ហេង វាសនា និង ចាន់ សំអាតសង្ឃឹមឈ្នះការប្រកួតខ្សែក្រវាត់

298

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជា២រូបគឺចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង និង ហេង វាសនាក្លិបព្រៃទទឹងកីឡាសង្ឃឹមយកឈ្នះលើអ្នកប្រដាល់ថៃដូចគ្នា ។

ហេង វាសនាដែលមិនសូវជាមានឈ្មោះបោះសម្លេងនោះត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឆាវ វ៉ាលីត(Chhav Vallit) ។អ្នកប្រដាល់ថៃរូបនេះទើបតែមកចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរជាលើកដំបូងនេះទេមិនដឹងថាគេខ្លាំងឬខ្សោយនោះឡើយ ។

វាសនាវិញគេធ្លាប់ប្រជែងដណ្ដើមខ្សែក្រវាត់ញឹកញាប់ណាស់តែគេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់ឡើយ ។គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤២ដង ចាញ់១៣ដង និងស្មើពិន្ទុ៣ដង ។

ចំពោះឆាវ វ៉ាលីតវិញមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៧ដង និងចាញ់១០ដង ។ វាសនាអាចសម្រេចបានលើក្ដីសង្ឃឹមរបស់ខ្លួនឬទេ ?

ចំពោះចាន់ សំអាតវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត កាតាន់យូ(Yorth Katanyou) ។អ្នកប្រដាល់ថៃរូបនេះក៏ទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។

សំអាតមួយរយៈនេះរាល់ការប្រកួតជាមួយអ្នកប្រដាល់ថៃគេពុំសូវជួបសំណាងល្អនោះឡើយ ។ការប្រកួតរបស់គេជួបបរាជ័យញឹកញាប់ហើយស្ថានភាពនៃការប្រកួតក៏បានបង្ហាញថាគេមិនសូវមានកម្លាំងគ្រប់គ្រាន់ដោយសារតែហ្វឹកហាត់មិនគ្រប់គ្រាន់ ។

សំអាតមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៥៦ដង ចាញ់១៣ដងនិងស្មើពិន្ទុ៣ ដង ។ចំពោះយ៉ត កាតាន់យូវិញ គេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥០ដង ចាញ់១០ដង ។ចាន់ សំងាតដែលសង្ឃឹមឈ្នះលើគូប្រកួតនោះតើគេអាច
ធ្វើបានសម្រេចឬទេ ?