គោជល់ស្វែងរកអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងចំនួន៤ខេត្ត

0
101

ភ្នំពេញ: ព្រឹត្តការណ៍ប្រកួតប្រដាល់ដែលគេប្រសិទ្ធិនាមថា អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត នឹងធ្វើទៅតាមខេត្តចំនួន៤ដែលមានសក្ដានុពលខាងប្រដាល់គុនខ្មែរ ។

នេះជាការសហការគ្នារវាងសហព័ន្ធប្រដាល់គុនខ្មែរ ជាមួយទូរទស្សCNC ក្រោមការសហការ និង ឧបត្ថម្ភទាំងស្រុងដោយភេសជ្ជៈគោជល់ ។

ខេត្តចំនួន៤ដែលនឹងត្រូវរៀបចំការប្រកួតនេះមានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និង ខេត្តកំពង់ចាម ហើយអ្នកប្រដាល់ដែលត្រូវចូលរួមប្រកួតគឺអ្នកប្រដាល់របស់ខេត្តនោះឬអ្នកប្រដាល់ដែលមានប្រភពកំណើតនៅខេត្តនោះតែម្ដង ។

នេះជាការប្រកួតសម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែលខេត្តនីមួយៗត្រូវមានអ្នកប្រដាល់ចំនួន៤រូបប្រកួតគ្នាដើម្បីរកអ្នកខ្លាំងចំនួន២រូប ។ បន្ទាប់ពីរកឃើញជើងខ្លាំងពីខេត្តទាំង៤ដែលមានអ្នកប្រដាល់ចំនួន៨រូបនោះពួកគេត្រូវមកប្រកួតបន្តនៅសង្វៀនCNCរាជធានីភ្នំពេញ ។

៨រូបជម្រុះយក៤រូប ហើយ៤រូបជម្រុះយក ២រូប ឯអ្នកខ្លាំង២រូបចុងក្រោយត្រូវប្រកួតផ្ដាច់ព្រ័ត្រតែម្ដង ។ជើងខ្លាំងនៃព្រឹត្តិការណ៍នេះគេនឹងមានឱកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស និងប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើន ។

ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៩កុម្ភៈដែលមានលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកហួរ រតនៈប្រធានផ្នែកលក់របស់CNC និងលោកមាស សំអុលនាយកចាត់ការទូទៅរបស់គោជល់នោះបានឲ្យដឹងថាការប្រកួតនេះចាប់ផ្ដើមចេញដំណើរមុនគេពីខេត្តបាត់ដំបង ។

បាត់ដំបងប្រកួតនៅថ្ងៃទី២៣កុម្ភៈដែលគូប្រកួតជម្រុះនោះមានចិត្រ សុភីប្រកួតជាមួយមិត្ត សំណាង និង រិ យូហានប្រកួតជាមួយបឺត សុធា ។ខេត្តកមពង់ស្ពឺនៅថ្ងៃទី៣០មីនាដែលមានអ្នកប្រដាល់ធា វាសនាប្រកួតជាមួយ ឡុង សំណាង និង សូត្រ សាណូប្រកួតជាមួយរឿង សារិទ្ធ ។ ខេត្តកំពង់ធំនៅថ្ងៃទី២៧មេសាដែលពុទ្ធ ប៊ុនម៉ៅប្រកួតជាមួយសាត ស៊ីណង និង ឡុង សាមីត ប្រកួតជាមួយអេ រាជសីហ៍ ។ខេត្តកំពង់ស្ពឺប្រកួតថ្ងៃទី៤ឧសភាដោយពុទ្ធ សុធីនប្រកួតជាមួយរិ រ៉ាដា និង ឡុង វណ្ណា ប្រកួតជាមួយសោម ពិសិដ្ឋ ។

ជាមួយនឹងការប្រកួតស្វែងរកអ្នកខ្លាំងនេះនៅតាមបណ្ដាខេត្តនីមួយៗក៏មានការប្រកួតជាមិត្តភាពចំនួន ២គូជាមួយអ្នកប្រដាល់បរទេសទៀតផង ។

Facebook Comments
Loading...