ខ្លាចាស់ហេង សំរាំងលេចមុខមកសាកកណ្ដាប់ដៃជាមួយអ៊ីរ៉ង់

260

ភ្នំពេញ: អ្នកប្រដាល់ជើងចាស់ហេងសំរាំងក្លិបព្រៃទទឹងកីឡាដែលឡើងទម្ងនដល់ទៅ៧១គីឡូក្រាមទៅហើយនោះបានត្រឡប់មកកាន់សង្វៀនប្រកួតវិញដោយជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ម៉ារទីន(Martin)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៦មករា ។

អតីតកាលរបស់សំរាំងគេជាជើងខ្លាំងមួយរូបដែរទោះបីគេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់ពីការប្រកួតនានាក៏ពិតមែនតែគេជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ។តាំងពីជំនាន់អេភូថងនៅប្រកួតម្ល៉េះ ។សម្រាប់ពេលនេះមិនដឹងថា អ្នកប្រដាល់រូបនេះនៅវ៉ៃបានល្អឬយ៉ាងណានោះឡើយ ។សំរាំងមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧០ដង ចាញ់២៨ដង និងស្មើពិន្ទុ៤ ដង ។

ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ម៉ារ ទីនវិញនោះនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថាគេខ្លាំងឬខ្សោយនោះឡើយតែអ្នកប្រដាល់អ៊ីរ៉ង់ភាគច្រើនគឺខ្លាំងកណ្ដាប់ដៃ និង កម្លាំង ។អ្នកប្រដាល់អ៊ីរ៉ង់រូបនេះគេហ្វឹកហាត់ក្នុងក្លិបមួយនាប្រទេសថៃ ។

គេមានប្រវត្តិប្រកួតចំនួន២១ដង ឈ្នះ១៧ដង ចាញ់៤ដង ។ចាំមើលជំនួបមួយនេះជ័យជំនះបានទៅហេង សំរាំង ឬបានទៅអ្នកប្រដាល់អ៊ីរ៉ង់ម៉ារទីន ?

រិទ្ធ ភូលូក្លិបអាណាចក្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃលូម លេង(Loom Leng) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

លូម លេងជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ឲ្យសន្លប់ ។ជាមួយនឹងស្នៀតជើងដ៏អស្ចារ្យនោះកណ្ដាប់ដៃ កែង និង ជង្គង់របស់គេក៏មិនអាចមើលស្រាលបានដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។

រិទ្ធ ភូលូជាអ្នកប្រដាល់ដែលទើបតែលេចមុខមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ជាលើកដំបូង ។ទំនងជាមិនខ្សោយឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយលូម លេងបែបនេះ ។ភូលូមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៣៨ដងចាញ់១២ដង និងស្មើពិន្ទុ៤ដង ។ រិទ្ធ ភូលូអាចយកឈ្នះលូម លេងបានឬទេ ?