យន្តហោះបាញ់ផ្កាភ្លើងព្រាកៗ សំណាងល្អចុះចតទាន់ពេល

0
202

ប៉ាណាម៉ា ៖ សារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ មករា កន្លងទៅនេះ គឺនៅគ្រាដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Copa Airline បានហោះចាកចេញពីអាកាសយានដ្ឋាន Tocumen International Airport ក្នុងទីក្រុងប៉ាណាម៉ា (Panama) ប្រទេសប៉ាណាម៉ា។

តាមរយៈវីដេអូដែលថតបានដោយអ្នកដំណើរម្នាក់ ឈ្មោះ លោក Cesar Luciano និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម គឺពិតជាបានបង្ហាញពីទិដ្ឋភាពដែលម៉ាស៊ីនស្លាបមួយចំហៀងរបស់យន្តហោះ កំពុងតែបាញ់ផ្កាភ្លើងភឹបៗ ដែលគួរឲ្យភ័យបុកពោះមែន ហើយអ្នកដំណើរផ្សេងទៀត ក៏បានស្រែកទាំងភ័យខ្លាចផងដែរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីអាកាសយានិក (ពីឡុត) បានប្រកាសពីបញ្ហានេះ យន្តហោះក៏បានត្រលប់ទៅចុះចតនៅអាកាសយានដ្ឋាន Tocumen International Airport វិញ និងជម្លៀសអ្នកដំណើរ បានដោយសុវត្ថិភាពផងដែរ៕

Facebook Comments