តួអង្គណាខ្លះ ជាអ្នកកាច់ចង្កូតកិច្ចការនយោបាយនៅសហរដ្ឋអាមេរិក?

0
227

តួអង្គសំខាន់ៗក្នុងការកាច់ចង្កូតកិច្ចការនយោបាយនៅអាមេរិក រួមមាន៖
១- ប្រធានាធិបតី និងសេតវិមាន
២- ព្រឹទ្ធសភា និងក្រុមអ្នកនយោបាយ
៣- ក្រសួងការបរទេស
៤-មន្ទីរប៉ង់តាហ្គោននិងក្រុម យោធា
៥- តុលាការ និងផ្នែកអនុវត្តច្បាប់ និង
៦- ប្រព័ន្ធស៊ុំគ្រលំ។

១- រឿងចម្លែករបស់ អាមេរិក ក្នុងរជ្ជកាល លោកប្រធានាធិបតី ដូណាល់ ត្រាំ៖ ដូណាល់ ត្រាំ មានផ្នត់គំនិតជាអ្នកជំនួញ ដែលគិតលើចំណេញមកខ្លួន គឺផលមកជាតិខ្លួនមុនគេបង្អស់។ គេបានរិះគន់ថា លោកត្រាំ និយាយឆ្កួតៗ មិនសមជាប្រធានាធិបតី។ សូម្បីឯកអគ្គរដ្ឋទូតអាមេរិកខ្លះ ពេលនោះបានយល់ខុស រហូតត្រៀមលើករូបថត លោកស្រី Hilary Clinton ថាឈ្នះ ក៏ប៉ុន្តែ ទីបំផុតគឺលោក ដូណាល់ ត្រាំ ជាអ្នកជាប់ឆ្នោត។ នៅពេលជាប់ឆ្នោត លោក ត្រាំ ប្រកាសចេញនូវសារគួរឲ្យកត់សំគាល់៣យ៉ាង៖

ទី១- បញ្ចប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែល អាមេរិក ធ្លាប់ធ្វើពីដើមមក ដោយងាកមកគោរពឯករាជ្យ អធិបតេយ្យជាតិ ទៅវិញទៅមក។
ទី២- ចង់ឃើញសន្តិភាព នៅឧបទ្វីបកូរ៉េ និងឈប់ធ្វើជាប៉ូលីសអន្តរជាតិ។
ទី៣- ប្តូរពីធ្វើសង្គ្រាមដោយអាវុធ មកធ្វើសង្គ្រាមសេដ្ឋកិច្ច និងបច្ចេកវិទ្យាវិញម្តង។
ទី៤- ប៉ូលប្រឈមនយោបាយរបស់អាមេរិកបច្ចុប្បន្នគឺ ចិន រុស្ស៊ី និងអ៊ឺរ៉ុប ដែលជាសត្រូវចាស់ និងជាមិត្តថ្មីរបស់អាមេរិក។ ខណៈការបោះឆ្នោតមុននេះ ក្នុងអាណត្តិបោះឆ្នោតប្រធានាធិបតី ដូណាល់ ត្រាំ គេចោទថា រុស្ស៊ី ជ្រៀតជ្រែក ឥឡូវនេះ ប្រទេសចិន នឹងធ្វើការងារយ៉ាងច្រើនដើម្បីពង្រីកឥទ្ធិពលលើការបោះឆ្នោតនៅ អាមេរិក ឆ្នាំ២០២០។

២- ការដណ្តើមគ្នាកាច់ចង្កូតនយោបាយនៅអាមេរិក៖
– CIA មានឥទ្ធិពលធំណាស់នៅក្នុងសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ CIA បានចាយលុយជាច្រើន ដើម្បីផ្តួលរំលំរបបនីមួយៗ។ រដ្ឋប្រហារទម្លាក់សម្តេច សីហនុ នៅកម្ពុជា ឆ្នាំ១៩៧០ ក៏ផ្តួលដោយ CIA ដែរ។ «គឺ CIA ដែលប្តូរកម្ពុជាពី របបសង្គមរាស្ត្រនិយម មកជា សាធារណរដ្ឋ»។ រឿងនេះឆ្លុះបញ្ចាំងពីរបាយការណ៍ថ្មីៗរបស់ CIA ហើយយើងត្រូវតែមើលឲ្យជ្រៅលើឃ្លានេះម្តងហើយម្តងទៀត។ ឥឡូវនេះ តួនាទី CIA បានកំពុងដើរស្របគ្នានឹង USAID ដែលឲ្យជំនួយ ដើម្បីប្តូរការគិតរបស់ប្រជាជន លើផលប្រយោជន៍ប្រទេសជាតិខ្លួនឯង។ អាមេរិក ក៏ចំណាយលុយបង្កើត និងគាំទ្រដល់ចលនាឧទ្ទាម ដើម្បីផ្តួលរំលំ និងបំផ្លាញរដ្ឋផងដែរ ដូចជា Taliban និង ISIS ជាដើម។

– អត្តចរិតប្រធានាធិបតីនីមួយៗ ដែលចេញពីគណបក្សប្រជាធិបតេយ្យ ឬចេញពីគណបក្សសាធារណរដ្ឋ តែងកំណត់បន្ទាត់ នយោបាយរបស់អាមេរិក ទាំងខាងក្នុងនិងខាងក្រៅ។ ប៉ុន្តែ វាជាប្រវត្តិសាស្ត្រហើយ ដែលពួកគណបក្សសាធារណរដ្ឋ ក្រោមរជ្ជកាល លោក ដូណាល់ ត្រាំ បែរជាប្រើជម្រើសមិនចង់ធ្វើសង្គ្រាមឈ្លានពាន។

– ពួកយោធានៅក្នុងមន្ទីរប៉ង់តាហ្គោន ឥឡូវនេះ កំពុងប្រឹងប្រែងយ៉ាងខ្លាំងលើការងារសន្តិសុខ និងពង្រឹងឥទ្ធិពលយោធាអាមេរិកនៅក្រៅប្រទេស។ នេះគឺជាវិធានការយុទ្ធសាស្ត្រទប់ទល់យូរអង្វែងលើឥទ្ធិពលចិន និង រុស្ស៊ី ដែលហាក់កំពុងដើរផ្ទុយយ៉ាងខ្លាំងពីបន្ទាត់ នយោបាយរបស់លោក ដូណាល់ ត្រាំ ក្នុងពេលបច្ចុប្បន្ន ទោះបីជានៅពីក្រោយឆាក បាននិយាយគ្នាកម្រិតណាក៏ដោយ។ រឿងនេះនឹងវែងឆ្ងាយយូរអង្វែង ទោះបីដូរប្រធានាធិបតីថ្មី ក៏ផែនការសន្តិសុខពិភពលោករបស់ អាមេរិក មិនងាយនឹងដូរទេ។ ការបាញ់រ៉ុក្កែតចំនួនជាង៨០គ្រាប់ចូល ប្រទេសស៊ីរី កន្លងមក គឺមិនមែនជាការសម្រេច ចិត្តរបស់ ត្រាំ ដោយផ្អែកលើរបាយការណ៍ ដែលពិតពី CIA នោះទេ។ ពេលបាញ់រួចហើយ ត្រាំ ទើបយល់ការពិត ក៏ឈប់ភ្លាមតាំងពីនោះមក។ ជារួម អំពើឈ្លានពានគេ គឺ ត្រាំ មិនចូលចិត្ត ហើយ ត្រាំ នៅតែបន្តនិយាយ ឌឺដង បន្ទោសពួកប្រជាធិបតេយ្យរឿងឈ្លានពានគេនេះ។ ត្រាំ មិនចូលចិត្តទង្វើប្រធានាធិបតីមុនៗទេ។

– ក្រសួងការបរទេស៖ កន្លងមក នយោបាយការបរទេស អាមេរិក លើរឿងខ្លះ គឺក្រសួងការបរទេស សម្រេចចិត្ត មិនស្របតាមបន្ទាត់នយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទេ។ ពេលឡើងកាន់អំណាចភ្លាម ត្រាំ ចេញគោលការណ៍ ឲ្យដូរឯកអគ្គរដ្ឋទូតរង្វង់៧០នាក់។ ការសំរេចចិត្តនៅមុនដំណាក់កាលផ្លាស់ប្តូរឯកអគ្គរដ្ឋទូត នៅដំណាក់កាលដំបូង គឺមានភាពប្រទាំងប្រទើសខ្លាំងណាស់។ កិច្ចការក្នុងប្រទេសនិងក្រៅប្រទេសខ្លះ គឺកើតចេញពីការសម្រេចចិត្តត្រឹមបុគ្គលទូត និងមន្ត្រីនៅក្រសួងការបរទេសតែម្តង ដែលមិនឆ្លុះបញ្ចាំងជំហររបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ទេ។

– ពួកព្រឹទ្ធសភា និងក្រុមនយោបាយ៖ ពួកនេះមានឥទ្ធិពលលើនយោបាយអាមេរិក ទាំងក្នុងទាំងក្រៅ។ ប៉ុន្តែ ពួកនេះ ក៏ចេះធ្វើនយោបាយសម្តែងបោកប្រាស់តគ្នាដែរ ដើម្បីបានជាប់ឆ្នោត។ សំណួរសាមញ្ញងាយយល់ ហេតុអ្វីបានជាមានព្រឹទ្ធសភាខ្លះយកចិត្តទុកដាក់លើកិច្ចការនយោបាយ នៃក្រុមជនជាតិប្រទេសមួយ និងប្រទេសមួយ? រឿងធំ គឺដើម្បីបានសន្លឹកឆ្នោតពីពួកអ្នករស់នៅតាមមណ្ឌលរបស់ខ្លួន។ ឧទារណ៍ ជនជាតិខ្មែរ-អាមេរិកាំង ដែលរស់នៅក្នុងមណ្ឌលតាមរដ្ឋនីមួយៗជាដើម ក៏ត្រូវគេបោកប្រើយកសន្លឹកឆ្នោតដែរ។ ពួកនេះ មិនមែនស្រឡាញ់និងដើម្បីខ្មែរ-អាមេរិកាំង ដែលនិយាយអង់គ្លេសមិនត្រូវជួរនោះទេ។ ពាក្យប្រជាធិបតេយ្យគេប្រើឲ្យពិរោះ តែរឿងធំ គឺប្រយោជន៍អាមេរិក។

៣- អាមេរិក មាន «ប្រព័ន្ធស៊ុំគ្រលំ» ក្នុងនោះរួមមាន សម្ព័ន្ធមិត្ត, UN, អង្គការអន្តរជាតិមួយចំនួនដែលចាយលុយអាមេរិក អង្គការក្នុងស្រុកដែលចាយលុយអាមេរិក និង«ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស៊ុំគ្រលំ – Cooperated Media» ផងដែរ។ ទូរទស្សន៍ CNN, Aljazeera, កាសែត Washington Post… ជាដើម ពួកនេះ នឹងដើរតួនាទីផ្សព្វផ្សាយជួរមុខ មុនពេលបើកការវាយលុកឈ្លានពានប្រទេសណាមួយ ដោយធ្វើរបាយការណ៍លាបពណ៌ បញ្ជ្រាបទៅមហាជនថា របបនេះខុសអញ្ចេះ ខុស អញ្ចុះ។

យុទ្ធនាការចេញរបាយការណ៍ប្រឆាំងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ និងប្រឆាំងការពង្រីកព្រលានយន្តហោះនៅប្រទេសនីមួយៗជាដើម គឺជាលេសប៉ុណ្ណោះ។ នៅពេលយល់ឃើញថា ទទួលបានជំនឿគ្រប់គ្រាន់ហើយ គឺ អាមេរិក បើកការវាយលុកភ្លាម ដូចករណីប្រទេសអឺរ៉ាក់ និងបណ្តាប្រទេសផ្សេងៗទៀត ដែលអាមេរិកឈ្លានពានរួចហើយ។ ក្រោយពី «ចប់បេសកកម្ម» ពួកអង្គការស៊ុំគ្រលំ និងពួកប្រព័ន្ធផ្សព្វផ្សាយស៊ុំគ្រលំនេះ ក៏ដកថយអស់ សូម្បីតែទុក្ខវេទនារបស់ជនភៀសខ្លួន ក៏មិនខ្ចីនិយាយសូម្បីតែ១ម៉ាត់។

៤- សន្និដ្ឋានសរុប៖ រឿងអាមេរិក គឺងាយយល់។ អ្នកណាដើរជាតួអង្គអ្វី ក៏នៅតែដើម្បីផលប្រយោជន៍អាមេរិក។ បើ បក្សប្រជាធិបតេយ្យ ជាអ្នកវាយលុក ឈ្លានពាន ទន្ទ្រាន គឺនៅពេលគណបក្សសាធារណរដ្ឋ ជាប់ឆ្នោត នោះគេនឹងទៅដកកងទ័ពចេញមកវិញ។ ចំពោះ ជ័យភ័ណ្ឌ ប្រេង សេដ្ឋកិច្ច គឺបានមកអាមេរិកទាំងអស់។ អាមេរិក ស៊ីប្រទេសនៅមជ្ឈឹមបូព៌ាមួយចំនួនអស់ ក៏ងាករកចំណីថ្មី ដូចជានៅ Venezuela នាពេលបច្ចុប្បន្ននេះ។

សិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ជារបស់បិទមុខយក្ខស៊ីមនុស្សក្នុងសម័យថ្មី តែប៉ុណ្ណោះ។ លើសពីនេះ តួនាទី និងភាពឈ្លាសវៃនៃម្ចាស់ប្រទេសនីមួយៗ ដែលត្រូវតែការពារខ្លួនកុំឲ្យក្លាយជាចំណីយក្ខម្តងហើយម្តងទៀត៕

ដោយ៖ អតីតនិស្សិត Fulbright, USA
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩

Facebook Comments