ប្រវត្តិ ប្រពៃណីនៃការដុតក្រដាសសែនរបស់ចិន

0
54

មានតែជនជាតិចិនទេដែលដុតក្រដាស ជានិមិត្តរូបនៃ លុយ មាស សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ដើម្បីបញ្ជូនទៅដូនតារបស់ខ្លួន។ តើហេតុអ្វី? ហើយប្រពៃណីនេះកើតឡើងតាំងពីពេលណាមក? ចុះសាសន៍ដទៃម៉េច គេមិនធ្វើអញ្ចឹងផង។ សូមតាមដានស្តាប់ការវិភាគនិងការរកឃើញរបស់ខ្ញុំដូចខាងក្រោម៖

មនុស្សគ្រប់ជាតិសាសន៍ ចាប់ផ្តើមជឿលើព្រលឹង តាំងពីទើបនឹងផ្តាច់ខ្លួនពីស្វា តាំងពីមួយលានឆ្នាំមកម្លេះ។ នេះជាបាតុភូតុនៃអារម្មណ៍ និងបញ្ញារបស់មនុស្ស ដែលមានទំនាក់ទំនងរវាងគ្នានឹងគ្នា។ មកដល់សព្វថ្ងៃហើយក៏មនុស្សនៅតែ ជឿលើព្រលឹងដដែល ទោះបីជាមានការបកស្រាយយ៉ាងច្បាស់លាស់ពីសាសនានានា និងវិទ្យាសាស្រ្តក៏ដោយ។ មនុស្សមានជំនឿថាមានឋានមនុស្ស ឋានខ្មោច និងឋានទេវតា។ មនុស្សតែងតែមានជំនឿថា អ្នកស្លាប់ទៅហើយនឹងទទួលបាននូវអ្វីដែល អ្នកនៅរស់បញ្ជូនទៅឲ្យពួកគេ ទើបធ្វើការបូជារបស់របរ និងចំណីអាហាររហូតដល់ក្លាយជា ពិធីសែនព្រេន ដេលមានរូបរៀងយ៉ាងច្បាស់លាស់ ទៅតាមប្រពៃណី របស់អ្នកស្រុកនិមួយៗ។ សាសនាធំៗទាំងអស់ លើលោកបានព្យាយាមកែប្រែ ការយល់ឃើញនេះ ហើយបញ្ចប់ការសែនព្រេន។ ផ្ទុយពីពួកបស្ចិមប្រទេស អឺរ៉ុប និងមជ្ឈិមបូព៌ា ពួកអាស៊ីខាងត្បូង ខាងកើត និងអាហ្វ្រិកនៅតែ មានជំនឿយ៉ាងមុតមាំទៅលើការសែនព្រែន បើទោះជាពួកគេទទួលយកឥទ្ធិពលពីសាសនាក៏ដោយ។

ជនជាតិចិន ជាជនជាតិមួយដែលប្រកាន់ប្រពៃណី ការគោរពដូនតា និងបុព្វបុរសរបស់ខ្លួន ជាធំ យ៉ាងតឹងតែងជាងគេបំផុតនៅលើលោកយើងនេះ។ កាលពីសម័យបុរាណ ពួកគេតែងតែកប់ទៅជាមួយសព នូវសម្ភារៈដែលបុគ្គលនោះធ្លាប់ប្រើប្រាស់ មានសម្លៀកបំពាក់ កាំបិត ដាវ និងគ្រឿងអល័ង្កាជាដើម។ល។ ដូចជា ជនជាតិដើមភាគតិចរបស់ខ្មែរយើងសព្វថ្ងៃនេះដែរ។ អ្នកដែលមានធនធានច្រើន គេបន្ថែមនូវ មាសប្រាក់។ ហើយចំពោះមេទ័ព គេថែមទាំងកប់សេះទាំងរស់ ទៅជាមួយទៀតផង។ ចំណែកស្តេច ពួកគេកប់ថែមទាំងស្រីៗ និងអ្នកបម្រើដែលជាទាសាទាសី ទៅជាមួយទៀតផង។ ដើម្បីអាចបញ្ចុះសពប្តីរបស់ខ្លួនបាន ស្ត្រីជាច្រើនសុខចិត្តលក់កូនស្រី ឲ្យទៅធ្វើជាស្រីបម្រើគេ ឬស្រីបន ព្រោះខ្លួន ត្រូវតែយកមាសប្រាក់ទៅកប់ឲ្យសពប្តី។ នៅសម័យឈុនឈីវ នាសតវត្យទី៦ មុនគ្រឹះសករាជ អ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ខុង ឈៀវ (ខុងជឺ) បានកែប្រែទំនៀមទម្លាប់នេះ ដោយស្នើសុំឲ្យស្តេចប្រកាសដល់ប្រជារាស្ត្រឲ្យដុត ត្រឹមក្រដាស តំណាងឲ្យមាសប្រាក់ និងវត្តុប្រើប្រាស់ជាជំនួសវិញត្បិតថា វាបានធ្វើឲ្យមានការខាតបង់ច្រើនណាស់ ជាពិសេសវាបានធ្វើឲ្យមនុស្សធ្លាក់ខ្លួនក្រ ជំពាក់បំណុលរបស់គេ ដោយសាតែការប្រារព្វធ្វើពិធីបុណ្យសព្វបែបនោះ។ នៅក្នុងសម័យកាលដដែលនោះ អ្នកប្រាជ្ញសង្គ្រាម ឈ្មោះ ស៊ុន អ៊ូ ជាមេទ័ព បានបោះបង់ចោល ស្តេចហឺលីរបស់នគរអ៊ូ ព្រោះតែស្តេចនោះ បានកប់ទៅជាមួយសព្វបុត្រារបស់ខ្លួននូវស្រីកំដរជាច្រើន។ ដោយប្រទេសក្រីក្រផង សង្គ្រាមគ្រប់ទីកន្លែង ជាពិសេស ឥទ្ធិពលរបស់សាលារៀនទស្សនវិជ្ជាខុងជឺ បានរីកសាយគ្រប់ទិសទី ប្រជារាស្ត្របានទទួលយកគំនិត នៃការដុតក្រដាសជំនួស របស់ខុងជឺចាប់តាំងពីចុងសម័យឈុនឈីវ នោះឯង។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់សម័យរាជវង្សឆេងនាចុងសតវត្យទី១៩ហើយក៏ដោយ ក៏នៅមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មេទ័ព និងរាជវង្សខ្លះ នៅតែកប់ទៅជាមួយសពនូវវត្តុពិតៗ ដែរ។ ហេតុនេះហើយ ទើបនៅប្រទេសចិន គេឃើញ មានការលួចកាយផ្នូបុរាណ ដើម្បីស្វែងរកវត្តុមានតម្លៃ ជាញឹកញាប់៕

Facebook Comments
Loading...