អត្ថាធិប្បាយៈ ត្លុកនយោបាយ សម រង្សី សម្តែងមួយរឿងនេះ…ឆ្កួតសុទ្ធ!

0
229

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសចេញសេចក្តីថ្លែងការណ៍ ស្តីពីវិធានការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៣ ខែធ្នូ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលក្នុងមាត្រានោះបានចែងអំពីបុគ្គល ដែលត្រូវបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយនឹងអាចទទួលបាននូវសិទ្ធនយោបាយពេញលេញ ដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណី ដែលបុគ្គលនោះ ត្រូវបានផ្តល់នូវនីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់ក្រសួងមហាផ្ទៃ ។ ក្រោយការធ្វើ វិសោធនកម្មច្បាប់នេះ យើងឃើញថា ផ្ទៃក្នុងពួកប្រឆាំងបានជ្រើសយកជម្រើសផ្សេងៗគ្នា ប៉ុន្តែ សម រង្សី និងបក្សពួកដែលអត់ជម្រើស បានធ្លាក់ក្នុងសភាពស្លន់ស្លោ និងបានប្រកាសចេញដោយត្រង់ៗថា អ្នកណា ក៏ដោយដែលដាក់ពាក្យសុំឲ្យផ្តល់នីតិសម្បទាឡើងវិញ គឺជាជនក្បត់ជាតិ ។

ជាត្លុកនយោបាយម្នាក់ ដែលមនុស្សម្នាគេលែងចាប់អារម្មណ៍ ឬក៏ជាជនចំកួតនយោបាយម្នាក់ ដែលមិនមានឥទ្ធិពលក្នុងឆាកនយោបាយ បាត់ការចាប់អារម្មណ៍ពីអន្តរជាតិ បាត់ការលែងចង់ដឹងឮ លែងចង់ ឃើញ លែងចង់ស្តាប់ និងលែងចង់ស្គាល់ ពីសំណាក់អ្នកដែលធ្លាប់គាំទ្រនៅក្នុងប្រទេស សម រង្សី ក៏ខិតខំ គោះប៉ោត ទូងស្គរ បន្លឺសម្លេងជាថ្មី ជាសម្លេងដ៏អស់សង្ឃឹម ។ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្លុកនយោបាយ សម រង្សី បានបង្ហោះឯកសារក្លែងក្លាយមួយ ដោយបន្លំថាជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណង ញុះញង់ អុចអាលឲ្យមានការបែកបាក់នៅផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ។ វាមិនមែនជាលើកទី១ទេ សម រង្សី ធ្លាប់លេងល្បែងនេះច្រើនដងណាស់មកហើយ ។ ជននេះ និងបក្សពួកធ្លាប់បង្ហោះព័ត៌មានថា សម្តេច ជា ស៊ីម ទទួលមរណភាព ក្នុងពេលដែលសម្តេចនៅមានជីវិតនៅឡើយ ។ គេធ្លាប់បំភ្លៃព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន មានជម្ងឺធ្ងន់ធ្ងរស្លាប់មួយចំហៀងខ្លួនបាត់បង់សមត្ថភាពការងារ ក្នុងពេលដែលសម្តេចកំពុងតែបំពេញការងារយ៉ាងសកម្មក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយជោគជ័យ ។ មិនត្រឹមតែជោគ ជ័យក្នុងវិស័យសេដ្ឋកិច្ច និងការបរទេសទេ ប៉ុន្តែគឺជោគជ័យក្នុងការរក្សាបានសុខសន្តិភាពជូនប្រជាជន វាយបំបាក់ឲ្យទន់លោងរលាយទាំងស្រុងនូវចលនាបដិវត្តន៍ពណ៌រហូតដល់រំលាយចោលគណបក្សសង្គ្រោះជាតិ ក្លាយទៅជាផេះ កឹម សុខា ត្រូវជាប់គុក ឯសម រង្សី រត់ចោលស្រុកគេចពីច្រវាក់ គេចពីគុករហូត មកដល់សព្វថ្ងៃ ។

ធ្លាក់ក្នុងស្ថានភាពបាត់បង់ម្ចាស់ការ និងអស់សង្ឃឹមកាន់តែខ្លាំង រឿងអីក៏ សម រង្សី ហ៊ានធ្វើដែរ ។ ប៉ុន្តែការធ្វើរឿងមួយនេះ មិនមែនត្រឹមតែបង្ហាញឲ្យឃើញថា សម រង្សី កាន់តែឆ្កួតទេ ប៉ុន្តែវាហួសពីឆ្កួតរាប់ រយដងទៅទៀត ។ មានទម្ងន់អី? មានភស្តុតាងអី? មានទឡ្ហីករណ៍អី? ហើយមានសង្ឃឹមប៉ុន្មានទៅ ដែលហ៊ានក្លែងឯកសារយកមកបង្ហោះមួលបង្កាច់ ប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ។

ពេលនេះគណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ ពោលគឺ រឹងមាំជាងពេលណាៗទាំងអស់ ។ គណបក្សមួយនេះ មិនដែលដឹកនាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និងភាពចលាចលម្តងណាឡើយ ។ ផ្ទុយទៅវិញការសម្រេចចិត្តដ៏ត្រឹមត្រូវខាងនយោបាយរបស់គណបក្ស បានធ្វើឲ្យទប់ស្កាត់ទាន់ ពេលវេលានូវគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដែលបណ្តាលមកពីចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយ សម រង្សី និង កឹម សុខា ។ ប្រជាជនកម្ពុជាភាគច្រើនលើសលប់ទទួលស្គាល់សមត្ថភាពដឹកនាំគ្មានគូប្រៀបរបស់ គណបក្សប្រជាជនកម្ពុជា ហើយបាននាំគ្នាចេញទៅបោះឆ្នោតគាំទ្រគណបក្ស ដើម្បីពួកគេទទួលបានមក នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ។ ប្រជាជនភាគច្រើនបំផុតបាននិងកំពុងទទួលផល ផ្លែផ្កាពីការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ហើយពួកគេកំពុងរស់នៅប្រកប ដោយភាពសុខដុមរមនាក្នុងសង្គមជាតិ ដ៏ស៊ីវិល័យមានការគោរពសិទ្ធមនុស្ស និងការអនុវត្តលទ្ធិប្រជាធិប តេយ្យយ៉ាងទូលំទូលាយបំផុត ។

តើ សម រង្សី ទើបតែងើបចេញពីក្រហែងណាមក បានជាមើលមិនឃើញ ហើយមិនយល់ពីអ្វីសោះ យ៉ាងនេះ ។ គណបក្សខ្លួនឯងរលំរលាយ ចែកចាន ចែកឆ្នាំង ចែកបង្វេចគ្នារត់ប្រាស់អាយុ រកតែទីជម្រក ច្រកសឹងមិនបាន បែរជាមកបង្ហោះក្រដាសមួយសន្លឹកសរសេរមិនទាំងត្រូវជ្រុងផង ហើយដេកយល់សប្តិថា គណបក្សប្រជាជននឹងបែកបាក់គ្នា ។ ពិបាកបំផុត គឺពន្យល់មនុស្សឆ្កួតឲ្យយល់បានត្រឹមត្រូវដូចមនុស្សជា ។ ប៉ុន្តែទោះជាឆ្កួតដល់កម្រិតណា ក៏ សម រង្សី អាចគិតឃើញបន្តិចបន្តួចដែរថា គ្មានអ្នកគេល្ងង់លោតចោលសំពៅទៅតោងសំណាត់ដើមចេក ដែលអណ្តែតអត់កោះអត់ត្រើយកណ្តាលមហាសាគរនោះទេ ៕

ដោយៈ លី ទួង

Facebook Comments