ប្រទេសថៃដាក់សំណើសុំចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP

0
113

ថៃ ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak ដែលបាននិយាយថា លោកបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មបញ្ជូនសំណើដើម្បីក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួពាណិជ្ជកម្មអំពីរឿងនេះ លោក Somkid ក៏បានស្នើដល់បណ្តាអ្នកចរចាពាណិជ្ជកម្ម ឱ្យធ្វើការជំរុញបញ្ចប់នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ឱ្យបាននៅក្នុងឆ្នាំនេះ។

លោក Somkid បាននិយាយថា «ជំហរច្បាស់លាស់របស់រដ្ឋាភិបាលទៅលើកិច្ចព្រមព្រៀង CPTPP និង RCEP នឹងជួយបង្កើនទំនុកចិត្តពាណិជ្ជកម្ម និងការវិនិយោគ»។ លោក Chutima Bunyapraphasara រដ្ឋមន្រ្តីស្តីទីនៃក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ក្រសួងនឹងកោះប្រជុំក្រុមការងារមួយស្តីពីកិច្ចព្រមព្រៀង CPTPP នៅក្នុងខែនេះ ដើម្បីពិចារណាទៅលើការសិក្សាអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃការចូលរួមក្នុងប្លុកថ្មីនេះ។

លោកបាននិយាយថា ការសន្និដ្ឋានអំពីគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីសម្រាប់ពិចារណានៅក្នុងខែមីនាខាងមុខនេះ។ កិច្ចចរចាអំពី CPTPP ត្រូវបានបញ្ចប់នៅកាលពីខែមករា ឆ្នាំមុន រវាង ១១ប្រទេសដែលជាសមាជិក មានដូចជា សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម អូស្រ្តាលី ម៉ិកស៊ិកូ កាណាដា ប៉េរូ ឈីលី ជប៉ុន និង នូវែលហ្សេឡង់។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជំនួសឱ្យកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងស្រដៀងគ្នាមួយដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ រហូតដល់រដ្ឋបាលលោក Trump សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។

កាលពីឆ្នាំ ២០១៧ GDP របស់ប្រទេសសមាជិកទាំង ១១ របស់ CPTPP មានចំនួន ១០,៥ទ្រីលានដុល្លារអាម៉េរិក ឬស្មើនឹង ១៣,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយពួកគេមានប្រជាជនសរុបចូលគ្នាទាំងអស់ចំនួន ៤៩៨លាននាក់ ឬស្មើនឹង ៦,៧ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោក៕

Facebook Comments