ការបន្តវេនពីដូនតាក្នុងការរធ្វើធូបលក់របស់អ្នកស្រុកអង្គរ

0
129

សៀមរាប៖ តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌និងឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងសម្បូរបែប ដែលនេះក៏ជាផ្នែកមួយនៃការលើកតម្លៃជាសាកលនៃរមណីយដ្ឋានអង្គរ។ ឯការប្រកបរបរផលិតធូបក៏ជាផ្នែកមួយដែលអ្នកស្រុកអង្គរបានប្រកបតាំងពីយូរយារណាស់មកហើយ និងនៅបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយចំណេះជំនាញនេះក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយ។

ធូបគឺជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ស្លឹកឈើ ខ្លឹមឈើ ឬជ័រឈើ ប្រទាលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា។ មុខរបរនេះនៅមានបន្តធ្វើរហូតដល់សព្វថ្ងៃក្នុងចំនួនតិចតួចគ្រួសារប៉ុណ្ណោះ មានរបៀបផលិតនិងវត្ថុធាតុដើមធ្វើធូប មិនខុសគ្នាប៉ុន្មានទេ ត្បិតរបៀបធ្វើធូបចេះតៗគ្នា ពីភូមិមួយទៅភូមិមួយ ហើយបន្សល់សម្រាប់ផលិតប្រើក្នុងគ្រួសារផងនិងជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផង។ ពួកគាត់អាចរកទិញនិងលក់ដូរបានយ៉ាងងាយស្រួលនៅតាមទីផ្សារ វត្តអារាម និងបុណ្យទាននៅតាមភូមិជាដើម។

អ្នកស្រី ហុំ មឿន រស់នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានអាស្រ័យជីវិតនឹងការធ្វើធូបលក់ បន្តវេនពីម្តាយរបស់គាត់រហូតដល់សព្វថ្ងៃ ក្រោយពីម្តាយរបស់គាត់ដួលបាក់ដៃ ពុំអាចបន្តរការងារនេះកើត។

អ្នកស្រី មឿន ឱ្យដឹងថា «ចំពោះធូបដែលខ្ញុំធ្វើលក់ ថ្វីត្បិតមិនមានរូបរាងតូចឆ្មារស្អាតល្អដូចធូបដែលនាំចូលពីក្រៅប្រទេស ប៉ុន្តែអ្នកភូមិជិតឆ្ងាយតែងមកទិញយកទុកអុជ ជាប្រចាំ ព្រោះគេដឹងថាធូបខ្ញុំធ្វើជាប្រភេទធូបធម្មជាតិ គ្មានលាយឡំជាតិគីមី ប្រើតែរុក្ខជាតិ ប្រទាល ឬថ្នាំរុក្ខជាតិដែលធ្វើឱ្យមានក្លិនក្រអូប អុជឆេះល្អ»។

អ្នកស្រីក៏រៀបរាប់ពីវត្ថុធាតុដើមដែលយកមកផលិតធូបឱ្យប្រអូប មានខ្លះដាំទុកនៅនឹងផ្ទះស្រាប់ រីឯខ្លះទៀតទាល់តែទៅរកនៅឯភ្នំ ឬព្រៃ ដែលសុទ្ធសឹងជារុក្ខជាតិថ្នាំបុរាណ ប្រទាលក្រអូប ពូកែស័ក្តិសិទ្ធិ ដូចជាដើមប្រាក់ ដើមពោល្យំ ពុំសែន មើមប្រោះតាសេ វ័ល្លិ៍ឆ្នូត សំបោបាយ និងស្លឹកកំប៉ោជាដើម។ ហេតុនេះពេលអុជធូប ក្លិនក្រអូបជួយឱ្យស្មារតីធូរស្រាល កាត់បន្ថយនឿយហត់ មិនប៉ះពាល់ដល់សុខភាព។

ចំពោះវិធីធ្វើវិញ គឺយកវត្ថុធាតុទាំងអស់នេះដាក់ហាលថ្ងៃឱ្យស្ងួត បន្ទាប់មកយកទៅបុកឱ្យម៉ដ្ឋ ហើយរែងយកតែម្សៅ រួចយកទៅលាយជាមួយទឹកដើម្បីឱ្យម្សៅសើមស្អិតអាចលញ់ជាមួយទ្រនុងធាងដូង ហើយរូតជាមួយម្សៅស្ងួត រួចដាក់ហាលថ្ងៃឱ្យស្ងួតជាការស្រេច។ នេះជារូបមន្តដែលឪពុកម្តាយបន្សល់ទុកមកសម្រាប់គ្រួសារអ្នកស្រី ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យថ្នាំបុរាណនីមួយៗសមស្របគ្នា ទើបធូបមានគុណភាពខ្ពស់ ក្លិនក្រអូប»។

នេះគឺជាការផ្ទេរចំណេះដឹងនិងជំនាញក្នុងការប្រកបរបរចិញ្ចឹមជីវិតដល់កូនចៅជំនាន់ក្រោយដែលមនុស្សក្នុងតំបន់អង្គរតែងតែចែករំលែកដើម្បីកុំឱ្យបាត់បង់ ទើបនៅតំបន់អង្គរនៅមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។ ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាតែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរមកផ្សព្វផ្សាយនិងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក និងសូមឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕

Facebook Comments
Loading...