេតុ​​អ្វី​​បណ្តាល​ឲ្យ​​ពុល​ឡាន​?

0
8481

(សុខភាព)៖ ការនឿយហត់ អស់កម្លាំង ក្អួតចង្អោរ គ្មាន​ន​ណា​ម្នាក់​ចង់​ជួប​ប្រទះ​នោះ​ទេ​នៅ​ក្នុង​ពេល​ធ្វើដំណើរ​។ អាការៈទាំងនេះ បាន​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មិន​ចង់​ធ្វើដំណើរ​ទៅ​ណា​ឡើយ ទោះបីជា​ជិត​ឬ​ឆ្ងាយ​ក្តី​។ មិន​ថា​ទីនោះ​ជា​ទីកន្លែង​ដែល​មានក្តី​សុខក៏​ដោយ ក៏​គាត់​មិន​ព្រម​ធ្វើ​ដំណើរ​តាម​រថយន្ត​នោះ​ដែរ ព្រោះ​តែ​ពុល​ឡាន​។ ​តើ​ពុល​ឡាន​ជា​អ្វី​? ហេតុអ្វី​បាន​ជា​បណ្តាលឲ្យ​ពុល​ឡាន​?

ពាក្យ​ពុល​ឡាន បើ​តាម​ពាក្យ​បច្ចេកទេស​ហៅថា ពុល​ដំណើរ​។ ពុល​ដំណើរ​នេះ​រួមមាន​ទាំង​ការពុល​រថយន្ត ពុល​យន្តហោះ ពុល​កប៉ាល់ និង​ពុលរលក​ជាដើម​។ ពុល​ឡាន​មិនមែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ទេ ពុល​ឡាន​ជា​វិបត្តិ​មួ​យដែល​កើតឡើង​ក្រោយពេល​ដែល​អ្នកដំណើរ ធ្វើដំណើរ​ដោយ​ជិះ​យានជំនិះ​ដូចជា​រថយន្ត​ជា​ដើម​។​

មូលហេតុ​ពុល​ឡាន
​រហូតមកដល់​បច្ចុប្បន្ន​នេះ ការពុល​ឡាន​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​មនុស្សម្នា​មួយចំនួន​។​បើ​យោង​ទៅ​តាម​ការបញ្ជាក់​ពី​អ្នកជំនាញ ដែល​បានឲ្យដឹងថា​មូលហេតុ​ដែល​ធ្វើឲ្យពុល​ឡាន គឺ​បណ្តាលមកពី​កត្តា​បី ដែល​កើតឡើង​ព្រម​គ្នា​ក្នុងពេល​តែមួយ ដែល​អ្នកជំងឺ​ទទួល​ក្នុងពេល​កំពុង​ធ្វើដំណើរ​។ កត្តា​ទាំង​បី​នោះ​រួមមាន អ្នកជំងឺ​ទទួល​នូវ​ចលនា​បណ្តោយ​ខ្លួន អ្នកជំងឺ​មាន​អារម្មណ៍​ថា​ខ្លួន​គាត់ កំពុង​វិល​ជុំវិញ​វត្ថុ​អ្វីមួយ និង​កត្តា​មួយទៀត អ្នកជំងឺ​ហាក់ដូចជា កំពុងតែ​ធ្វើ​ដំណើរ​ឡើង​ចុះៗ​ដូច​ទឹករលក​។​

​ចលនា​ទាំងបី​ដែល​អ្នកជំងឺ​ទទួល ក៏​ធ្វើឲ្យ​សរីរាង្គ​នៅក្នុង​ខ្លួន​បាន​ទទួល​ផងដែរ​។ ដោយឡែក​សរីរាង្គ​ដែល​ងាយ​ទទួលរង និង​បញ្ចេញ​ជា​បាតុភាព ឬ​រោគសញ្ញា​ឲ្យដឹង គឺ​សរីរាង្គ​ដែល​មាន​នៅក្នុង​ពោះ​ដូចជា​ពោះវៀន​ក្រពះ​ជាដើម​។ ពេល​ដែល​សរីរាង្គ​ទាំងនេះ​ទទួលបាន​នូវ​ចលនា​ទាំងនេះ ក៏​បង្កើត​ឲ្យមាន​ចលនា​មិន​ធម្មតា​មួយ​ប៉ះ​ទៅ​នឹង​សរសៃ​បញ្ជា​របស់​ខ្លួន​មនុស្ស​។​

​ត្រង់​ចំណុច​នេះ​សូមបញ្ជាក់​ថា នៅក្នុង​ខ្លួន​មនុស្ស​យើង​មាន​ប្រព័ន្ធ​ប្រសាទ​ពីរ ជា​ប្រព័ន្ធ​ប្រសាទ​អា​តូ​ណូម​(​ប្រពន្ធ​ប្រសាទ​អា​តូ​ណូម​មិន​ស្ថិតនៅក្រោម​ការបញ្ជានៃ​ខួរក្បាល​ពិតប្រាកដ​ទេ ប៉ុន្តែ​មាន​ប្រភព​ចេញពី​ខួរក្បាល​)​គឺ​ប្រសាទ​សាំ​ប៉ា​ទិច និង​ប្រសាទ​ប៉ា​រ៉ា​សាំ​ប៉ា​ទិច​(​សរសៃប្រសាទ​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​សរីរាង្គក្នុង​រាងកាយ​ធ្វើការ​លឿនឬ​យឺត​)​។​
​ប្រព័ន្ធ​ប្រសាទ​ទាំងពីរ​នេះ មាន​តួនាទី​ធ្វើឲ្យ​សរីរាង្គ​មានចល​នានិ​ង​មានលំនឹង​។ នៅពេល​ដែល​ចលនា​ទាំង​បី​ដូចដែល​បាន​រៀបរាប់​ខាងលើ​កើតឡើង សរីរាង្គ​ក្នុង​ពោះវៀន​មាន​ចលនា ធ្វើឲ្យ​ភ្ញោ​ចសរ​សៃ​សាំ​ប៉ា​ទិច​ភ្ញោ​ច​ប្រព័ន្ធ​មួយ​ក្នុង​ខួរក្បាល ពេល​នោះ​និង​កើត​មាន​អាការ​ក្អួតចង្អោរ វិលមុខ​ជាដើម​។ ដំណាក់កាល​នេះ​ហើយ​ដែល​ហៅថា​ដំណាក់កាល​នៃ​ការពុល​ឡាន​។​

រោគសញ្ញា​ពុល​ឡាន​

រោគសញ្ញា​ពុល​ឡាន​មិន​មាន​អ្វី​ពិបាក​ចំណាំ​នោះទេ​។ ជា​អា​ការៈដែល​លោកអ្នក​តែងតែ​ជួប​ប្រទះ​អំឡុងពេល​ធ្វើ​ដំណើរ​តាម​យានយន្ត និង​បង្ហាញ​ថា​ពុល​ឡាន​នោះ​មានដូចជា​អាការ​ចង់​ក្អួតចង្អោរ វិលមុខ អស់កម្លាំង​ជាដើម​។ អាការៈមួយទៀត​ធ្វើឲ្យ​អ្នក​នោះឯង​ចេះ​តែ​មាន​អារម្មណ៍​ថា​ល្វីង​នៅក្នុង​មាត់​។​ផលវិបាក​ពុល​ឡាន​

​ថ្វី​ត្បិត​តែ​ពុល​ឡាន​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​មិន​ត្រួវ​ការ​ការព្យាបាល​ជា​ពិសេស​ក៏​ដោយ ក៏​ការពុល​ឡាន​នេះ​នៅតែ​មាន​ជា​ផលវិបាក​សម្រាប់​អ្នក​ដែល​ពុល​ឡាន​ដែរ​។ ផលវិបាក​ទាំងនោះ​មាន​ដូចជា ប៉ះពាល់​ទៅលើ​សុខភាព ធ្វើឲ្យ​ហេ​វហត់ អស់កម្លាំង ខ្សោយ​កម្លាំង ទន់ដៃទន់ជើង វិលមុខ​ក្អូតចង្អោរ​ជាដើម​។ ការ​ក្អួត​នោះ​ទៀតសោត​ក៏​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ អ្នកខ្លះ​ក្អួត​រហូត​ទាល់តែ​កម្អួត​នោះ​មាន​ពណ៌​ខៀវ ដែល​យើង​តែងតែ​និយម​ហៅ​ថា​ក្អួត​បែក​ប្រមាត់ថ្លាន់​។​
គួរ​បញ្ជាក់ដែរថា ពុល​ឡាន​នៅក្នុង​ករណី​ធ្ងន់ធ្ងរ​ក៏​អាច​ធ្វើឲ្យ​សម្ពាធ​ឈាមចុះ​ជាលំដាប់​ផងដែរ​។​

​វិធី​បង្កា​ការពុល​ឡាន​
​-​ដើម្បី​បង្កា​កុំ​ឲ្យ​ពុ​លឡាន​នៅក្នុង​អំឡុងពេល​ធ្វើ​ដំណើ​រ​លោកអ្នកមិន​ត្រូវ​មើល​ទៅ​វត្ថុ​អ្វី​ដែល​មាន​បំលាស់​ទី​លឿនៗ​។ វត្ថុ​ទាំ​នោះ​រូ​ម​មាន​ចិញ្ចើមផ្លូវ​ជាដើម ពីព្រោះ​វា​អាច​ភ្ញោ​ច​ទៅ​និង​ប្រព័ន្ធ​ប្រសាទ​នាំឲ្យ​មាន​អាការ​ចង់​ក្អួត​និង​វិលមុខ​​
– មិន​ត្រូវ​ធ្វើ​ចលនា​មួយចំនួន​ដូចជា​កាច់​ខ្លួន ឬពុត​ខ្លួន​​
– មិន​ត្រូវ​ធ្វើដំណើរ​ក្នុង​រថយន្ត​ដែល​មាន​ក្លិន​មិនល្អ។​

អ្វី​ដែល​គួរ​ធ្វើ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​

-​លោកអ្នក​ត្រូវ​មើល​ទៅ​ទី​ឆ្ងាយ ព្រោះ​តែ​កន្លែង​ឆ្ថាយៗ​មាន​បំលាស់​ទី​យឺតៗ​។
-​ត្រូវ​អង្គុយ​ក្នុងស្ថានភាព​សមរម្យ​មួយ ដៃ​និង​ជើង​សណ្តូក​ឲ្យបាន​អស់ និងដាក់​ក្បាល​ឲ្យ​នឹង​។
-​លោកអ្នក​អាច​ប្រើ​ឱសថ​ឬ​ថ្នាំ​ពុល​ឡាន​បាន​។
-​ត្រូវ​អង្គុយ​ក្នុង​កៅអី​ខាងមុខ ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ឬ​កប៉ាល់​។ ព្រោះ​ផ្នែក​ខាង​មុខ​នៃ​យានយន្ត​មិនសូវមាន​ចលនា​ខ្លាំង ដូច​ផ្នែក​ខាងក្រោយ​ដែល​អាច​ធ្វើឲ្យ​លោក​អ្នក​ឆាប់​ទទួល​រំញោច​។​

​ប្រសិនបើ​ការធ្វើ​បែប​នេះ​នៅតែ​មិន​អាច​បញ្ឈប់​ការពុល​ឡាន​បានទេ អ្នកជំនាញ​បាន​ផ្តល់​នូវ​ដំបូន្មាន​ថា គួរ​ប្រើប្រាស់​ថ្នាំ ឬ​ទៅ​ពិគ្រោះ​យោបល់ និង​ពិនិត្យ​សុខភាព​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។

Facebook Comments
Loading...